ខ្មែរមានសូត្រតាំងពីសម័យបុរេប្រវត្តិ?

30/10/2021 2:00 pm ភ្នំពេញ

ដោយ៖ ថ្មីៗ២៥ 

ភ្នំពេញ៖ តាមការស្រាវជ្រាវ សូត្របានចាប់កំណើតតាំងពីសម័យបុរេប្រវត្តិ ដោយរកឃើញភស្ដុតាងមួយចំនួន នៅស្ថានីយសំរោងសែន ក្នុងខេត្តកំពង់ឆ្នាំង និងស្ថានីយម្លូព្រៃ ក្នុងខេត្តព្រះវិហារ គឺតាំងពីមុនខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាទៅទៀត។ កាលសម័យនោះ គេត្បាញសូត្រ ដើម្បីស្លៀកពាក់ក្នុងកុលសម្ព័ន្ធ ក្នុងក្រុម ឬក្នុងសហគមន៍ ដែលរស់នៅតាមតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។ នេះជាការបញ្ជាក់របស់ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ អំពីប្រវត្តិសូត្រខ្មែរ។ លោកថា ការធ្វើកំណាយរបស់ក្រុមអ្នកជំនាញកន្លងទៅ បានរកឃើញស្លាកស្នាម ឧបករណ៍ក្រសាល់(ឧបករណ៍រវៃសូត្រ ឬអំបោះ) ធ្វើពីដីដុត និងធ្វើពីថ្មរំលីង ដែលបន្សល់ពីមនុស្សសម័យបុរេប្រវត្តិ។
លោក សុធី បានពន្យល់ថា ប្រជាជនខ្មែរកាលពីជំនាន់ដើម បានវិវឌ្ឍន៍ការស្លៀកពាក់ ពីការស្លៀកស្លឹកឈើ ទៅស្លៀកប៉ឹង បន្ទាប់មកពួកគេចេះយកអំបោះ ឬសូត្រមកប្រើប្រាស់។ ទោះជាយ៉ាងណា កាលសម័យនោះ ការត្បាញសូត្រនៅមិនទាន់មានក្បាច់រចនាច្រើនឡើយ។ ប៉ុន្តែបន្ទាប់ពីព្រះបាទ ហ៊ុន ទៀន (ព្រះថោង) ដែលជាបឋមក្សត្រនៃកម្ពុជា បានឡើងគ្រងរាជ ទ្រង់បានធ្វើឱ្យសូត្រខ្មែរ កាន់តែមានការរីកចម្រើនឡើង។


លោក ឈឹម សុធី បញ្ជាក់បន្ថែម៖«ជំនាន់ដើមសូត្រមិនសូវមានក្បាច់ទេ ដូចជាជនជាតិដើមភាគតិច ដែលរស់នៅដល់សព្វថ្ងៃ សម្លៀកបំពាក់របស់គាត់ ក៏មិនសូវមានក្បាច់ច្រើនដែរ។ មកដល់ជំនាន់មានស្តេច គេបែងចែកសម្លៀកបំពាក់ដែលត្បាញពីសូត្រតាមលំដាប់ តាំងពីប្រជាជនធម្មតា រហូតដល់ព្រះមហាក្សត្រ ដោយកំណត់តាមពណ៌ និងក្បាច់ផ្កា។ ប្រជាជនចាប់ផ្ដើមចិញ្ចឹមនាង ដាំមនជាដើម ដែលធ្វើឱ្យសូត្រខ្មែរកាន់តែល្បី ហើយឥណ្ឌា និងចិនចេញចូលខ្មែរច្រើន ដើម្បីធ្វើជំនួញ។ ការស្រាវជ្រាវពីសូត្រនេះ ធ្វើតាំងពីជំនាន់បារាំង រហូតដល់បច្ចុប្បន្ន ក៏គេនៅតែស្រាវជ្រាវដែរ»។

