
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ផ្នែកចំណីអាហារបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់បំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ ពិសេសអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។ ក្នុងនោះការចិញ្ចឹមគោយកសាច់ ជារបរមួយដ៏ពេញនិយម និងមានសក្តានុពល តែមិនប្រាកដថាអ្នកចិញ្ចឹមគោទាំងអស់ សុទ្ធតែជោគជ័យក្នុងរបរនេះឡើយ។ ដើម្បីទទួលបានលទ្ធផលល្អក្នុងរបរនេះ លោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ខេមរា សម្បត្តិអះអាងថា៖ «ម្ចាស់កសិដ្ឋាននីមួយៗត្រូវចេះប្រើប្រាស់កញ្ចប់ហិរញ្ញវត្ថុឱ្យចំគោលដៅ, របៀបចិញ្ចឹមគោស្របតាមស្តង់ដារបច្ចេកទេស និងវិធីសាស្ត្រធ្វើទីផ្សារ ឬជំរុញការលក់ដោយខ្លួនឯង»។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» និងលោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ខេមរា សម្បត្តិ ដូចតទៅ៖
«ការចិញ្ចឹមគោយកសាច់ និង ជំរុញទីផ្សារក្នុងស្រុក»«ការចិញ្ចឹមគោយកសាច់ និង ជំរុញទីផ្សារក្នុងស្រុក» =================== លោក ញ៉ក់ សម្បត្តិ បានតស៊ូពីអ្នករកស៊ីជួញគោ រហូតក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោដ៏ធំមួយនៅខេត្តបាត់ដំបង។ មានបទពិសោធន៍ជាង៥ឆ្នាំ បច្ចុប្បន្នកសិដ្ឋានរបស់លោក មានគោរហូតដល់២០០ក្បាល។ បើតាម លោក សម្បត្តិ ភាពជោគជ័យនៃអាជីវកម្មនេះ គឺមានយុទ្ធសាស្រ្តសំខាន់ៗបី រួមមាន របៀបចិញ្ចឹមគោ របៀបធ្វើទីផ្សារ និង ការប្រើប្រាស់ហិរញ្ញវត្ថុ។ តើការចិញ្ចឹមគោយកសាច់ និងរបៀបជំរុញទីផ្សារ ត្រូវធ្វើដូចម្តេច? កម្មវិធី៖ គំនិតថ្មី នៃសារព័ត៌មានថ្មីៗ បានអញ្ជើញលោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ ខេមរា សម្បត្តិ នឹងមកធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។
Posted by Thmey Thmey on Thursday, August 26, 2021
ពីអ្នកដើរទិញគោ និងកាប់សាច់គោលក់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក ញ៉ក់ សម្បត្តិ បានវិវត្តខ្លួនទៅជាម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោខេមរាសម្បត្តិ របស់លោក ញ៉ក់ សម្បត្តិ មានសត្វគោជាង ២០០ក្បាល។ ទម្រាំទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ លោក ញ៉ក់ សម្បត្តិ បានឆ្លងកាត់ការតស៊ូ និងលំបាកជាច្រើន ដោយត្រូវការបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារជឿនលឿន ពិសេសការប្រកួតប្រជែង ជាមួយសាច់គោនាំចូលពីបរទេស និងសាច់គោក្នុងស្រុក។ បើតាមម្ចាស់កសិដ្ឋានរូបនេះ របរចិញ្ចឹមគោយកសាច់នេះ ត្រូវការចំណាយដើមទុនច្រើន ទើបអាចឈរជើងបានទៅថ្ងៃមុខ។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ញ៉ក់ សម្បត្តិ បញ្ជាក់ថា៖ «មុខរបនេះ ទាមទារចិត្តស្រឡាញ់ តស៊ូអត់ធ្មត់ ព្រោះវាលំបាកខ្លាំង