លោក សុក សារ៉ង៖ CamCert នឹងរួមចំណែកបើកទីផ្សារកសិផលខ្មែរ នៅបរទេស

22/09/2021 11:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ អ្នកជំនាញផ្នែកកសិកម្មមួយក្រុម បានរួមគ្នាបង្កើតក្រុមហ៊ុនមួយឈ្មោះ ខេមសឺត  ខនសាល់ធីង (CamCert Consulting) ដើម្បីជួយការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកសិកម្មកម្ពុជា ឱ្យកាន់តែមានសក្កានុពលក្នុងការចាប់យកឱកាសទីផ្សារនៅបរទេស។ អគ្គនាយកនៃក្រុមហ៊ុន ខេមសឺត លោក សុក សារ៉ង បានអះអាង ថា ក្រុមហ៊ុន នឹងរួមចំណែកបើកទីផ្សារផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្ម នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ តាមរយៈការរៀបចំស្តង់ដារនាំចេញ។



CamCert Consulting ត្រូវបានបង្កើតឡើងក្នុងគោលដៅបំពេញនូវចន្លោះខ្វះខាត ក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិផលណាមួយ ដើម្បីជំរុញនិងរៀបចំនូវផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) រៀបចំនូវស្តង់ដារសរីរាង្គ ឬស្តង់ដារផ្សងៗ នៃផលិតផលកសិកម្មនានា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។   

បច្ចុប្បន្ន ទោះបីវិស័យកសិកម្មកម្ពុជា ជាពិសេសផ្នែកដាំដុះ មានបច្ចេកទេសល្អ មានការដាំដុះទទួលបានទិន្នផលខ្ពស់ និងមានគុណភាពប្រសើរក្តី ប៉ុន្តែវាក៏ទាមទារឱ្យកម្ពុជា អនុវត្តស្តង់ដារ ឬលក្ខខណ្ឌតាមទីផ្សារក្រៅប្រទេស។ បើមិនដូច្នោះទេ ផលិតផលកម្ពុជា គឺពិបាករកទីផ្សារ ផងដែរ។ បើតាមលោក សុក សារ៉ង ក្រុមហ៊ុន CamCert នឹងជំរុញដល់ភាគីពាក់ព័ន្ធ ឱ្យយល់ដឹងអំពីរៀបចំស្តង់ដារ និងរបៀបអនុវត្តផលិតផលកម្ពុជា សម្រាប់នាំចេញទៅបរទេស។  

ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmeyលោក សារ៉ង បាននិយាយដូច្នេះ៖ « ស្តង់ដារសរីរាង្គនៅកម្ពុជា យើងហៅថា CamOrg គឺជាសរីរាង្គថ្នាក់ជាតិ ប៉ុន្តែដើម្បី[ឱ្យផលិតផលនាំចេញ]ទៅទីផ្សារអន្តរជាតិ យើងត្រូវស្វែងយល់ សិក្សា និងអនុវត្តស្តង់ដារ[សរីរាង្គ]ប្រទេសផ្សេង។ ដូចជា៖ ស្តង់ដារសរីរាង្គនៅអាមេរិក នៅអឺរ៉ុប ជប៉ុន ឬប្រទេសចិន...ជាដើម ដែលយើងជំរុញទៅលើស្តង់ដារប្រទេសទាំងអស់ហ្នឹង»។  

អគ្គនាយកនៃក្រុមហ៊ុន CamCert រូបនេះ  ជឿជាក់ថា ក្រុមហ៊ុនលោក គឺជាដំណោះស្រាយមួយដ៏មានប្រសិទ្ធិភាព ក្នុងការចូលរួមចំណែកបើកទីផ្សារផលិតផលខ្មែរទាំងនៅក្នុងស្រុក ថ្នាក់តំបន់ និងឆាកអន្តរជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។« យើងជួយជំរុញទាំងផលិតករ ទាំងប្រតិបត្តិករ មានឱកាសជួបជុំគ្នា ឬក៏ឱកាសចាប់យកទីផ្សារ»។ នេះបើតាមលោក សារ៉ង ៕

 

ព័ត៌មានទាក់ទង