អ្នកជំនាញ ប្រទះឃើញព្រះកេសមេទេវតាផ្នែកកន្ទុយនាគ នៅការដ្ឋានជួសជុលខ្លោងទ្វារតាកាវ

22/09/2021 12:00 pm ភ្នំពេញ

ដោយ៖ ហុង ស្រីណា 

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសមេទេវតាផ្នែកកន្ទុយនាគ ត្រឹមចង្ការដល់ច្រមុះ នៅក្នុងខ្លោងទ្វារតាកាវ។

 

ក្រុមការងារបានប្រទះឃើញ ពេលកំពុងជួសជុលខ្លោងទ្វារតាកាវ នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ មុនពេលបិទការដ្ឋានជួសជុល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ពេលនេះអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានផ្អាកការជួសជុលជាបណ្តោះអាសន្ន ដោយសារក្រុងសៀមរាប កំពុងមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ និងមានការបិទខ្ទប់តំបន់មួយចំនួនផងដែរ។ អំឡុងពេលជួសជុលខ្លោងទ្វារតាកាវ អ្នកជំនាញ ធ្លាប់រកឃើញដងខ្លួនមេទេវតាកាលពីប៉ុន្មានខែមុនផងដែរ។

ព្រះកេសមេទេវតាផ្នែកកន្ទុយនាគ។ រូបភាពពី AKP

«បន្ទាប់ពីរកឃើញព្រះកេសមេទេវតា យើងបានយកទៅដាក់លើដងខ្លួន ដែលបានរកឃើញកាលពីប៉ុន្មានខែមុន ហើយវាត្រូវគ្នា។ យើងក៏បានរកឃើញព្រះកេសនៅជ្រុងមួយទៀតដែរ ប្រហែលជាព្រះកេសជាន់ទី២»។ នេះជាការបញ្ជាក់លោក គឹម សុធិន ដោយបន្ថែមថា លោកសង្ឃឹមថានឹងអាចរកឃើញជាបន្តបន្ទាប់ទៀត ព្រោះនេះគ្រាន់តែជាការរកឃើញមួយផ្នែកប៉ុណ្ណោះ។ 

លោក គឹម សុធិន ក៏កំពុងដាក់ការស្នើសុំបន្តការជួសជុលឡើងវិញ ដោយកាត់បន្ថយចំនួនមនុស្សមកត្រឹម ៦នាក់ប៉ុណ្ណោះ។ លោកបារម្ភថា វាអាចនឹងមានបញ្ហាគ្រឿងចក្រ ដែលលោកទុកចោលមិនប្រើប្រាស់ និងសុវត្ថិភាពសម្ភារផងដែរ។ 

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ អំឡុងខែឧសភា ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្ននេះ ការជួសជុល សម្រេចបានប្រមាណ ៣០ភាគរយ ដែលនឹងត្រូវចំណាយពេល២ឆ្នាំទើបរួចរាល់។

សូមជម្រាបថា ព្រះកេសមេទេវតាផ្នែកកន្ទុយ មានព្រះកេសចំនួន៣ថ្នាក់ ដែលថ្នាក់ទីមួយមានព្រះកេស៤, ថ្នាក់ទីពីរមានព្រះកេស២ និងថ្នាក់ទី៣ មានព្រះកេស១៕ 


 

ព័ត៌មានទាក់ទង