ចុងភៅ រស់ រតនៈ សង្វាតផលិតវីដេអូម្ហូប ដើម្បីគាស់កកាយមុខម្ហូបខ្មែរឱ្យបរទេសបានស្គាល់

12/10/2021 12:30 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកស្រី រស់ រតនៈ ដែលមហាជនភាគច្រើនតែងស្គាល់ថាជា Chef Nak បានចំណាយពេលជាងបួនឆ្នាំ ដើម្បីផលិតវីដេអូមុខម្ហូបខ្មែរ។ រហូតមកដល់បច្ចុប្បន្ន ចុងភៅស្រ្តីរូបនេះ ផលិតបានវីដេអូជាង១០០ហើយ ដែលបង្ហោះចែកចាយលើបណ្ដាញសង្គម។ ក្នុងបេសកកម្មជំរុញលើកកម្ពស់មុខម្ហូបខ្មែរ អ្នកស្រី រតនៈ សុខចិត្តឃ្លាតឆ្ងាយពីកូន និងស្វាមីជាទីស្រឡាញ់ ដោយធ្វើការជាមួយក្រុមការងារនៅតាមបណ្ដាខេត្ត។ បើតាមអ្នកស្រី រតនៈ រាល់វីដេអូដែលបានផលិត ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើមុខម្ហូបខ្មែរថ្មីប្លែកតាមតំបន់ដែលមានសក្តានុពល ដើម្បីគាស់កកាយនូវមរតកមុខម្ហូបខ្មែរឱ្យបរទេសបានស្គាល់។

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី រស់ រតនៈ ដូចតទៅ៖
 
 
«ចុងភៅស្រ្តី ដើម្បីការលើកកម្ពស់មុខម្ហូបខ្មែរ»

«ចុងភៅស្រ្តី ដើម្បីការលើកកម្ពស់មុខម្ហូបខ្មែរ» ===== អ្នកស្រី រស់ រតនៈ ដែលត្រូវបានគេស្គាល់តាមឈ្មោះចុងភៅ ណាក់ ស្ថាបនិកគេហទំព័រ Chef Nak បានខ្នះខ្នែងលើកកម្ពស់មុខម្ហូបខ្មែរ តាមរយៈការចងក្រងសៀវភៅដែលមានមុខម្ហូប និងបង្អែមខ្មែរ ប្រមាណ៨០មុខ។ ក្រោយបញ្ចប់ការចងក្រងសៀវភៅនេះ ចុងភៅណាក់ បានបន្តបេសកម្មរបស់ខ្លួន ដោយបានផលិតវីដេអូដែលទាក់ទងនឹងមុខម្ហូបខ្មែរជាច្រើន ព្រោះចង់ផ្សព្វផ្សាយ បង្ហាញពីរបៀប និងប្រពៃណីធ្វើម្ហូបខ្មែរទៅកាន់ពិភពលោក។ តើទម្រាំផលិតវីដេអូទាំងនេះបាន អ្នកស្រី រតនៈ ត្រូវត្រៀមខ្លួន និងជំនះឧបសគ្គបែបណាខ្លះ? «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ អ្នកស្រី រស់ រតនៈ ស្ថាបនិកគេហទំព័រ Chef Nak មកធ្វើជាវាគ្មិន ពិភាក្សាលើប្រធានបទខាងលើនេះ។ សូមលោកអ្នកនាង ចូលរួមទស្សនានូវបទសម្ភាស រវាង អ្នកស្រី រស់ រតនៈ ជាមួយកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី៖ គំនិតថ្មី

Posted by Thmey Thmey on Thursday, July 8, 2021


វិស័យចំណីអាហារនៅតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំពេញនូវសេចក្តីត្រូវការសម្រាប់មនុស្សជាតិពិសេសក្នុងស្ថានភាពវិបត្តិកូវីដ-១៩នេះ។ ទន្ទឹមនឹងនេះ មុខម្ហូបខ្មែរ គឺជាទីពេញនិយមសម្រាប់ប្រជាជន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ។ 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» អ្នកស្រី រស់ រតនៈ ឬ Chef Nak បានចំណាយពេលជាងបួនឆ្នាំ ដើម្បីស្រាវជ្រាវប្រមូលចងក្រងនូវសៀវភៅមុខម្ហូបខ្មែរមួយមានឈ្មោះថា «ញ៉ាំ» និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីផលិតវីដេអូ បង្ហាញពីមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរទៅកាន់មហាជន។ តាមរយៈការស្រាវជ្រាវ និងផលិតវីដេអូពីម្ហូប ចុងភៅស្រ្តីរូបនេះ មានបំណងចង់ផ្សព្វផ្សាយនូវគុណតម្លៃនៃមុខម្ហូបខ្មែរឱ្យពិភពលោកបានស្គាល់ និងឱ្យយុវជនជំនាន់ក្រោយបានដឹង និងយល់កាន់តែច្បាស់។



