ធនាគារជាតិ បានដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៩០លានហើយ ដើម្បីរក្សាតម្លៃអត្រាប្តូរប្រាក់រៀល

21/09/2021 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ នាថ្ងៃទី២០កញ្ញានេះ ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តដាក់ដេញថ្លៃនូវប្រាក់ចំនួន២០លានអាម៉េរិកទៀត ជាមួយវិស័យធនាគារ និងហិរញ្ញាវត្ថុ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា ខណៈតម្លៃប្រាក់រៀលនៅលើទីផ្សារបានធ្លាក់ចុះ។ ចាប់តាំងពីដើមខែកញ្ញាមក NBC បានបញ្ចេញប្រាក់ដុល្លារចំនួន ៩០លានហើយ ឱ្យវិស័យធនាគារ និងហិរញ្ញាវត្ថុ ដេញថ្លៃ។ បច្ចុប្បន្ន អត្រាប្តូរប្រាក់នៅទីផ្សារកម្ពុជា ១ដុល្លារអាម៉េរិក មានតម្លៃក្នុងរង្វង់៤ ១០០រៀល។

  

ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិក ជាបន្តបន្ទាប់សម្រាប់ឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ចូលរួមដេញថ្លៃ ដើម្បីជួយរក្សាតម្លៃអត្រាប្តូរប្រាក់នៅកម្ពុជា។ បើតាមធនាគារជាតិ ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលវិញនេះ  គឺធ្វើឡើងក្នុងគោលកាត់បន្ថយចំនួនប្រាក់រៀលនៅលើទីផ្សារ ដើម្បីឱ្យមានតុល្យភាពឡើងវិញរវាងតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀលនៅលើទីផ្សារ។
 
ពាក់ព័ន្ធនឹងវិធានការប្រមូលទិញប្រាក់រៀលពីធនាគារជាតិ តាមរយៈការដាក់ដេញថ្លៃប្រាក់ដុល្លារជាមួយវិស័យធនាគារនេះ ខាងសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លើកឡើងថា គឺជាវិធានការមួយដ៏ល្អប្រសើរក្នុងរក្សាតម្លៃប្រាក់រៀលរបស់កម្ពុជា។ បើតាមលោក អ៊ិន ចាន់នី ដែលប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ការដេញថ្លៃប្រាក់ដុល្លារនេះ គឺមានសារៈប្រយោជន៍ណាស់សម្រាប់តម្លៃប្រាក់រៀលនៅលើទីផ្សារដែលស្របទៅនឹងគោលរូបិយវត្ថុជាតិ។ 
 
«ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលចូលវិញ គឺដើម្បីបង្ការពីហានិភ័យនូវអតិផរណា»។ នេះជាការលើកឡើងរបស់លោក អ៊ិន ចាន់នី ដោយបានបន្តប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី២០កញ្ញា ដូច្នេះ៖ «ការដាក់ដេញថ្លៃប្រាក់ដុល្លារបែបនេះ ជាវិធានការមួយដ៏ល្អ និងត្រឹមត្រូវបំផុត សម្រាប់រក្សាតម្លៃប្រាក់រៀលរបស់យើង និងធ្វើឱ្យប្រាក់រៀលមានតម្លៃ និងស្ថិរភាពល្អ បើប្រៀបធៀបជាមួយរូបិយបណ្ណបរទេស ជាពិសេស ប្រាក់ដុល្លារ»។
 
ជាមួយនឹងនេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា កម្រិតអត្រាប្តូរប្រាក់ក្នុងរង្វង់  ៤ ១០០រៀល ក្នុងមួយដុល្លារនេះ គឺមិនមែន ជាអត្រាប្តូរប្រាក់មួយដែលធ្លាក់ទាបនៃតម្លៃប្រាក់រៀលឡើយ។  លោកបានបញ្ជាក់ថា ការប្រែប្រួលនៃអត្រាប្តូរប្រាក់នេះ គឺជានិន្នាការធម្មតា តាមពេល ឬតាមរដូវកាលដែលប្រជាពលរដ្ឋមានតម្រូវការប្រាក់រៀលខ្ពស់។
 
បើតាមលោក គា បូរាណ ភាពប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់ក្នុងរង្វង់៤ ១០០រៀលក្នុងមួយដុល្លារនោះ  គឺវាមានតាមរដូវកាលប្រចាំឆ្នាំ ដូចជា៖ រដូវចូលឆ្នាំខ្មែរ រដូវភ្ជុំបិណ្ឌ  និងរដូវកាលបង់ពន្ធប្រចាំឆ្នាំជាដើម។ 
 
គិតចាប់ពីថ្ងៃទី២កញ្ញាដល់ទី២០កញ្ញា ឆ្នាំ២០២១ ធនាគារជាតិបានបញ្ចេញប្រាក់ចំនួន ៩០លានដុល្លារម៉េរិក ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារ តាមរយៈការចូលដេញថ្លៃពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់។  នេះសេចក្តីជូនដំណឹងរបស់ធនាគារជាតិ៕ 
 
 
 
 
 

 

ព័ត៌មានទាក់ទង