Thmey Thmey 25
អភិបាលខេត្ត​ប៉ៃលិន ប្ដេជ្ញា​រៀបចំ​តំបន់​ទេសចរណ៍​ដែល​គេ​បោះបង់ចោល​ទៅជា​គោលដៅ​សក្ដានុពល​
11/10/2021 2:00 pm ប៉ៃលិន ​ដោយ​៖ ញឹក ស្រីល័ក្ខ 

​ភ្នំពេញ​៖ ប៉ៃលិន ជា​ខេត្ត​សម្បូរ​ដោយ​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​។ ទោះ​សម្បូរ​ដោយ​តំបន់​ទេសចរណ៍​ក្ដី ប៉ុន្តែ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មួយចំនួន នៅមានកម្រិត​នៅឡើយ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​មិនបាន​ស្គា​ល់ពី​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​។ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​ខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ ប្ដេជ្ញាចិត្ត​រៀបចំ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សក្ដានុពល​។​

«​កន្លែង​បោះបង់ចោល ខ្ញុំ​នឹង​រៀបចំ​ដោយ​ផ្ទាល់ដៃ ថែរក្សា​សម្បត្តិ​ធម្មជាតិ សម្បត្តិ​សាធារណៈ​ឱ្យ​ក្លាយជាទីកន្លែង​ទេសចរណ៍ធម្មជាតិ​ស្រស់បំព្រង​សម្រាប់​ទុកឱ្យ​កូនចៅ ជំនាន់​ក្រោយ​ថែរក្សា​បន្ត ជា​សម្បត្តិ​រដ្ឋ បម្រើ​ប្រយោជន៍​រួម​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រោយ​លោកស្រី និង​ក្រុមការងារ​ចុះ​ពិ​និត្យនៅ​តំបន់ភ្នំ​ខៀវ កាលពីថ្ងៃទី១០ តុលា​។​

​អភិបាលខេត្ត​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត តាម​ទូរ​សព្ទ​ថា ខេត្ត​ប៉ៃលិន នៅមាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង ដែល​ទេសចរ​មិនទាន់​ស្គាល់ និង​ទៅដល់ ខណៈ​ទឹកជ្រោះ និង​តំបន់​ធម្មជាតិ​មួយចំនួន​គួរ​ជាទី​ទាក់ទាញ​។ តាមរយៈ​តួនាទី​ជា​អភិបាលខេត្ត លោកស្រី បាន ស្រីមុំ មើលឃើញ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ដោយ​បន្ត​អភិវឌ្ឍ​ជីក​កកាយ​តំបន់​ទេសចរណ៍​អាថ៌កំបាំង ដែលជា​ផ្នែក​មួយ​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​។ 


លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន នាទីតាំងភ្នំខៀវ

​បើតាម​លោកស្រី បាន ស្រីមុំ បច្ចុប្បន្ន​រដ្ឋបាលខេត្ត កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ភ្នំ​ខៀវ ដោយបាន​ធ្វើ​ផ្លូវ​បេតុង ដាំ​ផ្កា​លម្អ និង​រៀបចំ​កន្លែង​ថតរូប ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរណ៍​។ ក្រៅពី​សម្រស់​ទឹកធ្លាក់ និង​ធម្មជាតិ ទឹកធ្លាក់​ភ្នំ​ខៀវ ក៏មាន​សត្វ​ស្លាប​ច្រើន​ប្រភេទ រួមទាំង​សត្វ​ស្វា ដែល​ផ្ដល់​ជា​ទស្សនីយភាព​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​ផងដែរ​។ 

​ក្រោយ​រៀបចំ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ លោកស្រី បាន ស្រីមុំ សង្ឃឹមថា​តំបន់​នេះ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​។ លោកស្រី បាន ស្រីមុំ បញ្ជាក់​បែបនេះ​៖ «​ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​មាន​ប្រាក់ចំណូល​។ ជាពិសេស​ធ្វើឱ្យមាន​ភាព​រីកចម្រើន​គ្រប់​វិស័យ​»​។ 


លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន

​ទន្ទឹមនឹង​ការរៀបចំ​តំបន់​ទេសចរណ៍​ឱ្យមាន​ភាពល្បីល្បាញ លោកស្រី បាន ស្រីមុំ នឹង​បន្ត​ពង្រឹង​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដូចជា ភោជនីយដ្ឋាន ផ្ទះ​ស្នាក់ សណ្ឋាគារ និង​រី​សត ដើម្បី​ផ្ដល់​សេវា​ជូន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​។ អភិបាលខេត្ត​រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​ប៉ៃលិន នាពេល​បច្ចុប្បន្ន​មាន​ភោជនីយដ្ឋាន ផ្ទះ​ស្នាក់ និង​សណ្ឋាគារ​ល្អៗ​ច្រើន បើ​ធៀប​នឹង​ខេត្ត​មួយចំនួន ដែល​ខ្ញុំ​បាន​ទៅដល់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ទៅមុខទៀត ដើម្បីឱ្យ​មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។  

​ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ បាន​អំពាវនាវ​ដល់​វិនិយោគិន​នានា គួរ​មក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ៃលិន ដែលជា​តំបន់​សក្ដានុពល​មួយ​។ លោកស្រី បាន ស្រីមុំ ក៏​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ត្រូវ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​សម្អាត​ទាំងអស់គ្នា ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍​។ 

​សូមបញ្ជាក់ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​ប៉ៃលិន ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ២៥២៩​នាក់​ប៉ុណ្ណោះ ដោយសារ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្ត​មិនទាន់​ធូរស្រាល​៕ 
ដោយ៖ ញឹក ស្រី​ល័​ក្ខ​ © រក្សាសិទ្ធិដោយ thmeythmey25.com