ពស់ថ្លាន់៨៥ក្បាល ដែលប្រមូលបានពីពលរដ្ឋ ត្រូវបានលែងចូលព្រៃវិញ

16/10/2021 5:00 pm ភ្នំពេញ


ដោយ: ស៊ុល រ៉វី

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រែភ្នំតាម៉ៅ នៅថ្ងៃទី១៤ ខែតុលា បានលែងពស់ថ្លាន់ចំនួន៨៥ក្បាល ឱ្យទៅរស់នៅបែបធម្មជាតិវិញ ក្នុងតំបន់អភិរក្សជលផលផាត់សណ្ដាយ ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។



ពស់ថ្លាន់៨៥ក្បាល ដែលភាគច្រើនមានទម្ងន់ចន្លោះពី១៥ ទៅ ២០គីឡូក្រាមនោះ ត្រូវបានពលរដ្ឋចាប់បាន ហើយប្រគល់ទៅរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងពលរដ្ឋខ្លះយកមកប្រគល់ផ្ទាល់នៅសួនសត្វ។ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកសង្ក្រោះសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ថា ពស់ថ្លាន់ ត្រូវបានរក្សាទុកក្នុងសួនសត្វ រយៈពេល ១៥ទៅ ៣០ថ្ងៃ មុនពេលលែងឱ្យរស់នៅបែបធម្មជាតិ។ បើតាមលោក ទ្រី ស៊ីថេង ការរក្សាទុកនេះ គឺដើម្បីពិនិត្យ តាមដានសុខភាព និងផ្ដល់ចំណីគ្រាប់គ្រាន់ មុនដោះលែង។
 
ជុំវិញការដោះលែងនេះ លោក ស៊ីថេង បន្ថែមថា ជារៀងរាល់ខែពស់ថ្លាន់ប្រមាណ ៥០ក្បាល ទៅ៨០ក្បាល ត្រូវបានប្រមូល និងដោះលែង ឱ្យរស់នៅក្នុងបែបធម្មជាតិវិញ។ លោកបន្ថែមដូច្នេះ៖ «ពស់ថ្លាន់ដែលពលរដ្ឋចាប់បាននេះ ដោយសារតែ វាជារដូវទឹកឡើងដូច្នេះ វាត្រូវស្វែងរកចំណី និងទីជម្រក»។ 
 
ជាមួយគ្នានេះ លោក ទ្រី ស៊ីថេង ក៏អំពាវនាវឱ្យពលរដ្ឋ បញ្ឈប់សកម្មភាពប្រមាញ់ បរិភោគ និងជួញដូរសត្វព្រៃ ដើម្បីថែរក្សា និងអភិរក្សសត្វព្រៃនៅកម្ពុជា ។ លោក ក៏ស្នើពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការរាយការណ៍ករណីប្រមាញ់ ឬជួញដូរសត្វព្រៃ។ ម្យ៉ាងពលរដ្ឋក៏អាចនាំសត្វព្រៃ ដែលខ្លួនចាប់បាន មកប្រគល់ជូន សួនសត្វភ្នំតាម៉ៅដោយផ្ទាល់ផងដែរ៕

ព័ត៌មានទាក់ទង