ទេសចរដើរកម្សាន្តពេលភ្ជុំបិណ្ឌ ផ្ដល់សញ្ញាវិជ្ជមាន ដល់ការបើកទេសចរណ៍វ៉ាក់សាំង

12/10/2021 10:00 am ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ ទេសចរប្រមាណជាង៩០ម៉ឺននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ និងចុងសប្តាហ៍ទី២នៃខែតុលា ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ការដើរកម្សាន្តរបស់ទេសចរក្នុងស្រុក មិនត្រឹមតែជួយ ដល់សេដ្ឋកិច្ចអាជីវករ តែជាសញ្ញាវិជ្ជមានដល់ការបើកទេសចរណ៍វ៉ាក់សាំង។



បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ស្ដីពីស្ថិតិភ្ញៀវទេសចរ ក្នុងពេលឈប់សម្រាកពិធីបុណ្យ ភ្ជុំបិណ្ឌ និងចុងសប្តាហ៍ទី២ខែតុលា ចាប់ពីថ្ងៃទី៤-១០តុលា ភ្ញៀវទេសចរចំនួន ៩១១ ១៤៧ នាក់ បានធ្វើដំណើរតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ ខេត្តចំនួន ៣ ដែលស្រូបទាញ ទេសចរច្រើនជាងគេ រួមមាន ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសាទរចំពោះសកម្មភាព ទេសចរណ៍របស់ភ្ញៀវក្នុងស្រុក ក្នុងពេលឈប់សម្រាកកន្លងទៅ។ លោកស្រីលើកឡើងថា ការដើរកម្សាន្តនេះ បានបង្ហាញពីការរៀនរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយវិបត្តិកូវីដ-១៩ ដែលអាចធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកងើបឡើងវិញ។ ជាពិសេស ការដើរលេងរបស់ទេសចរជាតិ បានផ្ដល់ឱកាសការងារដល់បុគ្គលិក ក្នុងវិស័យនេះ ។


បន្ថែមពីនេះ និន្នាការដើរកម្សាន្តរបស់ទេសចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក៏បានផ្ដល់សញ្ញាវិជ្ជមាន ដល់ការបើកទេសចរណ៍វ៉ាក់សាំង។ លោកស្រីបន្តដូច្នេះថា៖ «ហេតុអ្វីបានខ្ញុំនិយាយថា ជួយដល់ការបើក ទេសចរណ៍ឡើងវិញ ព្រោះកាលណាបើកដំបូងអាជីវករត្រូវការដើមទុន សម្រាប់ការរៀបចំបើកឡើងវិញ ហើយគាត់ក៏ត្រូវ ហៅបុគ្គលិកមកវិញ។ អ៊ីចឹង ការទទួលទេសចរក្នុងស្រុកនេះ គឺយើងបានហៅបុគ្គលិក មកវិញបណ្ដើរៗ។ ពួកគាត់មានឱកាសក្នុងការហ្វឹកហាត់ បម្រើសេវាកម្មឡើងវិញ ព្រោះកន្លងមកពួកគាត់ មួយចំនួនបានចាកឆ្ងាយពីវិជ្ជាជីវៈ »។

កន្លងមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា ដើម្បីបើក ទេសចរណ៍វ៉ាក់សាំងបាន គឺត្រូវពឹងផ្នែកលើកត្តាសំខាន់ៗពីរ។ ទីមួយ គឺកត្តាខាងក្រៅ សម្ដៅទៅលើកត្តា ចិត្តសាស្ត្រ ដែលជាការសម្រេចចិត្តរបស់ទេសចរសម្រាប់ការដើរកម្សាន្ត។ ចំណែកកត្តាទីពីរ គឺកត្តាខាងក្នុង គឺសំដៅដល់ការត្រៀមខ្លួនរបស់អាជីវករ ក្នុងស្រុក តាមគន្លងប្រក្រតីថ្មី គឺការអនុវត្តវិធានសុវត្ថិភាព។

សូមជម្រាបដែរថា កាលពីថ្ងៃទី១៧កញ្ញា ក្នុងពិធីចាក់វ៉ាក់សាំងឱ្យកុមារពីអាយុ៦ដល់១២ឆ្នាំ សម្ដេច ហ៊ុន សែន បានលើកឡើងពីការបើកទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងរួចមកកម្ពុជា និងចត្តាឡីស័ក ៧ថ្ងៃប៉ុណ្ណោះ។ អំឡុងពេលចត្តាឡីស័ក ទេសចរអាចដើរកម្សាន្តនៅតំបន់នោះផងដែរ៕
 

ព័ត៌មានទាក់ទង