លោក សុធី បន្ថែមទៀតថា ក្នុងអំឡុងសតវត្សទី ៦-៧ មានការឆ្លងឥទ្ធិពលវប្បធម៌គ្នាទៅវិញទៅមក ពីជ្វា ក៏ដូចជាឥណ្ឌាមកខ្មែរ។ បន្ទាប់មកទៀត ក្នុងអំឡុងសតវត្សទី ៧-៨ សិល្បៈសូត្រខ្មែរ មានការប្រែប្រួលរចនាបថកាន់តែទំនើប។ រហូតចូលដល់សម័យអង្គរ ការរចនាម៉ូតសូត្រកាន់តែខ្ពស់ជាងមុន ដោយបានបង្ហាញយ៉ាងច្បាស់ ពីការស្លៀកពាក់របស់ស្រីទេពអប្សរ ដែលបានឆ្លាក់លើប្រាសាទអង្គរវត្តស្រាប់។ លោក សុធី ថាក្នុងសតវត្សទី ៩-១០ អ្វីៗគឺប្រែប្រួលទាំងអស់ ទាំងការស្លៀកពាក់ ទាំងគ្រឿងអលង្ការកាន់តែស្អាត។ ដល់សតវត្សទី១១ កាន់តែខ្ពស់ជាងមុនទៅទៀត គឺបានបញ្ជាក់លើចម្លាក់នៅប្រាសាទបន្ទាយស្រី ប្រាសាទប្រែរូប ប្រាសាទមេបុណ្យ និងប្រាសាទជាច្រើនទៀត ក្នុងតំបន់ជុំវិញអង្គរ។ សតវត្សទី១២ ជាសតវត្សចាប់ផ្ដើមកសាងអង្គរ ដូច្នេះការចនាគ្រប់វិស័យ កាន់តែប្លែកថែមទៀត។



លោក ឈឹម សុធី បន្ថែម៖«នេះគឺការវិវឌ្ឍសម្លៀកបំពាក់ខ្មែរ ការត្បាញជាអន្លូញ និងហូលផាមួង។ ការវិវឌ្ឍសម្លៀកបំពាក់ ពីសម័យនគរភ្នំ មកសម័យអង្គរ មានការល្អជាលំដាប់ កាន់តែខ្ពស់ឡើង។ សតវត្សទី១៣ មានរចនាបថបាយ័ន អ្វីៗកាន់តែប្លែក ធ្វើឱ្យនារីកាន់តែលើកសម្រស់ស្អាត ព្រោះតែការរចនាសម្លៀកបំពាក់។ ក្រោយសតវត្សទី១៣ ប្រទេសជាតិរៀងធ្លាក់ចុះក្រោម ព្រោះមានសង្គ្រាមច្រើនជាមួយបរទេស។ ដល់សម័យលង្វែកមានការរីកចម្រើនដែរ ប៉ុន្តែក៏មានសង្គ្រាមច្រើន ជាមួយប្រទេសជិតខាងដែរ»។
លោក សុធី លើកឡើងទៀតថា មកដល់សម័យឧដុង្គ ស្ដេចខ្មែរមានទំនាក់ទំនងច្រើនជាមួយសៀម ដូច្នេះការស្លៀកពាក់ ក៏មានការរីកចម្រើនដែរ រហូតដល់សម័យបារាំង ស្ត្រីខ្មែរចាប់ផ្ដើមពាក់អាវ។ ប្រជាជនខ្មែរ ត្បាញសូត្រក្រោមផ្ទះ ដោយនៅទូទាំងប្រទេសសុទ្ធតែមានកន្លែងត្បាញ។ ប្រធាននាយកដ្ឋានរូបនេះ ថា កាលជំនាន់ដើម ស្ត្រីខ្មែរត្រូវតែចេះត្បាញហូល ផាមួង និងក្រមាជាដើម ដើម្បីប្រើប្រាស់ក្នុងគ្រួសារ។

