បុគ្គលល្បី៦រូប ក្នុងសម័យសង្គមរាស្រ្តនិយម

18/09/2021 9:00 am ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី
សម័យសង្គមរាស្ត្រនិយម ត្រូវបានចាត់ទុកជាសម័យស៊ីវីល័យ ដោយសារពេលនោះ កម្ពុជាមានសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ​ ជាពិសេសវិស័យអប់រំ ចរាចរតាមអាកាស ស្ថាបត្យកម្ម កសិឧស្សាហកម្ម និងសិល្បៈទស្សនីយភាព និងភាពយន្ត។ លើសពីនេះ ក្នុងសម័យនោះ មានបុគ្គលល្បីល្បាញជាច្រើន ដែលបានបន្សល់ទុកស្នាដៃដ៏មានតម្លៃដល់ពេលបច្ចុប្បន្ន។ បុគ្គលល្បីៗ និងមានទេពកោសល្យ ក្នុងសម័យសង្គមរាស្រ្តនិយមរួមមាន៖


 

សម្ដេចព្រះមហាសុមេធាធិបធិបតី ជួន ណាត (១៨៨៣-១៩៦៩)

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត  ប្រសូតនៅខេត្តកំពង់ស្ពឺ និងបានបួសរៀនតាំងពីព្រះជន្ម ១៤ព្រះវស្សា។ សម្ដេចចេះច្រើនភាសា ក្នុងនោះភាសាបាលី សំស្ក្រឹត ថៃ ឡាវ បារាំង វៀតណាម និងអង់គ្លេសជាដើម។ តាំងពីឆ្នាំ ១៩១៩ សម្ដេចបានសិក្សាស្រាវជ្រាវ និងបន្សល់ទុកស្នាដៃជាច្រើន ទាក់ទងនឹងភាសាខ្មែរ ជាពិសេសការរៀបរៀង និងកែសម្រួលវចនានុក្រមខ្មែរ។

លោក កេង វ៉ាន់សាក់ (១៩២៥-២០០៨)

លោក កេង វ៉ាន់សាក់ កើតនៅខេត្តពោធិ៍សាត់ និងបញ្ចប់ការសិក្សាផ្នែកទស្សនវិជ្ជានៅប៉ារីស។ លោកមានទេពកោសល្យផ្នែកអក្សរសាស្ត្រ និងតែងនិពន្ធ។ ស្នាដៃលេចធ្លោរបស់លោក គឺសៀវភៅ «មូលដ្ឋាននៃការបង្កើតពាក្យថ្មី» ដែលប្រើភាសាខ្មែរ ជាមូលដ្ឋានបង្កើតថ្មី។

លោក វណ្ណ ម៉ូលីវណ្ណ (១៩២៦-២០១៧)

លោក វណ្ណ ម៉ូលីវណ្ណ កើតនៅខេត្តកំពត និងបានសិក្សាផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈជាតិជាន់ខ្ពស់ នៅប៉ារីស។ ស្នាដៃសំខាន់ៗរបស់លោក មានដូចជាវិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបាត់ដំបង ជាដើម។

លោក នូ ហាច (១៩១៦-១៩៧៥)
លោក នូ ហាច ជាកូនកសិករនៅខេត្តបាត់ដំបង ដោយមានឧបនិស្ស័យក្នុងការតែងនិពន្ធលោកបានបន្សល់ទុកស្នាដៃកំណាព្យ និងប្រលោមលោកជាច្រើន។ ស្នាដៃល្បីល្បាយរបស់លោក រឿង «ផ្កាស្រពោន» បានក្លាយជារឿង ដែលមានការទទួលស្គាល់ពីមហាជន និងត្រូវបានជ្រើសរើសយកមកបង្រៀន ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅបច្ចុប្បន្ន។ 

លោក ស៊ិន ស៊ីសាមុត (១៩៣២-១៩៧៦)
លោក ស៊ិន ស៊ីសាមុត ជាអ្នកខេត្តស្ទឹងត្រែង និងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ នៅភ្នំពេញ។ មានទេពកោសល្យផ្នែកសិល្បៈពីកំណើត លោកបានបោះបង់ជំនាញពេទ្យ មកចាប់អាជីបសិល្បៈវិញ។ លោកបានបន្សល់ស្នាដៃចម្រៀងរាប់ពាន់បទ ដែលធ្វើឱ្យលោកក្លាយជា អធិរាជសំឡេងមាស ដែលមានការគាំទ្រ គ្រប់ស្រទាប់វណ្ណៈ តាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។ 

លោកស្រី រស់ សេរីសុទ្ធា (១៩៤៦-១៩៧៧)
លោកស្រី រស់ សេរីសុទ្ធា ជាអ្នកខេត្តបាត់ដំបង និងមានសំឡេងពិរោះពីកំណើត។ អ្នកស្រីបានចាប់អាជីពជាអ្នកចម្រៀង ហើយនៅឆ្នាំ១៩៦៣ ក៏បានទទួល ពានមាសលេខមួយប្រចាំខេត្ត ។ លោកស្រីទទួលបានងារ រាជិនីសំឡេងមាស ដែលជាតារាចម្រៀងខ្មែរ ដ៏ល្បីល្បាយក្នុងអំឡុង សតវត្សរ៍ឆ្នាំ៦០ និង៧០។ អ្នកស្រីក៏ជាដៃគូចម្រៀងអាយ៉ៃឆ្នើម របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត៕
(ដកស្រង់ពីសៀវភៅ ខ្ញុំចង់ដឹង «ជនជាតិខ្មែរ ឆ្នាំ១៩៥៣-បច្ចុប្បន្ន» ភាគ៣ ទំព័រទី ១៤ និង ១៥)


 

ព័ត៌មានទាក់ទង