ចុងភៅក្នុងខេត្តសៀមរាប បាត់បង់អាជីព និងប្រវារករបរថ្មី

21/09/2021 3:00 pm សៀមរាប

ដោយ៖ ប៉ូ សុភា 

សៀមរាប៖ ចុងភៅជាច្រើន ក្នុងខេត្តសៀមរាប បានបាត់បង់ការងារ ដោយសារភោជនីយដ្ឋានជាច្រើន ត្រូវបានបិទ។ ចុងភៅទាំងនោះ ខ្នះខ្នែងរកការងារថ្មីទាំងពិបាក ដើម្បីមានចំណូល។ ការផ្លាស់ប្ដូររបរនេះ ត្រូវបានអ្នកជំនាញ បារម្ភថា ពួកគេនឹងមិនត្រឡប់មកធ្វើជាចុងភៅវិញ។ 

កូវីដ-១៩ ជិតពីរឆ្នាំ បានធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបជួបវិបត្តិធ្ងន់ធ្ងរ។ ការណ៍នេះ ធ្វើឱ្យអ្នកប្រកបរបរនេះ ជាច្រើនជួបបញ្ហា។ សណ្ឋាគារ ហាងអាហារធំៗ និងរមណីយដ្ឋានទេសចរណ៍ ជាច្រើន ត្រូវបានបិទ និងខ្លះទៀត ត្រូវបានបិទបណ្ដោះអាសន្ន។ ទន្ទឹមនេះ ការងារចុងភៅ ក៏ត្រូវបានផ្អាកជាច្រើន ដោយសារគ្មានទេសចរ។  

លោក ធី ផាត់ មានស្រុកកំណើតនៅភូមិគោកចិន ឃុំគោកចិន ស្រុកសូត្រនិគម ខេត្តសៀមរាប។ មានអាជីពជាចុងភៅជាង១៤ឆ្នាំ បុរសរូបនេះបានផ្លាស់ប្តូរការងារជាមេភៅ មកជាអ្នកបើករថយន្តដឹកដី នៅក្នុងខេត្តឧត្តរមានជ័យវិញ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

«ខ្ញុំ និងប្រពន្ធជាចុងភៅដូចគ្នាត្រូវផ្អាកការងារ។ ខ្ញុំក៏ចេញមកធ្វើការនៅខេត្តផ្សេង។ ចំណែកប្រពន្ធ គាត់លក់ដូរ (គ្រឿងទេស) នៅផ្ទះ។ បើគ្មានការងារជំនាញ ការងារអ្វីក៏យើងធ្វើដែរឱ្យតែអាចផ្គត់ផ្គង់ជីវភាពបាន»។ 
បុរសវ័យ៣៩ឆ្នាំរូបនេះ បន្តថា ការងារជាអ្នកបើករថយន្ត ខុសគ្នាឆ្ងាយ និងលំបាកជាងការងារជាចុងភៅ។ លោកសង្ឃឹមថានៅពេលដែលស្ថានភាពប្រសើរវិញ លោកនឹងត្រឡប់ទៅធ្វើការងារចាស់ដដែល។ 

មិនខុសពីលោក ផាត់ ចុងភៅម្នាក់ទៀត លោក ស្រី ប៉ូរ៉ា ក៏ត្រូវបាត់បង់ការងារជាចុងភៅដែរ។ មានស្រុកកំណើតក្នុងខេត្តសៀមរាប អតីតចុងភៅរូបនេះ បាត់បង់ចំណូលទាំងស្រុងពីអាជីពរបស់ខ្លួន។  ស្ថានភាពនេះ បានជំរុញឱ្យលោក បូរ៉ា ឃ្លាតឃ្លាពីគ្រួសារមកធ្វើការងារនៅក្នុងរាជធានីភ្នំពេញ។ 

លោក ប៉ូរ៉ា បានបញ្ជាក់ដូច្នេះ៖  « ជិត២ឆ្នាំហើយដែលខ្ញុំគ្មានការងារធ្វើ។ វាមិនមែនកើតឡើងចំពោះតែខ្ញុំទេ។ វាកើតឡើងស្ទើរតែគ្រប់ចុងភៅទាំងអស់នៅក្នុងខេត្តសៀមរាប។ មានអ្នកខ្លះចេញទៅរកការងារក្រៅពីអាជីពពីមុន។  អ្នកខ្លះនៅតែធ្វើចុងភៅដដែល ប៉ុន្តែទៅធ្វើនៅតាមខេត្តផ្សេងៗដូចជា កំពត់ កំពង់សោម និងនៅតាមកោះជាដើម»។ 

ចុងភៅរូបនេះបានបន្តថា ការងារក្នុងចង្ក្រានធម្មតាសម្បូរណាស់ ប៉ុន្ដែនៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ អ្នកដែលពឹងលើអាជីពនេះពិបាករកន្លែងធ្វើ។ លោកសម្រេចចិត្តទាក់ទងមេចុងភៅដែលធ្លាប់ស្គាល់ពីមុននៅក្នុងទីក្រុងភ្នំពេញ ឱ្យជួយរកកន្លែងមួយដើម្បីអាចចូលបម្រើការងារបាន និងអាចរកប្រាក់ផ្គត់ផ្គងគ្រួសារបានមួយគ្រា។

