«ភូមិឋានកេងកង» ទីទេសចរណ៍ដ៏ទាក់ទាញក្នុងស្រុកថ្មបាំង

15/12/2021 2:00 pm កោះកុង


ដោយ៖ ជឿន ស្រីណយ

ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ភូមិឋានកេងកង ជាទីតាំងទេសចរណ៍មួយ ដែលអាចឱ្យទេសចរសម្រាកលម្ហែជាមួយធម្មជាតិបៃតង។ ទេសចរអាចបោះតង់ តាមដងអូរ ដែលមានទឹកហូរពី ស្ទឹងតាតៃ ខួបប្រាំងខួបវស្សា។



ភូមិឋានកេងកង ជាទីសាកសមសម្រាប់ទេសចរ ដែលចូលចិត្តសម្រាកបែបស្ងប់ស្ងាត់​ ជាមួយធម្មជាតិ។ ទីតាំងទេសចរណ៍នេះ មានវាលស្មៅខៀវខ្ចី ក្បែរដងអូរ ដែលទេសចរ អាចបោះតង់សម្រាកលម្ហែបាន។

បន្ថែមពីនេះ ទេសចរក៏អាចគយគន់សម្រស់ធម្មជាតិនៃដងភ្នំផងដែរ។
បើតាម កញ្ញា សែ សម្ផស្ស អ្នកសម្របសម្រួលនៅភូមិឋានកេងកង ទេសចរដែលចង់ទៅកម្សាន្ត នៅភូមិឋានកេងកង​ អាចជួលកន្លែងសម្រាប់បោះតង់បាន។ ប៉ុន្តែក្នុងភូមិនេះមិនទាន់មានសេវាកម្មជួលតង់ ឬកន្លែងស្នាក់នៅនោះទេ។ ដូច្នេះទេសចរ ត្រូវយកតង់ទៅដោយខ្លួនឯង។



«បច្ចុប្បន្នយើងមានតែកន្លែងសម្រាប់ជួលបោះតង់ប៉ុណ្ណោះ ដោយយើងគិតម្នាក់១០ដុល្លារសម្រាប់មនុស្សធំ ប៉ុន្តែបើក្រោម១២ឆ្នាំ មិនគិតលុយទេ។ នាពេលអនាគត យើងនឹងប្រែក្លាយតំបន់នេះជារីសត ព្រោះក្នុងស្រុកថ្មបាំង មានសក្តានុពលច្រើន តែមិនសូវការអភិវឌ្ឍជាកន្លែងកម្សាន្តនៅឡើយ»។ នេះជាការលើកឡើងរបស់ កញ្ញា សែ សម្ផស្ស ដោយបន្តថា​ការបង្កើតកន្លែងកម្សាន្តនេះ នឹងមិនកែច្នៃច្រើននោះទេ គឺរក្សាធម្មជាតិនៅដដែល និងបន្ថែមសេវាកម្ម។



ភូមិឋានកេងកង ទទួលបានគាំទ្រច្រើនពីភ្ញៀវទេសចរ ព្រោះបច្ចុប្បន្នទេសចរជាតិ មាននិន្នាការដើរកម្សាន្តនៅតំបន់ធម្មជាតិ ។ ម្យ៉ាងការទៅកម្សាន្តនៅភូមិឋានកេងកង ទេសចរមិនចាំបាច់ចំណាយកម្លាំងច្រើនសម្រាប់ការធ្វើដំណើរនោះទេ។ ពោលទេសចរអាចធ្វើដំណើរដោយម៉ូតូ ឬរថយន្តទៅដល់ទីតាំងតែម្ដង។

ក្រៅពីការកម្សាន្តនៅ ភូមិឋានកេងកង ទេសចរក៏អាចចូលទិញផ្លែឈើហូបផ្លែ ដូចជាផ្លែប័រ ទុរេន សាវម៉ាវ និងបន្លែធម្មជាតិជាច្រើនទៀតរបស់កសិករក្នុងតំបន់នោះផងដែរ៕

 

ព័ត៌មានទាក់ទង