ប្រធានមន្ទីរទេសចរណ៍៖ ផ្លូវជាតិលេខ៣ស្រួលធ្វើដំណើរ ធ្វើឱ្យកំពតមានទេសចរកាន់តែច្រើន

22/10/2021 9:00 am កំពត

ដោយ៖ ជឿន​ ស្រីណយ​
​ខេត្តកំពត ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក ក្នុងបរិបទកូវីដ-១៩។ ក្នុងខេត្ត​កំពត​ ស្ទើរតែគ្រប់ផ្នែកទៅហើយ ដែល​សុទ្ធតែអាចទទួលភ្ញៀវទេសចរបាន។  ទឹកធ្លាក់ សមុទ្រ ភ្នំ និងផ្លែឈើ សុទ្ធតែសក្តានុពលសំខាន់ៗក្នុងខេត្តកំពត​។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិលេខ៣ ដែលសាងសង់ជិតរួចរាល់ ក៏ធ្វើឱ្យទេសចរ​កាន់តែសម្រុកទៅខេត្តនេះផងដែរ ព្រោះទេសចរពីភ្នំពេញ ចំណាយពេលជាង២ ម៉ោងប៉ុណ្ណោះសម្រាប់ការ​ធ្វើដំណើរ​ទៅ​កាន់ខេត្ត​កំពត។



សូមអញ្ជើញលោក អ្នកនាង ស្ដាប់បទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក​ សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដូចតទៅ៖


ជឿន ស្រីណយ៖ ក្នុងរយៈពេល ៨ខែមកនេះ មិនទាន់មានខេត្តណាមួយ យកឈ្នះខេត្តកំពតបានទេ ចំពោះចំនួនភ្ញៀវទេសចរទៅកម្សាន្ត។ តើលោកអាចលើកឡើងបានទេថា ក្នុងខេត្តកំពតមានគោលដៅទេសចរណ៍សំខាន់ៗអ្វីខ្លះ?
លោក សយ ស៊ីណុល៖ ខេត្តកំពតមានគោលដៅទេសចរណ៍២១កន្លែង ក្នុងនោះមានសហគមន៍៤ ។
ក្នុងបរិបទកូវីដ-១៩នេះ​ យើងមិននិយាយពីទេសចរបរទេសទេ ហើយចំពោះទេសចរក្នុងស្រុកភាគច្រើនទៅកម្សាន្តនៅគោលដៅសំខាន់ៗ ២ គឺភ្នំបូកគោ និងតំបន់ទឹកឈូរ។ ក្រៅពីនេះមានសក្តានុពលផ្សេងទៀតដូចជាកន្លែងបោះតង់ តំបន់ស្រែអំបិល ចម្ការម្រេច​ និងតំបន់ភ្នំជាដើម។

ជឿន ស្រីណយ៖ ឃើញថាខេត្តកំពតមានគោលដៅទេសចរណ៍ច្រើនហើយ ប៉ុន្តែលោក អាចបញ្ជាក់បន្ថែមបានទេថា តើអ្វីជាភាពពិសេសរបស់ខេត្តកំពត ដែលធ្វើឱ្យទេសចរមិនជិនណាយក្នុងការដើរកម្សាន្ត?

សយ ស៊ីណុល៖ ទីមួយ ខេត្តកំពតនៅជិតភ្នំពេញ។ បើនិយាយពីការធ្វើដំណើរវិញទេសចរចំណាយពេលតិច ព្រោះផ្លូវជាតិលេខ៣ឥឡូវស្រួលធ្វើដំណើរ។ ភ្ញៀវចំណាយពេលប្រមាណ ២ម៉ោងគឺមកដល់កំពតហើយ។ ទីពីរ ភ្ញៀវទេសចរអាចមកកម្សាន្តនៅខេត្តកំពតទាំង២រដូវ មានន័យថា នៅរដូវប្រាំងក៏យើងមានកន្លែងដែលទេសចរទៅកម្សាន្ត ហើយរដូវវស្សាក៏យើងមានដែរគឺ ផ្លែទុរេនក្នុងខេត្តកំពតក៏បានជំរុញឱ្យទេសចរមកកម្សាន្តដែរ។ យើងដឹងហើយថា ទុរេននៅកំពតមានភាពល្បីល្បាញ ហើយគ្របដណ្ដប់ប្រមាណ២ខែឯណោះ គឺចន្លោះពីចុងខែឧសភា ដល់កក្កដា អ៊ីចឹងទោះរដូវភ្លៀងក៏ទេសចរមកដែរ ព្រោះភាពល្បីល្បាញនៃផ្លែទុរេន។

