ចកវ៉កភ្នំក្រវ៉ាញ ជាប្រភេទសត្វកម្រមាននៅតែកម្ពុជា

13/10/2021 4:30 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ចកវ៉កកម្ពុជា ជាប្រភេទសត្វកម្រមួយដែលរស់នៅតាមតំបន់ជួរភ្នំក្រវ៉ាញ។ សត្វស្លាបប្រភេទនេះមានវត្តមាននៅតំបន់ភ្នំ រយៈកម្ពស់ខ្ពស់ចាប់ពី៧០០ម៉ែត្រឡើងទៅ។ ភាគច្រើន ពួកវាបង្ហាញខ្លួននៅតាមតំបន់ជួរភ្នំក្រវាញដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។



លោក ឈិន សុភា ប្រធានការិយាល័យសិក្សាស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៃក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ចកវ៉កកម្ពុជា ជាសត្វមួយប្រភេទកម្រ និងមានតែនៅតាមតំបន់ជួរភ្នំក្រវ៉ាញនៅក្នុងដែនដីប្រទេសកម្ពុជា ក្រៅពីនេះនៅលើពិភពលោកមិនមានសត្វប្រភេទនេះទេ។ 

លោក ឈិន សុភា អះអាងដូច្នេះ៖ «ចកវ៉កភ្នំក្រវ៉ាញ ជាសត្វកម្រសត្វនេះរស់នៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងកម្ពុជា។ វាជាសត្វប្រភេទកម្រមែនទែន ដោយសារតែទីតាំងរបស់វា តែនៅតំបន់ជួរភ្នំក្រវ៉ាញកម្ពុជា។ ថ្វីត្បិតថាភ្នំនេះនៅជាប់ដីថៃ ប៉ុន្តែគេក៏មិនមានសត្វប្រភេទនេះដែរ»។

ប្រធានការិយាល័យសិក្សាស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី របស់ក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ចំពោះសត្វចកវ៉កនៅក្នុងប្រទេសកម្ពុជាមានសរុបចំនួនប្រាំប្រភេទរួមមាន ចកវ៉កភ្នំក្រវ៉ាញ ឬចកវ៉កកម្ពុជា ចកវ៉កកំប៉ោយស ចកវ៉កវ័ណ្ឌទ្រូងខ្មៅ ចកវ៉កបំពងកខ្មៅ និងចកវ៉កត្រចៀកស ហើយសត្វទាំងនេះរស់នៅទីតាំងខុសៗពីគ្នា។

«វារកចំណីនៅលើដីតាមធម្មតា ដូចជាចកវ៉កដទៃទៀតដែរ ប៉ុន្ដែចកវ៉កកម្ពុជានេះរកឃើញនៅរយៈកម្ពស់ខ្ពស់ចាប់ពី៧រយម៉ែត្រឡើងទៅ»។ នេះជាការពន្យល់ពីលោក ឈិន សុភា។ 
បច្ចុប្បន្នប្រភេទសត្វចកវ៉កកម្ពុជាមាននៅតាមតំបន់ភ្នំ ដែលមានរយៈកម្ពស់ខ្ពស់ៗ មិនទាន់រងការគំរាមនៅឡើយទេ។ ប្រសិនបើថ្ងៃក្រោយមានករណីបៀតបៀន វាក៏អាចមានផលប៉ះពាល់ដែរ។ បច្ចុប្បន្ន សត្វប្រភេទនេះ មិនមែនជាគោលដៅសម្រាប់ការបរបាញ់របស់ព្រានទេ។ 

ទន្ទឹមនេះ លោក ឈិន សុភា ចំណូមពរប្រជាជនកម្ពុជាចូលរួមការពារជីវៈចម្រុះ និងថែរក្សាធនធានដែលមាននៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះ សត្វស្លាបជាង៦រយប្រភេទ ដែលរូបរាងស្អាតៗ ពិតជាមានតម្លៃសម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយជួយទាក់ទាញទេសចរណ៍ឱ្យមកទស្សនាផងដែរ៕
 
 
 
 

 

ព័ត៌មានទាក់ទង