វៀតណាមស្ថិតក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ មុនទទួលបានឯករាជ្យនៅសវត្សរ៍ទី១០

17/09/2021 1:00 pm ភ្នំពេញ

ដោយ៖ ហុង ស្រីណា 

ប្រទេសវៀតណាម ជាប្រទេសមួយដែលស្ថិតនៅប៉ែកខាងកើត នៃប្រទេសកម្ពុជា។ ប្រទេសនេះ មានរាងទ្រវែងសណ្តូកពីជើងទៅត្បូងតាមឆ្នេរសមុទ្រចិន ជាប់ព្រំដែនកម្ពុជា និងឡាវ។ រដ្ឋធានី នៃប្រទេសវៀតណាម គឺក្រុងហាណូយ ដែលស្ថិតនៅភាគខាងជើងនៃប្រទេស។ មុនទទួលបានឯករាជ្យ ប្រទេសមួយនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ។ ការណ៍នេះ ក៏បានធ្វើឲ្យការប្រើប្រាស់អក្សរចិនក្នុងប្រទេសវៀតណាម រីកសាយភាយ មុនកម្លាយបានជាអក្សរវៀតណាមប្រើប្រាស់សព្វថ្ងៃ។

 

ជនជាតិវៀតណាម មានដើមកំណើតចេញពីកុលសម្ព័ន្ធ ដែលរស់នៅក្នុងភាគខាងជើង។ ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ។ នៅ សវត្សរ៍ទី១០ ពួកគេបានរំដោះខ្លួន រួចបង្កើតរដ្ឋឯករាជ្យមួយឈ្មោះថា ដាយវៀត។ បន្ទាប់មក ពួកគេចាប់ផ្តើមពង្រឹកទឹកដីឆ្ពោះមកទិសខាងត្បូង។ បន្តិចម្តងៗ ពួកគេស្រូបយកប្រទេសចម៉្បា និងដែនដីកម្ពុជាក្រោម។ នេះបើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា»។ 

នៅសវត្សរ៍ទី១៩ វៀតណាមបានធ្លាក់ក្រោមអាណានិគមបារាំង។ បារាំង បានដកថយនៅឆ្នាំ ១៩៥៤ ក្រោយចាញ់សង្រ្គាមនៅឌៀនបៀនភូ។ វៀតណាម បានបែកជាពីរ ដែលមានភាគខាងជើងកុម្មុយនីស្ត និងភាគខាងត្បូងទទួលជំនួយពីអាមេ៉រិក។ ភាគខាងជើង និងខាងត្បូង ច្បាំងគ្នាយ៉ាងយូរ ដែលធ្វើឲ្យស្លាប់ទាហាន និងជនស៊ីវិលវៀតណាមជិត ២លាននាក់ និងទាហានអាមេរិកជិត ៥៧ ០០០នាក់។ នៅឆ្នាំ១៩៧៥ ភាគខាងជើងច្បាំងឈ្នះភាគខាងត្បូង ហើយប្រទេសរួបរួមគ្នា បានដូរឈ្មោះទៅជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

ចំពោះអក្សរ ដែលប្រើប្រាស់ក្នុងប្រទេសវៀតណាមនេះ បានដូរជាច្រើនលើកមកហើយ ដោយសវត្សរ៍ទី១០ វៀតណាមប្រើអក្សរចិន។ រហូតដល់ សវត្សរ៍ទី១៣ គេដូរមកប្រើអក្សរវៀតណូម ដោយអក្សរចិនកែទៅតាមសូរវៀតណាម។ ដល់សវត្សរ៍ទី១៧ ជនជាតិបារាំងឈ្មោះ អាឡិចសង់ ដឺ រ៉ូត បានបង្កើតអក្សរកុកងឺ ដោយប្រើតួអក្សរឡាតាំងថែមសញ្ញា។ តាំងពីពេលនោះមក អក្សរកុកងឺក្លាយជាអក្សរជាតិរបស់វៀតណាម។ 

ងាកចេញពីប្រវត្តិសាស្រ្តនៃប្រទេសវៀតណាម ចូលមកដល់ប្រវត្តិទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមវិញ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពសាំញុាំ និងចម្រូងចម្រាសរហូតដល់ទសវត្សឆ្នាំ១៩៨០ ដែលកងទ័ពវៀតណាមបានដកថយទៅវិញ បន្ទាប់ពីបានចូលមកជួយកម្ចាត់ខ្មែរក្រហមនៅឆ្នាំ១៩៧៩។ បច្ចុប្បន្ន កម្ពុជា និងវៀតណាម កំពុងដោះស្រាយបញ្ហាសេសសល់ (ព្រំដែន និងអន្តោប្រវេសន៍ខុសច្បាប់...) និងពង្រឹកទំនាក់ទំនងមួយបែបថ្មី ក្នុងថានៈដែលប្រទេសទាំងពីជាសមាជិកអាស៊ាន។ 

បច្ចប្បន្ន ៧០ភាគរយនៃប្រជាជនវៀតណាមប្រកបរបរកសិម្ម  ដោយសារបណ្តាញធារាសាស្រ្តមានលក្ខណៈល្អ ដែលអាចដាំដុះបានគ្រប់រដូវ។ វៀតណាមនាំផលិតផលជាច្រើនមុខចេញទៅបរទេស ដូចជាអង្ករ ម្រេច តែ បន្លែ ផ្លែឈើជាដើម។ ឧស្សាហកម្មទទួលអត្ថប្រយោជពីធនធានធម្មជាតិសម្បូរបែប ដូចជា ធ្យូងថ្ម, កំណប់ប្រេងកាត និងវារីអគ្គិសនី រួមទាំងពីទុនវិនិយោគបរទេស ពិសេសក្រោយទសវត្សឆ្នាំ១៩៨០។ ប្រទេសនេះ បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៥ ដោយបានជួយបង្កើនការផ្តោះប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសនានានៅអាស៊ីអាគ្នេយ៍។

ចំពោះក្រុងហូជីមិញ ដែលដើមឡើយមានឈ្មោះថា ក្រុងព្រៃនគរ ក្រោយមកវៀតណាមហៅថា សៃហ្គន រហូតដល់ឆ្នាំ១៩៧៥ ជាក្រុងធំបំផុតនៅប្រទេសវៀតណាម ហើយបច្ចុប្បន្នជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេសនេះ៕

 

ព័ត៌មានទាក់ទង