«បីកុំ បីការពារ និងពីរចូលរួម»ជា​គន្លឹះ​ ទាក់​ចិត្ត​អតិថិជនទិញ​​រថយន្ត​តម្លៃ​រាប់​ម៉ឺនដុល្លារ

10/10/2021 5:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោក ណន ពេជ្រ ជាអ្នកប្រឹក្សាផ្នែកលក់ក្នុង​ក្រុមហ៊ុនស្តារអូតូខេមបូឌា បានបង្ហើបពីរបៀបលក់​រថយន្តដ៏ប្រណិត ម៉ាក Mercedes ដែលជារថយន្តដ៏ពេញនិយម។ ដើម្បី​ទាក់ចិត្ត​អតិថិជនទិញ​រថយន្ត​ លោក ណន ពេជ្រ បានប្រើ​យុទ្ធសាស្រ្ត៥យ៉ាងពីក្រុមហ៊ុន ស្តារអូតូ ខេមបូឌា គឺ«បីកុំ បីការពារ និងពីរចូលរួម»។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក ណន ពេជ្រ ដូចតទៅ៖
 
 
«របៀបលក់រថយន្តទំនើបៗ»

«របៀបលក់រថយន្តទំនើបៗ» ===== ជីវិតតស៊ូពីកុមារធ្លាប់រស់នៅអង្កការ PSE បានខិតខំអភិវឌ្ឍខ្លួនរហូតក្លាយជាអ្នកប្រឹក្សាផ្នែកលក់ក្រុមហ៊ុន ស្តារអូតូ Mercedes- Benz Cambodia ដែលផ្គត់ផ្គង់នូវប្រភេទរថយន្តទំនើបៗតែមួយគត់នៅកម្ពុជា។ លោក ណន ពេជ្រ មានបទពិសោធប្រាំឆ្នាំ នឹងចែករំលែកយុទ្ធសាស្ត្រ នៃការលក់រថយន្តទំនើបៗ ដែលជាដង្ហើម ក៏ដូចជាប្រភពចំណូលរបស់ក្រុមហ៊ុន។ ពិសេសក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩នេះតែម្តង! តើមានវិធីសាស្ត្រអ្វីខ្លះ ដើម្បីជំរុញការលក់រថយន្តទំនើបឱ្យមានប្រសិទ្ធភាព? កម្មវិធី គំនិតថ្មី នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់ ក្រុមហ៊ុនស្តារអូតូខេមបូឌា ធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន លោក ណន ពេជ្រ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Monday, September 13, 2021


ជំនាញផ្នែកលក់ ជា​ជំនាញ​ដ៏សំខាន់​​​​សម្រាប់គ្រប់អាជីវកម្ម ដែលជួយ​រកចំណូលជូនស្ថាប័ន។​ លើសពីនេះអ្នកលក់ គឺជាបុគ្គលដ៏សំខាន់ដែលតំណាងឱ្យស្ថាប័ន ក្រុមហ៊ុន ដោយ​​ទទួល​បានការផ្តល់ឱកាសបណ្តុះបណ្តាលពីថ្នាក់ដឹកនាំពួកគេផ្ទាល់។ ជា​មួយ​​គ្នានេះ អ្នកដែលមានសមិទ្ធផលច្រើនក្នុងផ្នែកនេះទាមទារឱ្យមានភាពអំណត់ខ្ពស់ តស៊ូជម្នះរាល់ការបដិសេដពីអតិថិជន មានភាពវៃឆ្លាតក្នុងការទំនាក់ទំនង និងមានឆន្ទៈមោះមុតផងដែរ។


លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា.

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធីគំនិតថ្មី លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ដែលនាំចូលផ្តាច់មុខនូវរថយន្តម៉ាក Mercedes ប្រចាំប្រទេសកម្ពុជា បានលើកឡើងដូចច្នេះ៖ «កាលណាគេនិយាយអំពីផ្នែកលក់ គឺសំដៅទៅលើទិន្នន័យ តែបើគ្មានទិន្នន័យជាក់លាក់ទេ ការលក់នោះគឺមិនមានប្រសិទ្ធភាពឡើយ»។

លោក ណន ពេជ្រ បានបង្ហើបពីយុទ្ធសាស្រ្តជំរុញការលក់ទាំងប្រាំ របស់ក្រុមហ៊ុន ស្តារអូតូខេមបូឌា រួមមាន៖ បីកុំ គឺមិនបង្ខំភ្ញៀវ មិនរំខានភ្ញៀវ និងមិនជួបផ្ទាល់ជាមួយភ្ញៀវក្នុងវិបត្តិកូវីដនេះ។

ចំណែកបីការពារគឺ ការពារមិនឱ្យអ្នកលក់ខាតបង់ នៅពេលចង់បញ្ចេញឡានពេលក្រោយ។ ការពារមិនឱ្យអតិថិជនពិបាកមកផ្ទាល់ ព្រោះរាល់ការផ្តល់ជូនព័ត៌មាន គឺបានរហ័សទាន់ចិត្ត និងច្បាស់លាស់ និងការពារមិនឱ្យអ្នកលក់ភ្លេចអតិថិជនចាស់ឡើយ ពោលគឺ រក្សាអតិថិជនចាស់ បង្កើនអតិថិជនថ្មី។ រីឯ ពីរចូលរួមគឺ ចូលរួមរៀននូវចំណេះដឹងថ្មីៗ ពិភាក្សាជាមួយអតិថិជនខ្លួន និងចូលរួមថែរក្សាទំនាក់ទំនង បង្កើតភាពចាបងប្អូនជាមួយអតិថិជន។

ចំពោះការចែករំលែកពីបទពិសោធន៍ក្នុងការលក់រថយន្តទំនើបៗរយៈពេលប្រាំឆ្នាំមកនេះ លោក ណន ពេជ្រ បានសង្កត់ធ្ងន់ថា៖ «អ្នកដែលចាប់នូវការងារនេះ ត្រូវតែស្វែងយល់ពីគុណភាពផលិតផល ឬសេវាកម្មដែលខ្លួន កំពុងធ្វើបន្តរៀនសូត្រនូវចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារ ត្រូវទៅឱ្យដល់អតិថិជនគោលដៅរបស់ខ្លួន។ ពិសេស ដោយភាពឈ្លាសវៃ និងត្រូវបត់បែនឱ្យទាន់សភាពការណ៍ រក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ និងបង្កើតអតិថិជនថ្មីៗជានិច្ចនៅក្នុងដៃ។ ហើយការងារផ្នែកនេះលំបាក រងសំពាធច្រើន តែបើយើងធ្វើបាន អនាគតនឹងល្អ»៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 


 
 
 
 
 
 
 
 
 
 
 
 


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

ព័ត៌មានទាក់ទង