កម្ពុជានៅសល់ផ្ទៃដីគម្របព្រៃឈើជាង៨,៥លានហិកតា ឬ៤៦,៨៦ភាគរយនៃផ្ទៃដីសរុប

23/10/2021 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

កម្ពុជា មានធនធានគម្របព្រៃឈើ ប្រមាណ៨,៥លានហិកតា ដែលស្មើនឹង ៤៦,៨៦ភាគរយ ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ លោក នេត្រ  ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ចំនួនផ្ទៃដីគម្របព្រៃឈើនេះ គឺរាប់បញ្ជូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត។



នាថ្ងៃទី២២កញ្ញា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាប្រចាំឆ្នាំ២០១៨។  របាយការណ៍នេះបានបង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃឈើសរុប ៨ ៥១០ ៨០៧ហិកតា ឬស្មើនឹង៤៦,៨៦ភាគរយ បើធៀបនឹងផ្ទៃដីកម្ពុជាសរុបទូទាំងប្រទេស។ បើតាមលោក ភក្ត្រា របាយការណ៍ថ្មីនេះ គឺជាទិន្នន័យមួយដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយក្នុងវិស័យបរិស្ថាន។ លើសពីនេះ ទិន្នន័យនេះ ក៏ជាសក្ខីភាពមួយប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្លាប់លើកឡើងថា កម្ពុជា បានបាត់បង់ព្រៃឈើស្ទើរតែទាំងស្រុង ផងដែរ។
 
អត្រាធនធានគម្របដីព្រៃឈើប្រចាំឆ្នាំ២០១៨ គឺបានធ្លាក់ចុះប្រមាណ២៦ភាគរយ បើធៀបនៅក្នុងឆ្នាំ១៩៦៥ កម្ពុជា មានព្រៃឈើលាតសន្ធឹងលើផ្ទៃដីរហូតដល់៧៣ភាគរយ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រាដោយបានរៀបរាប់ថា៖ «ការធ្លាក់ចុះនៃធនធានគម្របដីព្រៃឈើកម្ពុជានេះ គឺដោយសារកំណើនប្រជាជន និងតម្រូវការដីកសិកម្ម»។

បើតាមលោក នេត្រ ភក្ត្រា ទន្ទឹមនឹងកំណើនប្រជាជននេះ តម្រូវការដីធ្វើកសិកម្ម ក៏ជាមូលហេតុនៃការធ្លាក់ចុះធនធានគម្របដីព្រៃឈើជាបន្តបន្ទាប់នេះដែរ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបាននិយាយដូច្នេះ៖ «ជាង២ទសវត្សរ៍មកនេះ ផ្ទៃដីគម្របព្រៃឈើកម្ពុជាជាច្រើន ត្រូវបានបំលែងទៅជាដីកសិកម្ម ព្រមទាំងទទួលការបំពុល»។
 
ទោះយ៉ាងណាក្តី ក្រសួងបរិស្ថានអះអាងថា ផ្ទៃដីគម្របព្រៃឈើដែលនៅសេសសល់ប្រមាណជាង៨,៥លានហិកតានេះ ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់អភិរក្ស ហើយក្រសួងក៏បានទាញជាប្រយោជន៍ផ្ទាល់ តាមរយៈឥណទានកាបូនផងដែរ។ ចាប់តាំងពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ កម្ពុជាលក់ឥណទានកាបូនបានជាង១១លានដុល្លារ។
 
កម្ពុជា តាមរយៈក្រសួងបរិស្ថានរួមជាមួយក្រសួង និងសា្ថប័នជំនាញនានា បានវាយតម្លៃធនធានគម្រប ដីព្រៃឈើថ្នាក់ជាតិចំនួន៨ដង ចាប់តាំងពីមុនឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ២០១៨ ដោយបច្ចុប្បន្នក្រសួង កំពុងវាយតម្លៃធនធានគម្របព្រៃឈើក្នុងឆ្នាំ២០២០ និងវាយតម្លៃលើការប្រែប្រួលធនធានដីគម្រប ព្រៃឈើ នៃប្រព័ន្ធតំបន់ការពារធម្មជាតិឆ្នាំ២០០៦-២០១៦៕ 
 

ព័ត៌មានទាក់ទង