មន្ទីរបរិស្ថាន ដាំកូនឈើក្រញូង ១ពាន់ដើមនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីស្ដារឈើប្រណិត

17/09/2021 2:00 pm ឧត្តរមានជ័យ


ដោយ៖ ស៊ុល រ៉វី
ឧត្ដរមានជ័យ៖ មន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ បានដាំកូនឈើក្រញូង ១០០០ដើម ក្នុងចម្ការឈើប្រណិត នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីអបអរសាទរ ទិវាអូហ្សូនអន្តរជាតិនៅថ្ងៃទី ១៦ ខែកញ្ញា។


 

ក្នុងឆ្នាំនេះ ទិវាអូហ្សូនអន្តរជាតិ  ប្រារព្ធក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់» ដើម្បីបំផុសស្មារតីពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅផែនដី។  

ដើម្បីអបអរសាទរទិវាអូហ្សូនអន្តរជាតិនេះ មន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ បានប្រារព្ធទិវានេះ និងបានដាំកូនឈើក្រញូង ១ ០០០ដើម នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ក្នុងខេត្តឧត្ដរមានជ័យ។  លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជាគោលបំណងនៃការជ្រើសរើសដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត សម្រាប់ដាំដើមឈើ ដើម្បីស្ដារឈើប្រណិតឡើងវិញ នៅទីតាំងឈើរឹចរឹល។ លោកបន្ថែមដូច្នេះថា៖«ដើមឈើទាំងនោះ ដែលយើងដាំ គឺយើងដាំក្នុងចម្ការឈើប្រណិតតែម្ដង ដែលមន្ទីរបានរៀបចំ ចម្ការឈើប្រណិតមួយ មានទំហំផ្ទៃដី ១០០ហិកតា នៅក្នុងព្រៃសង្ឃរុក្ខវ័ន្តហ្នឹង ហើយស្ថិតក្នុងតំបន់ដែលមានឈើរេចរឹល»។ 

ជាមួយគ្នានេះ ក្នុងសារលិខិតអបអរសាទរទិវាអូហ្សូនអន្តរជាតិ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីការប្ដេជ្ញា និងអនុវត្តការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្ដានុពលធ្វើឱ្យកើនកម្ដៅខ្ពស់។ 

លោក សាយ សំអាល់ បានលើកឡើងដូច្នេះ៖«កម្ពុជាកំពុងអនុវត្ដផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះដំណោះស្រាយប្រសិទ្ធិភាពថាមពលក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ ដែលមានសក្ដានុពលកម្ដៅសាកលទាប ឬសូន្យ។ តាមរយៈផែនការនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខ ថាមពលផងដែរ»។ 

សូមជម្រាបផងដែរថា «ទិវាអូហ្សូនអន្តរជាតិ» ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៦ខែកញ្ញា តាំងពីឆ្នាំ ១៩៩៥មក ដើម្បីរម្លឹកដល់ថ្ងៃបង្កើតពិធី សារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាងច្រើន ក្នុងការចូលរួមសម្រេច ឆ្ពោះទៅកាន់ការការពារឱ្យបាននូវស្រទាប់អូហ្សូន របស់ភពផែនដី។ ការប្រារព្ធទិវានេះទៀតសោត ឆ្នាំនេះត្រូវជាខួបលើកទី៣៤ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ស្ដីពីសារធាតុ បំផ្លាញស្រទាប់អូហ្សូន» ក្នុងឆ្នាំ ១៩៨៧៕
 

ព័ត៌មានទាក់ទង