រដ្ឋបាលស្រុកមង្គលបូរី ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយទឹកស្ទឹងមង្គលបូរី ហក់ឡើងខ្លាំង
ដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ រដូវវស្សាចូលមកដល់ ភ្លៀងធ្លាក់កាន់តែច្រើន រួមផ្សំនឹងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹងនៃស្រុកបរវេល ខេត្តបាត់ដំបង និងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ បានធ្វើឱ្យកម្រិតទឹកក្នុងស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ ហក់ឡើងខ្លាំង។ ស្ថានភាពបែបនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វ និងផលដំណាំផ្សេងៗ។
រដ្ឋបាលស្រុកមង្គលបូរី បានចេញសេចក្ដីប្រកាសព័ត៌មានដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ក្រោយស្ថានភាពទឹកក្នុងស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ដើម្បីបង្ការការពារនូវគ្រោះទឹកជំនន់ រដ្ឋបាលស្រុកមង្គលបូរី អំពាវនាវដល់ពលរដ្ឋ ត្រៀមស្បៀង រួមទាំងថ្នាំសង្កូវ ក្នុងករណីមានការជន់លិចផ្សេងៗ។
សេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកមង្គលបូរីចេញផ្សាយថ្ងៃទី២០ កញ្ញា បន្តថា ពលរដ្ឋត្រូវរៀបចំទុកឯកសារសំខាន់ៗ និងត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយទុកជម្លៀសនៅពេលទឹកជំនន់មកដល់។ ជាមួយគ្នានេះ ថែរក្សាកុមារតូច និងមិនត្រូវឱ្យកុមារចុះលេងទឹក តែម្នាក់ឯង ដោយគ្មានមនុស្សធំនៅក្បែរ ពិសេសត្រូវប្រុងប្រយ័ត្នសត្វអសិរពិស និងប្រព័ន្ធអគ្គិសនី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រាជធានីភ្នំពេញ និងខេត្តចំនួន១១ នឹងអាចរងជំនន់ទឹកភ្លៀង ពីថ្ងៃទី២២-២៨ កញ្ញា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com