មិនមែនឱ្យតែមានលុយសុទ្ធតែអាចធ្វើបានទេ។ ហើយការយកលុយមកជះបែបនេះ មិនខុសពីការសង្កត់កឈ្មួញក្នុងស្រុកដូចគ្នាឡើយ។ ការណ៍ដែលឃើញគេធ្វើទៅបាន ហើយធ្វើតាមគ្នា គឺវាប្រឈមនឹងគ្រោះថ្នាក់ខាតបង់ខ្លាំងណាស់ ព្រោះយើងមិនដឹងថានៅពីក្រោយភាពមានបាន ឬជោគជ័យរបស់គេមានការលំបាកអ្វីខ្លះទេ»។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ដែលមានបទពិសោធន៍ជាង ៦ឆ្នាំនេះ ក៏បានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ៣ចំណុចដល់អ្នកចង់ប្រកបរបរនេះផងដែរ។ ចំណុចទី១ ត្រូវចេះចាត់ចែងកញ្ចប់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ ចំណុចទី២ ការចិញ្ចឹមគោប្រកបដោយស្តង់ដារ និងទី៣ វិធីសាស្ត្រជំរុញទីផ្សារ និងការលក់ដោយខ្លួនឯង។
ក្នុងពេលចាប់ផ្ដើមដំបូង លោក សម្បត្តិ មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដំណើរការមុខជំនួញដ៏ធំបែបនេះភ្លាមៗនោះទេ។ ម្ចាស់កសិដ្ឋានរូបនេះ បានរៀបចំផែនការមុខជំនួញ ទាំងខ្ទង់ចំណាយផ្សេងៗ និងចំណូលដែលរំពឹងទុក ស្នើទៅកាន់ធនាគារ ដើម្បីខ្ចីប្រាក់មកវិនិយោគ។ ក្រោយពីទទួលបានកញ្ចប់ថវិកា លោក សម្បត្តិ រៀបចំលុយកាក់ជាចំណែកៗដូចជា ប្រាក់សម្រាប់រៀបចំកសិដ្ឋាន, ប្រាក់សម្រាប់ទិញ និងកែច្នៃចំណី រួមទាំងប្រាក់សម្រាប់ទិញគោពីអ្នកភូមិយកមកបំប៉ន និងត្រៀមសម្រាប់ការខាតបង់នៅពេលក្រោយ។

«ចាប់ផ្តើមមុខរបរតូច ដើមទុនស្តួចស្តើង ខ្ញុំចំណាយតែលើរឿងចំបាច់បំផុត និងគិតធ្វើបែបណាឱ្យចំណាយតិចតែចំណេញច្រើន។ ជាក់ស្តែងខ្ញុំសុខចិត្តចំណាយទិញរូបមន្តចំណីពីថៃ ១ម៉ឺនដុល្លារតែម្តង ដើម្បីយកមកផលិតចំណីក្នុងស្រុកខ្មែរ ព្រោះវត្ថុធាតុដើមស្រុកយើងសម្បូរណាស់ និងចង់ជួយផ្តល់ការងារដល់បងប្អូនយើង»។ នេះជាការរៀបរាប់របស់លោក ញ៉ក់ សម្បត្តិ។
ទាក់ទងនឹងការចិញ្ចឹម លោក សម្បត្តិ បានបែងចែកគោទាំង២០០ក្បាលនោះ ដាក់ក្នុងប្លុកចំនួន ២០ ផ្សេងគ្នា និងមើលទៅលើអាយុគោតិច ឬគោចាស់ ដោយមិនអាចដាក់លាយឡំគ្នាបានឡើយ។ ជាមួយគ្នានេះ ត្រូវឱ្យចំណីទៀងទាត់ពេលវេលា និងយកចិត្តទុកដាក់មើលថែសត្វគោទាំងនោះ។
ដោយឡែក សម្រាប់ការធ្វើទីផ្សារសាច់គោវិញ ក្នុងជំហានដំបូង លោក សម្បត្តិ បានលក់សាច់គោនៅខេត្តបាត់ដំបងសិន បន្ទាប់មកបន្តលក់ទាំងរាយ និងបោះដុំនៅរាជធានីភ្នំពេញ។ ក្នុងរយៈពេលចុងក្រោយនេះ លោក សម្បត្តិ ក៏បានចាប់ដៃគូជាមួយ «ខេមរាម៉ាត» ដែលផ្តល់ជូនការនាំចូលផ្តាច់មុខនូវសាច់គោស្រស់ពីកសិដ្ឋានលោកផ្ទាល់។
បុរសសម្បុរស្រអែមរូបនេះ លើកឡើងថា៖«រឿងទីផ្សារ គឺជាជីវិតរបស់អ្នកចិញ្ចឹមគោ ត្រូវយល់ដឹងពីស្ថានភាពទីផ្សារជាមុនសិន ព្រោះពិបាកណាស់ទម្រាំអាចឈរជើងបាន ត្រូវពង្រឹងគុណភាពការចិញ្ចឹម ដើម្បីបង្កើនរសជាតិសាច់គោដែលធម្មជាតិល្អ និងរកមធ្យោបាយនាំផលិតផលខ្លួនឱ្យទៅដល់ដៃអតិថិជនគោលដៅតែម្ដង៕
-
ដោយ៖ សុង សុធាវី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