ទីបី ទេសចរណ៍នៅខេត្តកំពតនេះមានច្រើនប្រភេទ យើងមានទឹកធ្លាក់ ព្រៃភ្នំ ទីខ្ពស់ដូចភ្នំបូកគោ ​មានអាកាសធាតុបរិសុទ្ធ មានរូងភ្នំ ប្រាសាទ ការកម្សាន្តបែបឡើងភ្នំ ហើយយើងមានតំបន់សត្វក្រៀល។ យើងក៏មានព្រៃកោងកាង នៅសហគមន៍អេកូទេសចរណ៍កោងកាង។ បន្ថែមពីនេះយើងមានចម្ការម្រេច ជាតំបន់កសិ-ទេសចរណ៍ដែលមានភាពទាក់ទាញ ព្រោះក្រៅពីមានម្រេចហើយ នៅតំបន់នោះមានភាពអំណោយផល ទេសភាពស្អាត ។

ជឿន ស្រីណយ៖ ខេត្តកំពត មានសក្តានុពលគ្រប់ផ្នែក ដែលបានជំរុញទេសចរឱ្យទៅដើរកម្សាន្ត។ ជាមួយគ្នានេះដែរ តើមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាអាជ្ញាធរ មានផែនការយ៉ាងណា ដើម្បីបង្កើនផលិតផលទេសចរណ៍ ដើម្បីទាក់ទាញទេសចរបន្ថែមទៀត?

សយ ស៊ីណុល៖ យើងមានផែនការ ៥ឆ្នាំ ក្នុងការអភិវឌ្ឍទេសចរណ៍ គឺឆ្នាំ២០១៩-២០២៣​។ ឥឡូវក្នុងបរិបទកូវីដ-១៩ យើងបានរុញផែនការចាស់របស់យើងទៅជាផែនការ បច្ចុប្បន្នកម្មវិញ គឺឆ្នាំ២០២១-២០២៥។ ក្នុងផែនការនេះគឺ យើងលើកឡើងយុទ្ធសាស្ត្រក្នុងការបង្កើនភាពទាក់ទាញលើ ផលិតផលដែលយើងមានស្រាប់ដូចជា ធនធានធម្មជាតិ និងវប្បធម៌។ យើងក៏បង្កើនផលិតផលបន្ថែម ដូចជា កន្លែងស្នាក់នៅ រីសត បានកកើតឡើងជាច្រើនទោះក្នុងបរិបទកូវីដក៏ដោយ។ យើងក៏មានផែនការបណ្ដុះបណ្ដាលដល់អ្នកបម្រើសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងការប្រកួតប្រជែង។ យើងមានផលិតផលហើយ ដូច្នេះយើងក៏កំពុងជំរុញការផ្សព្វផ្សាយបន្ថែមទៀតដែរ។

ជឿន ស្រីណយ៖ លោកបានលើកឡើងពីកំណើនរីសត និងផលិតផលទេសចរណ៍។ តើគិតមកទល់ពេលនេះ ក្នុងខេត្តកំពតមានសេវាស្នាក់នៅប៉ុន្មាន ចំណែកសេវាម្ហូបអាហារយ៉ាងណាដែរ?

សយ ស៊ីណុល៖ ទោះកូវីដ-១៩មែន ប៉ុន្តែសំណង់ក្នុងខេត្ត និងតំបន់ផ្សេងៗមានការកើនឡើងយ៉ាងខ្លាំង។ សំណង់ខ្លះក៏សាងសង់រួចរាល់ ហើយសំណង់ខ្លះទៀតក៏កំពុងដំណើរការ។ ចំណែកសេវាម្ហូបអាហារក៏មានការកើនឡើងដែរ។ មកដល់ពេលនេះកន្លែងស្នាក់នៅមានប្រមាណ ៣០០មូលដ្ឋានអាជីវកម្ម ដែលមានប្រមាណ ៤ ០០០បន្ទប់ គ្រប់កម្រិត ចាប់ពីបន្ទប់ធម្មតា រហូតដល់ទំនើប។ ចំណែកសេវាភោជនីយដ្ឋានមានជិត ២០០ទីតាំង៕

 

ព័ត៌មានទាក់ទង