សម្ដេច ហ៊ុន សែន នឹងរៀបចំទេសចរវ៉ាក់សាំង ដើម្បីទទួលភ្ញៀវបរទេស មកកម្ពុជា

17/09/2021 11:00 am ភ្នំពេញ

ដោយ៖ ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ រដ្ឋាភិបាល នឹងរៀបចំផែនការទេសចរវ៉ាក់សាំង ដើម្បីទទួលភ្ញៀវបរទេស មកលេងកម្សាន្តនៅកម្ពុជា។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីចាក់វ៉ាក់សាំងឱ្យកុមារពីអាយុ៦ដល់១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ កញ្ញា។



សម្ដេច ហ៊ុន សែន បានពន្យល់ថា ផែនការទេសចរវ៉ាក់សាំងនេះ គឺដើម្បីសម្រួលឱ្យភ្ញៀវទេសចបរទេស ដែលបានចាក់វ៉ាក់សាំងហើយ ធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ពោលគឺមិនចាំធ្វើនៅដោយឡែក១៤ ឬ២១ថ្ងៃ ដូចមុនឡើយ។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ផែនការនេះ ក៏សម្រួលឱ្យភ្ញៀវទេសចរមកកម្ពុជា មិនបានចត្តាឡីស័ក នៅតែក្នុងសណ្ឋាគារដូចមុនដែរ។ បានន័យថា ពួកគេអាចធ្វើដំណើរទស្សនានៅក្នុងតំបន់ទេសចរណ៍នៅកម្ពុជា តាមរយៈការរៀបចំរបស់អាជ្ញាធរ។ ក្នុងន័យនេះ សម្ដេច ក៏បានបញ្ជាឱ្យអាជ្ញាធរគិតគូរពីការរៀបចំតំបន់ សម្រាប់ភ្ញៀវទេសចរវ៉ាក់សាំង អំឡុងពេលចត្តាឡីស័កនេះ។


 
«ចត្តាឡីស័ក៧ថ្ងៃ ប៉ុន្តែអ្នកឯងមានសិទ្ធិដើរនៅក្នុងតំបន់ទេសចរណ៍នោះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កក្នុងសណ្ឋាគារដូចមុនឡើយ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ភ្ញៀវទេសចរក្នុងស្រុក ក៏កំពុងដើរលេងកម្សាន្តច្រើននៅក្នុងបរិបទកូវីដ-១៩ នេះ ដែលជាផ្នែកមួយបង្ហាញថា ទេសចរណ៍ផ្ទៃក្នុងកំពុងរីកចម្រើនផងដែរ៕

ព័ត៌មានទាក់ទង