ក្រសួងបរិស្ថាន នឹងពង្រឹងការការពារក្រពើភ្នំជិតផុតពូជ ៨ក្បាលពីបទល្មើសខុសច្បាប់

21/09/2021 5:30 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 
ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន ប្រទះឃើញហ្វូងក្រពើភ្នំ ចំនួន៨ក្បាល ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថាន និងអង្គការ WWF ប្ដេជ្ញាការពារសត្វក្រពើទាំងនេះ ពីបទល្មើសខុសច្បាប់នានា។



អ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) នៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រទះឃើញនូវហ្វូងក្រពើភ្នំ (Crocodylus siamensis) ចំនួន ៨ក្បាល អំឡុងពេលចុះតាមដាន និងស្រាវជ្រាវសត្វ នារដូវពង និងញាស់កូនក្រពើនេះ ក្នុងដែនជម្រកស្រែពក ខេត្តមណ្ឌលគិរី។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។

របកគំហើញសត្វក្រពើភ្នំនេះ ត្រូវបានអ្នកស្រាវជ្រាវចុះតាមដាន អំឡុងរដូវប្រាំងក្នុងឆ្នាំនេះ។ លោក ប៊ុន សុធា សមាជិកនៃក្រុមស្រាវជ្រាវលើកឡើងដូច្នេះថា៖«ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើង បានធ្វើការតាមដានជាប្រចាំ។ សម្រាប់ការប្រចាំការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយពេលអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាព របស់សត្វក្រពើភ្នំ នៅតាមទីតាំងផ្សេងៗរបស់វា»។

វត្តមាននៃហ្វូងក្រពើភ្នំនៅពេលនេះ ជាភស្តុតាងបង្ហាញពីការរស់រាន និងបន្តពូជនៃសត្វនេះ ក្រោយការស្រាវជ្រាវ អស់រយៈពេលមួយទតវត្សរ៍ ក្នុងដែនជម្រកសត្វព្រៃស្រែពក ខណៈក្រពើភ្នំនេះ ជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុត។ 

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន យល់ឃើញថា គំហើញនៃសត្វក្រពើភ្នំនេះ បានបង្ហាញឱ្យឃើញពីសារសំខាន់ នៃដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ជីវៈចម្រុះសកលមួយ។ ដែនជម្រកនេះ មានសក្ដានុពលខ្ពស់ សម្រាប់ការស្ដារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗ មានតម្លៃជាសកលឡើងវិញ។ 

ជាមួយគ្នានេះ កញ្ញា Milou Groenemberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF អះអាងថា វត្តមានរបស់សត្វក្រពើនេះ មិនត្រូវបានបញ្ជាក់ជាផ្លូវការទេ។ យោងតាមរបាយការណ៍ស្រាវជ្រាវផ្សេងៗ ក៏ដូចជារូបភាពនានា ក្នុងទសវត្សរ៍ចុងក្រោយនេះ ពុំបានបង្ហាញពីវត្តមានសត្វក្រពើភ្នំនេះ ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរីនេះឡើយ។ 

កញ្ញា Milou បន្ថែមដូច្នេះ៖ «កាលពីមុនអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេ ថាសត្វក្រពើភ្នំដែលរស់នៅក្នុងដែនជម្រកស្រែពកនេះ អាចមានគូបង្កាត់ពូជបាន។ គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរ ឬអត់ នោះឡើយ»។ 

យ៉ាងណាមិញ ការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ រងការគំរាមកំហែងមួយចំនួនដូចជា ការរេចរឹល និងបាត់បង់ជម្រក ការបរបាញ់ខុសច្បាប់ ការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយក្រពើផ្សេង ការសាងសង់ទំនប់វារីអគ្គីសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។ 

បើតាម លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា ដើម្បីពង្រឹងការការពារ និងអភិរក្ស ត្រូវផ្ដល់អាទិភាពលើការស្វែងរក នូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ។ 

លោក សេង ទៀក បញ្ជាក់ដូច្នេះ៖ «ការការពារជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលសុទ្ធសឹងជាកត្តាផ្ដល់អំណោយផល ដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃទៀត ដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។ 

បន្ថែមពីលើនេះ ក្រសួងបរិស្ថាន រួមនឹងអង្គការ WWF នឹងបន្តការតាមដានក្រពើភ្នំ នៅតំបន់ស្រែពកនេះបន្តទៀត និងពង្រឹងវិធានការការពារជម្រករបស់សត្វនេះ ពីការគំរាមកំហែងផ្សេងៗរួមមាន ការទន្ទ្រានដីដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត។ ក្នុងន័យនេះ គឺពង្រឹងលើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ។ 

បើតាមក្រសួងបរិស្ថាន សត្វក្រពើភ្នំ ធ្លាប់មានវត្តមាននៅពាសពេញតំបន់អាស៊ីអាគ្នេយ៍។ ចាប់ពីដើមទស្សវត្សរ៍ឆ្នាំ ១៩៩០មក សត្វក្រពើភ្នំបានក្លាយជាប្រភេទសត្វជិតផុតពូជបំផុត។ ដោយឡែកប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ចន្លោះពី ២០០ ទៅ៤០០ក្បាល ដែលកំពុងរស់នៅទីជម្រកធម្មជាតិនានាក្នុងប្រទេស ខណៈលើពិភពលោកប្រមាណ ១ ០០០ក្បាលប៉ុណ្ណោះ ដែលជាក្រពើស្ថិតក្នុងវ័យបន្តពូជ។ 

សូមជម្រាបថា ការគ្រប់គ្រងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្តោតលើការស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ការកសាងសមត្ថភាពលើការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការបរបាញ់ ជួញដូរ ការកាប់ឈើ ទន្ទ្រានដីព្រៃខុសច្បាប់។ ក្រៅពីនេះ ការគ្រប់គ្រងតំបន់នេះ ក៏ផ្ដោតលើការអភិវឌ្ឍរបរចិញ្ចឹមជីវិត របស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀត ដើម្បីលើកទឹកចិត្ត ក៏ដូចជាគាងគរ ការចូលរួមពីពលរដ្ឋមូលដ្ឋាន ក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ជីវភាពប្រកបដោយនិរន្តរភាព៕

 

ព័ត៌មានទាក់ទង