កម្រងវីដេអូមុខម្ហូបខ្មែរដែលចុងភៅស្រ្តីរូបនេះ និងក្រុមការងារផលិត មានជាង ១០០ វីដេអូហើយ ដែលចូលរួមអភិរក្សនូវមរតកមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរនៅតាមតំបន់។ អ្នកស្រី បញ្ជាក់ដូច្នេះ៖ «ការចំណាយកម្លាំងកាយ ចិត្ត និងថវិកា ធ្វើការងារទាំងនេះ ព្រោះចង់ចូលអភិរក្ស អភិវឌ្ឍ លើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ តែក៏ចង់ឱ្យប្រជាជនក្នុងស្រុកមានការគាំទ្រ និងទទួលស្គាល់នូវអ្វីដែលពួកគាត់ខិតខំដូចគ្នាដែរ។ ហើយគ្រប់វីដេអូទាំងអស់ ខ្ញុំបានយកក្តីស្រឡាញ់ដែលមាន ទេសភាពប្លែកៗ និងសក្តានុពលក្នុងតំបន់ទាំងនោះ បង្កើតជាផ្ទាំងទស្សនីយភាពដល់អ្នកទស្សនាឱ្យជក់ចិត្ត»។ 

ក្រៅពីដាក់បេះដូងមកធ្វើការទាំងនេះ កត្តាចំបាច់ពីរយ៉ាងរុញច្រានឱ្យចុងភៅ រស់ រតនៈ អាចដំណើរការផលិតវីដេអូមុខម្ហូបខ្មែរ ដែលមានគាំទ្រច្រើនពីទស្សនិកជន។ បើតាមអ្នកស្រី រតនៈ កត្តាពីរយ៉ាងនោះគឺ ក្រុមការងារដែលមើលឃើញនូវទស្សនវិស័យដូចគ្នា ដើម្បីមុខម្ហូបខ្មែរ ដោយមិនរំពឹងលើចំណូល ពោលគឺពេញចិត្តសហការដោយស្ម័គ្រចិត្ត និងងាយស្រួលក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ កត្តាមួយទៀត គឺក្រុមគ្រួសារដ៏កក់ក្តៅ ដែលគាំទ្រផ្តល់កម្លាំងចិត្ត និងផ្តល់នូវគុណតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់នៅតាមបណ្ដាខេត្តរបស់អ្នកស្រី។



ទម្រាំចេញជារូបភាពវីដេអូនីមួយៗ ចុងភៅស្រ្តីរូបនេះ ត្រូវឆ្លងកាត់ដំណាក់កាល និងធាតុផ្សំជាច្រើន ដោយគិតគូរខ្លាំងទៅលើមាតិកា, រសជាតិនៃសាច់រឿង, ទីតាំងមានសក្តានុពលសាកសម និងចាស់ទុំដែលអាចផ្តល់ចម្លើយពេញលេញ ក្នុងការផ្តល់នូវចំណេះដឹងថ្មីៗ បទពិសោធន៍សម្រាប់អ្នកទស្សនា។ ជាមួយគ្នានេះ ក្នុងវិបត្តិកូវីដ-១៩នេះ ទាមទារឱ្យអ្នកស្រីបត់បែនខ្លាំង ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ និងឆ្លៀតរកចំណូលបន្ថែម ដើម្បីបន្តដំណើរបេសកកម្មលើកកម្ពស់មុខម្ហូបខ្មែរទៅកាន់ពិភពលោក។

បើទោះបីជាមិនទាន់មានប្រភពចំណូលច្រើន ក្នុងការយកមកចំណាយលើកិច្ចការងារ ប៉ុន្តែអ្នកស្រី សង្ឃឹមក្នុងចិត្តថា នឹងមានម្ចាស់ក្រុមហ៊ុនក្នុងស្រុកមួយចំនួន សហការចាប់ដៃគូជាមិនខាន៕




 
 
 
 
 
 
 
 
 
 
 
 


 

ព័ត៌មានទាក់ទង