ជប៉ុន ផ្តល់ជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ជាង៧២លានដុល្លារ

09/10/2021 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ ជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទាន ប្រមាណ៧២លានដុល្លារអាម៉េរិក ដល់កម្ពុជាបន្ថែមទៀត។  ក្នុងចំណោមថវិកាដែលជប៉ុនផ្តល់ឱ្យកម្ពុជានោះ មានជាង៥៨លានដុល្លារជាកម្ចី និងជាង១៤លានដុល្លារ គឺជាជំនួយឥតសំណង។



រដ្ឋាភិបាលប្រទេសជប៉ុន នឹងផ្តល់ថវិកាសរុប ៧ ៩៣៦លានយ៉េន ឬស្មើនឹងប្រមាណ ៧២,៧២លានដុល្លារអាម៉េរិកទៀត ដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបញ្ជាក់ថា ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំថវិកាជាង៧២លានដុល្លារនេះ នឹងធ្វើឡើងនៅថ្ងៃទី១១តុលា ឆ្នាំ២០២១ ក្រោមវត្តមានលោក ប្រាក់ សុខុន រដ្ឋមន្រីក្រសួងបរទេសកម្ពុជា ជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ 

ក្រសួងការបរទេស បានសរសេររៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្នុងចំណោមហិរញ្ញប្បទានខាងលើ គឺមាន៥៨,២១លានដុល្លារ ជាប្រាក់កម្ចីដែលជប៉ុនផ្តល់ឱ្យកម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ក្នុងដំណាក់ទី២។ 

ដោយឡែក ថវិកាចំនួន១៤,៥១លានដុល្លារទៀត គឺជាជំនួយឥតសំណង ដែលជប៉ុនផ្តល់ឱ្យសម្រាប់អនុវត្តគម្រោងចំនួន៥នៅកម្ពុជា។ ក្នុងនោះ មានថវិកា១,៨លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្រនៃដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាតមីន។ ទឹកប្រាក់២,២៧លានដុល្លារ សម្រាប់អនុវត្តគម្រោងសម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ និងថវិកា ២,២៧លានដុល្លារទៀត ជាសម្ភារបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ។

ចំពោះ ថវិកាឥតសំណង ៣,៦៣លានដុល្លារ ដែលជប៉ុនផ្តល់ឱ្យកម្ពុជាដែរនោះ គឺសម្រាប់អនុវត្តគម្រោងបំពាក់ឧបករណ៍សម្ភារ និងបរិក្ខាបច្ចេកទេស សម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងថវិកា ចំនួន៤,៥៤លានដុល្លារទៀត សម្រាប់គម្រោងបំពាក់សម្ភារបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិក និងមេកានិក នៅក្នុងសាកលវិទ្យាភូមិន្ទភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស៕

  

 

ព័ត៌មានទាក់ទង