«ខ្ញុំស្គាល់មេចុងភៅនៅភ្នំពេញ ទើបសុំគេធ្វើការបាន និងទទួលបានប្រាក់ខែសមរម្យ សម្រាប់ដោះទាល់។ បើមិនស្គាល់គេ ប្រហែលសូម្បីតែការងារក៏រកមិនបានធ្វើផង»។ នេះជាការពន្យល់ពីទុក្ខលំបាករកការងារធ្វើក្នុងពេលបច្ចុប្បន្ន។

ជាប្រធានចុងភៅនៅក្នុងភោជនីយដ្ឋាន ILVICOLO ក្នុងខេត្តសៀមរាប លោក សៅ សុភ័ក្រ បានបញ្ជាក់ថា ដោយសារនៅសៀមរាបស្ងាត់ភ្ញៀវតាមភោជនីយដ្ឋាន។ ការងារគ្រប់ផ្នែកទាក់ទងនឹងវិស័យទេសចរណ៍នៅទ្រឹង មិនទាន់មានសកម្មភាពអ្វីនៅឡើយ ដែលជាហេតុធ្វើឱ្យជីវភាពរបស់ពួកគាត់ជួបវិបត្តិ ដោយសារប្រាក់ចំណូលធ្លាក់ចុះ។ 

«យើងគិតមើលពីមុននៅសៀមរាបសម្បូរភោជនីយដ្ឋាន។ គេត្រូវការចុងភៅច្រើន ប៉ុន្តែឥឡូវហាងភាគច្រើនត្រូវបានបិទ។ ពួកគាត់ត្រូវរកការងារណាមួយ ដែលអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពសិន»។ នេះជាការពន្យល់របស់លោក សុភ័ក្រ។ 

បច្ចុប្បន្ន ដ្បិតថាការងារជាចុងភៅមិនសូវមាន ប៉ុន្តែលោកសុភ័ក្រ កំពុងធ្វើការងារមួយចំនួនដែលទាក់ទងនឹងការថតផ្នែករូបភាពម្ហូប និងគម្រោងនានាដែលជាប់ទាក់ទងទៅនឹងវិស័យម្ហូបអាហារនៅកម្ពុជា ដើម្បីត្រៀមចាំស្ថានភាពប្រសើរឡើងវិញ។ 

បញ្ហាទាំងនេះ ត្រូវបានប្រធានសមាគមចុងភៅកម្ពុជា លោក ឡុង ប៊ុនហោ ទទួលស្គាល់ថាកូវីដ-១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ចុងភៅជាច្រើនដែលធ្វើការក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកថា ទាំងនេះជាបញ្ហាកើតឡើងរួម ដែលតម្រូវឱ្យគ្រប់គ្នាអត់ធ្មត់ និងតស៊ូ ជម្នះជាមួយស្ថានភាព ដើម្បីអាចមានថាមពលប្រើក្នុងពេលបន្ទាប់។ សម្រាប់សមាគមន៍ក៏កំពុងរកវិធីសាស្រ្តមួយចំនួនដែលអាចជួយពួកគាត់ក្នុងពេលជួបបញ្ហា។ 

«សព្វថ្ងៃយើងសង្ឃឹម ៥០ភាគរយ។ ខ្ញុំមិនរំពឹងច្រើនទេថាពួកគាត់នៅធ្វើការងារជាចុងភៅ»។ នេះជាការបញ្ជាក់របស់លោក ឡុង ប៊ុនហោ។ 

ស្ថានភាពជាក់ស្ដែងដែលកំពុងកើតមានសម្រាប់ចុងភៅនៅក្នុងខេត្តសៀមរាប បានធ្វើឱ្យ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បារម្ភថា ការផ្លាស់ប្តូរការងារដែលមានជំនាញដូចជាការងារចុងភៅ អាចធ្វើឱ្យពួកគេចាកឆ្លាយពីវិស័យនេះ។ ទន្ទឹមនឹងនេះ បើស្ថានភាព នៅតែបន្តអូសបន្លាយយូរជាងនេះ នោះធនធានដែលសម្បូរដោយជំនាញទាំងនេះ នឹងបាត់បង់បន្តិចៗម្តង។ 

អ្នកស្រី ស៊ីវលីន បញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖ « អាជីពចុងភៅនេះត្រូវការអ្នកជំនាញ ហើយក៏ត្រូវការពេលបណ្ដុះបណ្ដាលយូរ។ ការងារប្រភេទនេះ ជាផ្នែកមួយដ៏សំខាន់អាចជួយជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានល្បឿន។ ខ្ញុំបារម្ភថា បើពួកគាត់រកការងារថ្មីហើយ មិនងាយនឹងវិលមករកអាជីពចាស់វិញទេ។ បើដូច្នេះមែន យើងអាចបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងវិស័យទេសចរណ៍ នៅពេលស្ថានភាពធម្មតា»។ 

អ្នកស្រីសង្ឃឹមថា នៅពេលអ្វីៗប្រសើឡើងធនធានប្រកបដោយជំនាញទាំងនេះ នឹងវិលមកធ្វើជាចុងភៅវិញ។ អ្នកស្រីលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់កុំបាក់ទឹកចិត្ត កុំចាកចោលអាជីពខ្លួនមាន និងត្រូវពង្រឹងស្មារតីបន្ថែមដើម្បីរួមគ្នាស្ដារវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញ៕ 

 

  

 

ព័ត៌មានទាក់ទង