មន្ទីរ​កសិកម្ម​ឧ​ត្ត​រ​មានជ័យ ចែក​ពូជ​ត្រី កង្កែប និង​មាន់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ចំណាកស្រុក​៩០០​គ្រួសារ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​

13/10/2021 5:30 pm ឧត្តរមានជ័យ

​ដោយ​៖ ញឹក ស្រីល័ក្ខ 

​ភ្នំពេញ​៖ ពលរដ្ឋ​ក្រីក្រ និង​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចំនួន ៩០០​គ្រួសារ នឹង​ទទួលបាន​ពូជ​ត្រី កង្កែប មាន់ រួមទាំង​សម្ភារ​កសិកម្ម​ពី​គម្រោង​របស់​អង្គការ GIZ តាមរយៈ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ បើតាម​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពលរដ្ឋ ៣០០​គ្រួសារ នឹង​ទទួលបាន​ពូជ​កង្កែប​, ៣០០​គ្រួសារ​ទទួលបាន​ពូជ​ត្រី​អណ្ដែង និង​៣០០​គ្រួសារ​ទៀត ទទួលបាន​សត្វ​មាន់ ដើម្បី​យកទៅ​ចិញ្ចឹម​។​



​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅតែ​បន្ត​រីក​រាលដាល​នៅតាម​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​ជួប​បញ្ហា​ប្រឈម​។ ដោយ​មើលឃើញ​ផល​លំបាក​របស់​ពលរដ្ឋ អង្គការ GIZ របស់​អាល្លឺម៉ង់ តាមរយៈ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានផ្ដល់​ពូជ​ត្រី កង្កែប មាន់ រួមទាំង​សម្ភារ​កសិកម្ម​ដល់​ពល​រដ្ឋ​ក្រីក្រ និង​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចំនួន ៩០០​គ្រួសារ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ Thmey Thmey 25 ថា ការផ្ដល់​ពូជ​ត្រី កង្កែប និង​មាន់​ដល់​ពលរដ្ឋ​នេះ ក្នុង​គោលបំណង​ស្ដារ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​ក្នុង​បរិបទ​កូ​វីដ​-១៩​។ បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ គម្រោង​របស់​អង្គការ GIZ អាល្លឺម៉ង់ មាន​រយៈពេល​៤​ខែ ចាប់ពី​ខែមិថុនា​ដល់​ខែតុលា ដោយ​បច្ចុប្បន្ន​ចែក​ដល់​ពលរដ្ឋ ៦០០​គ្រួសារ​ហើយ​។​


រូបភាពពី​ហ្វេសប៊ុក​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្ត​ឧត្តរមានជ័យ 

ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​បច្ចុប្បន្ន មន្ទីរ​កសិកម្ម បាន​ចែក​ដល់​ពលរដ្ឋ ៦០០​គ្រួសារ​ហើយ​។ ដោយ​ក្រុម​ចិញ្ចឹម​កង្កែប ទទួលបាន​កង្កែប ២៥០​ក្បាល​ក្នុង​មួយ​គ្រួសារ និង​ក្រុម​ចិញ្ចឹម​ត្រី​អណ្ដែង ទទួល​បានកូន​ត្រី ៤៥០​ក្បាល ក្នុង​មួយ​គ្រួសារ​»​។​

​ដោយឡែក សម្រាប់​ពូជ​មាន់​វិញ មន្ទីរ​កសិកម្ម​មិនទាន់បាន​ចែកជូន​ដល់​ពលរដ្ឋ​នោះទេ ដោយ​រង់ចាំ​មាន់​ទាំងនោះ ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​សិន​។ លោក ស៊ី​សុខ​ឃាង បន្តថា ពូជ​មាន់​ទាំងនេះ នឹង​អាច​ចែក​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែតុលា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​មាន់​ចំនួន ១២​ក្បាល​។​


រូបភាពពី​ហ្វេសប៊ុក​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្ត​ឧត្តរមានជ័យ 

​ក្នុង​រយៈពេល​ជិត​៤​ខែ​នៃ​គម្រោង​នេះ មាន​ពលរដ្ឋ​មួយចំនួន អាច​ប្រមូល​ផល​កង្កែប និង​ត្រី​អណ្ដែង​របស់ខ្លួន​ជា​បណ្ដើរៗ​ហើយ​។ ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បញ្ជាក់ថា​៖ «​មកដល់ពេលនេះ ពលរដ្ឋ​ខ្លះ អាច​ប្រមូល​ផល​កង្កែប និង​ត្រី សម្រាប់​បរិភោគ និង​លក់​។ កង្កែប ពួកគាត់​ចិញ្ចឹម​តែមួយ​ខែ​បាន​ផល ហើយ​ត្រី​អណ្ដែង​វិញ ចំណាយពេល​តែ​ពីរ​ខែ​ទេ​។ នេះ​ជាការ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​សម្រាប់​ជា​ស្បៀង និង​លក់​ក្នុង​មូលដ្ឋាន​»​។ 

​ក្រៅពី​ផ្ដល់​ពូជ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ចិញ្ចឹម មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​ផ្ដល់នូវ​សម្ភារ​មួយចំនួន​រួមមាន តង់ និង​ចំណី​។ លើសពីនេះ ពលរដ្ឋ​ក្រីក្រ និង​ចំណាកស្រុក​ទាំងនោះ ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ចិញ្ចឹម និង​ថែទាំ​ពី​មន្ត្រី​ជំនាញ​ផងដែរ​។ ក្រោយពី​គម្រោង​នេះ​បញ្ចប់ លោក សូត្រ ស៊ី​សុខ​ឃាង សង្ឃឹមថា ពលរដ្ឋ​ទាំងអស់ អាច​បន្ត​ការចិញ្ចឹម ដោយ​បច្ចុប្បន្ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទីតាំង​លក់​ពូជ​ត្រី និង​កង្កែប ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​កសិក​រ​មិន​លំបាក​លើ​បញ្ហា​ខ្វះ​ពូជ​យកមក​ចិញ្ចឹម​។ 


រូបភាពពី​ហ្វេសប៊ុក​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្ត​ឧត្តរមានជ័យ 

​សូមបញ្ជាក់ថា ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ អង្គការ GIZ បានផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចំនួន ១៤០​នាក់​ឱ្យ​សម្អាត​ផ្នែក​ខាងក្រោម​នៃ​សហគមន៍​ព្រៃឈើ​ចំនួន ៤​ទីតាំង ដើម្បី​ជា​គោលដៅ​ទេសចរណ៍​។ នៅតាម​សហគមន៍​នីមួយៗ ពលរដ្ឋ​ទាំងនោះ ត្រូវ​ចំណាយ​ចំនួន ២០​ថ្ងៃ​សម្រាប់​ស្អាត ដោយ​ក្នុង​១​ថ្ងៃ ម្នាក់ៗ​ទទួលបាន​ថវិកា ៣​ម៉ឺន​រៀល និង​ផ្តល់ជូន​ពូជ​មាន់ ត្រី​អណ្តែង និង​កង្កែប សម្រាប់​ចិញ្ចឹម​ហូប​និង​ផ្គត់ផ្គង់​ជីវភាព​ផងដែរ​។ 

ព័ត៌មានទាក់ទង