ទោះខាតរាល់ខែ លោក ព្រំ សុវ៉ាន់ តស៊ូដំណើរការហាងកាហ្វេ ក្នុងវិបត្តិកូវីដ-១៩

12/10/2021 3:00 pm ភ្នំពេញ

ដោយ៖ លីវ លីម៉ឺង

ភ្នំពេញ៖ ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា បានធ្វើឱ្យអាជីវកម្មតូច-ធំមួយចំនួនត្រូវបិទទ្វារជាបន្តបន្ទាប់។ តែទន្ទឹមនឹងមានអាជីវកម្មនានាត្រូវបានបិទទ្វារ ក៏មានអាជីវកម្មថ្មីជាច្រើន បានលេចរូបរាងឡើងផងដែរ។ ក្នុងនោះ យុវជន ព្រំ សុវ៉ាន់ បានសម្រេចចិត្តបង្កើតហាងកាហ្វេមួយឡើង នាអំឡុងពេលវិបត្តិកូវីដ-១៩ ទៅតាមជំនាញ និងក្តីស្រលាញ់របស់ខ្លួន។



ដើម្បីជ្រាបច្បាស់សូមលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 


«កេរិ៍្តកាហ្វេ» ជាហាងរបស់យុវជន ព្រំ សុវ៉ាន់ ដែលទើបបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២១ នាអំឡុងពេលកម្ពុជា កំពុងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  ក្រោយដំណើរការអាជីវកម្មបានប្រមាណ២សប្តាហ៍ ចំនួននៃការលក់កាហ្វេនេះ គឺបានធា្លក់ពីជាង១០០កែវ មកនៅត្រឹមពី២០ ទៅ៣០កែវប៉ុណ្ណោះ ក្នុង១ថ្ងៃ រហូតទល់បច្ចុប្បន្ន។ 
 
បើទោះបីជាការលក់កាហ្វេធ្លាក់ចុះខ្លាំងក៏ពិតមែនក្តី ក៏ប៉ុន្តែ សុវ៉ាន់ នៅតែបន្តក្នុងការប្រកបមុខរបរនេះទៅតាមចំណេះជំនាញរបស់ខ្លួនជាមួយនឹងក្តីស្រលាញ់។ យុវជនរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey ថា៖«ប្រសិនកូវីដ-១៩នៅតែអូសបន្លាយពេលយូរទៀត យើងអាចបោះបង់ហាងនេះ ហើយក្រុមយើងនឹងបង្កើតតូបកាហ្វេតូចៗនៅទីតាំងផ្សេងៗពីគ្នា នៅជុំវិញរាជធានីភ្នំពេញ ដោយយើងមិនចាំបាច់ចំណាយច្រើនទៅលើការជួលទីតាំងរហាងដែលយើងកំពុងឈរជើងសព្វថ្ងៃនេះ»។ 
 
មែនទែនទៅ កេរិ៍្តកាហ្វេរបស់យុវជន ព្រំ សុវ៉ាន់ ដែលទើបដំណើរការបានប្រមាណកន្លះឆ្នាំមកនេះ គឺមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។ ថ្វីដ្បិតថា ហាងកាហ្វេមិនទាន់ផ្តល់ប្រាក់ចំណេញឱ្យខ្លួនក៏ពិតមែន ប៉ុន្តែ សុវ៉ាន់ រួមជាមួយមិត្តភក្តិ នៅតែតស៊ូក្នុងការរកចំណូលពីប្រភពផ្សេងៗ ដើម្បីទ្រទ្រង់ហាងកេរិ៍្តកាហ្វេនេះ ឱ្យឆ្លងផុតពីវិបត្តិកូវីដ-១៩។  សុវ៉ាន់ បាននិយាយដូច្នេះថា៖ «តាមពិតទៅសម័យកូវីដ-១៩នេះ បើយើងនិយាយពីចំណូលឱ្យចំណេញ គឺវាអត់ទាន់អាចឱ្យចំណេញបានទេ ប៉ុន្តែដើម្បីទប់ទល់ហាងបាន ពួកខ្ញុំបានកាត់បន្ថយបុគ្គលិក និងបែងចែកគ្នាទៅធ្វើការនៅកន្លែងផ្សេងៗ ទៅតាមជំនាញរៀងៗខ្លួន ដើម្បីបានចំណូលនោះ មកទប់ទល់ការចំណាយរបស់ហាងយើងនេះ»។
 
ក្រោយពីស្ថានភាពជំងឺកូវីដ-១៩បានស្ងប់ស្ងាត់ទៅវិញ សុវ៉ាន់ សង្ឃឹមថា នឹងមានអតិថិជនជាច្រើន បានទទួលរសជាតិកាហ្វេដ៏ឆា្ងញ់ និងប្លែក ដែលស្នាដៃរបស់ខ្លួនផ្ទាល់៕ 
 

ព័ត៌មានទាក់ទង