«វិស័យតម្បាញខ្មែររីកច្រើនគ្រប់កន្លែង គ្រាន់តែថាពេលខ្លះធ្លាក់ចុះ ឬងើបឡើងដោយសារតែសង្គ្រាម។ បន្ទាប់ពីគេធ្វើស្រែចម្ការរួច គេទំនេរគេត្បាញ។ ការរីកចម្រើនវិស័យតម្បាញ អាស្រ័យលើប្រទេសជាតិ មានសន្តិសុខ និងសន្ដិភាព បើប្រទេសមានសង្គ្រាមច្រើន មិនសូវបានត្បាញទេ គិតតែរត់»។ នេះជាការពន្យល់របស់លោក ឈឹម សុធី។
ប្រធាននាយកដ្ឋានសិល្បៈសូនរូប លោក សុធី បានកត់សម្គាល់ឃើញថា បច្ចុប្បន្នទីផ្សារសូត្រធ្លាក់ចុះ ធ្វើឱ្យអ្នកត្បាញមួយចំនួន បោះបង់ចោលការត្បាញសូត្រ ហើយនាំគ្នាទៅធ្វើការងាររោងចក្រ។ ស្របពេលសម្លៀកបំពាក់ជជុះនាំចូលកាន់តែច្រើន យុវនារីជំនាន់នេះភាគច្រើន ក៏និយមស្លៀកសម្លៀកបំពាក់ទំនើប ដោយមិនសូវចាប់អារម្មណ៍រឿងប្រពៃណីដែរ។
«ខែបុណ្យភ្ជុំ ឬចូលឆ្នាំ ស្រីៗស្លៀកខោខូវប៊ូយចូលវត្តក៏មាន។ ការយល់ឃើញរបស់មនុស្សកាន់តែបែកឆ្ងាយ ធ្វើឱ្យប្រពៃណីកាន់តែឃ្លាតឆ្ងាយដែរ។ ខំត្បាញចង់ងាប់ លក់១ចំណេញតិចតួច ទៅធ្វើការរោងចក្រមួយខែ បាន២ ទៅ៣រយដុល្លារដែរ។ ដូច្នេះគេរត់រកមួយណាដែលស្រួលជាង ហើយប្រពៃណីវប្បធម៌ គេទុកមួយដុំសិន។ ឥឡូវនៅតាមផ្ទះ សល់តែយាយៗ គាត់នៅត្បាញតិចតួច ក្មេងមានកម្លាំង ទៅធ្វើការផ្សេងអស់ហើយ។ ពេលទីផ្សារងើបឡើង គេអាចមកត្បាញវិញ។ អ្នកប្រើប្រាស់ភាគច្រើន ខ្មែរនៅក្រៅប្រទេស ដូចនៅបារាំង អាម៉េរិក និងខ្មែរក្នុងស្រុកមួយចំនួន។ ខ្មែរហ្នឹងទាល់តែគេយល់ទៀតថា របស់ហ្នឹងពិបាកធ្វើណាស់ ទម្រាំយកសូត្រមួយសរសៃៗទៅត្បាញបាន គេឱ្យតម្លៃទៀត ទើបគេទិញ»។

ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម លោក ឈឹម សុធី សង្កត់ធ្ងន់ថា កម្ពុជា ខ្វះខាតការដាំមន និងចិញ្ចឹមនាងដោយខ្លួនឯង ក្នុងទ្រង់ទ្រាយធំ ដែលអាចប្រមូលផលបានរាប់តោន។ លោកថា ខ្មែរមានការដាំមនដែរ ប៉ុន្តែដាំក្នុងចំនួនតិចតួច ជាលក្ខណៈគ្រួសារ និងដាំគ្រាន់ជាការបង្ហាញដល់ភ្ញៀវទេសចរប៉ុណ្ណោះ។ ប្រសិនបើមានការគាំទ្រផ្នែកថវិកាពីរដ្ឋ លោក សុធី ជឿជាក់ថា វិស័យសូត្រខ្មែរ នឹងរីកចម្រើនឡើងវិញ៕

 

ព័ត៌មានទាក់ទង