«ភ្នំបាខែង» ជាទីគយគន់អង្គរវត្ត និងបារាយណ៍ខាងលិច ដ៏ពេញនិយម នាពេលសន្ធិប្រកាស

08/04/2022 4:00 pm សៀមរាប

ដោយ៖ ឡុង តូន 

សៀមរាប៖ ទេសចរភាគច្រើន កាលណាឡើងទៅលើប្រាសាទភ្នំបាខែង ក្រៅពីទស្សនាសំណង់បុរាណនេះ ពួកគេក៏មានគោលដៅដ៏សំខាន់ផ្សេងៗទៀត ដែលតែងល្បីតៗគ្នាកន្លងមក គឺគយគន់ទេសភាពពីលើភ្នំ រួមទាំងទិដ្ឋភាពថ្ងៃលិចជាដើម។ រីឯទេសចរ បែបកីឡា ក៏តែងជ្រើសរើសទីតាំងនេះ ជាកន្លែងទស្សនា និងលំហាត់ប្រាណ(ដើរឡើងភ្នំ)។ ចំណែកអ្នកដែលចូលចិត្តថតរូបភាព មួយចំនួន ពួកគេឡើងភ្នំបាខែង ដើម្បីផ្ដិតយករូបប្រាសាទអង្គរវត្ត មុនពេលព្រះអាទិត្យអស្ដង្គត។

នៅជ្រុងអាគ្នេយ៍នៃភ្នំនេះ មានការរៀបចំកន្លែងសម្រាប់ទេសចរ ឬអ្នកដែលមានចំណូលចិត្តថតរូប អាចសម្រាកដើម្បីគយគន់ ឬផ្ដិតយករូបភាពប្រាសាទអង្គរវត្ត ដែលបណ្ដែតខ្លួននៅចន្លោះព្រៃ។ ជាទូទៅ ពន្លឺព្រះអាទិត្យដែលបាចសាចមុនពេលលិច ជាពិសេសពន្លឺពណ៌មាសក្រោយភ្លៀងធ្លាក់ តែងតែចាំងមកលើតួប្រាសាទអង្គរវត្ត។

សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 


បូជនីយដ្ឋានហិណ្ឌូសាសនានេះ ជាសមិទ្ធផលក្នុងរាជព្រះរាជាខ្មែរសម័យអង្គរ នាចុងសតវត្សទី៩ នៃគ្រិស្តសករាជ។ តាមប្រវត្តិសាស្ត្រកម្ពុជា ព្រះរាជាព្រះនាមយសោវម៌្មទេវ(យសោវរ្ម័ន) បានផ្លាស់ប្ដូររាជធានីពីហរិហរល័យ (តំបន់រលួសបច្ចុប្បន្ន) មកប្រតិដ្ឋនៅម្ដុំភ្នំបាខែងបច្ចុប្បន្ន។ រាជធានីថ្មីនេះ ក៏បានប្រសិទ្ធនាម ដោយយកព្រះនាមព្រះរាជាថា យសោធរបុរៈ ដែលមានភ្នំបាខែងជាផ្ចិត។ តាមការវិភាគ ដោយយោងលើស្លាកស្នាមគូទឹក និងសំណល់ដីដែលពូនជាទំនប់  អ្នកស្រាវជ្រាវគិតថា រាជធានីយសោធរនេះ មានទំហំប្រមាណ៥គីឡូម៉ែត្រ បួនជ្រុង គឺធំជាងក្រុងអង្គរធំ។ ក្នុងប្រវត្តិសាស្ត្រ ក៏បង្ហាញផងដែរថា ក្រោយពីកិច្ចឆ្លងប្រាសាទ លលៃ រួចរាល់ ព្រះរាជាក៏បានសាង ប្រាសាទភ្នំ នៅលើភ្នំមួយដែលមនុស្សខ្មែរបុរាណជំនាន់នោះ ហៅថា ភ្នំកន្តាល (ភ្នំកណ្ដាល) ឬភ្នំយសោធរ។ បច្ចុប្បន្នភ្នំនេះ ត្រូវបានហៅជាទូទៅថាភ្នំបាខែង។ ទេវស្ថានហិណ្ឌូសាសនានេះ ត្រូវបានព្រះរាជាសាងសង់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ដែលមានទម្រង់ជាសិវលិង្គ ព្រះនាមយសោធរេស្វរៈ។

បើពិនិត្យលើបច្ចេកទេសសាងសង់ ប្រាសាទភ្នំនេះ មានលក្ខណៈពិសេសម្យ៉ាង ដែលខុសពីប្រាសាទភ្នំដទៃ គឺការដាប់ថ្មភ្នំដោយផ្ទាល់ ដើម្បីបង្កើតបានជាខឿនចំនួនប្រាំថ្នាក់ ហើយយកថ្មភក់ដុំៗ មកបិទពាស ពីស្រទាប់ខាងក្រៅ។ សម្រាប់ព្រះរាជាយសោវម៌្មទេវ ភ្នំដទៃទៀតដែលនៅវាលរាបអង្គរនេះ ដូចជាភ្នំបូក និងភ្នំក្រោមក្ដី សុទ្ធសឹងជាទីតាំងដែលទាក់ទាញព្រះទ័យ។ ហេតុដូចនេះ សំណង់ប្រាសាទនៅលើកំពូលភ្នំទាំងពីរដូចពោលខាងលើ ក៏ត្រូវបានកសាងដោយព្រះរាជាអង្គនេះ សម្រាប់ឧទ្ទិសដល់អទិទេពទាំងបី ក្នុងហិណ្ឌូសាសនា (ព្រះឥសូរ ព្រះនរាយណ៍ ព្រះព្រហ្ម) ផងដែរ។

ប្រាសាទភ្នំបាខែង ជាទម្រង់សំណង់ប្រាសាទភ្នំដែលមានតួប៉មច្រើន នៅតាមខឿនទាំង៥ថ្នាក់។ បើពុំរាប់ប៉មកណ្ដាល ចំនួនប៉មទាំង១០៨ផ្សេងទៀត ប្រហែលជាមានទំនាក់ទំនងផ្សេងៗ នឹងនិម្មិតរូបនៃជំនឿនៅក្នុងចក្រវាឡ។ តួលេខ១០៨នេះ ក៏មានការអះអាងបែបផ្សេងថា ប្រហែលជាទាក់ទងនឹងនាមនៃទេពអង្គណាមួយ ក្នុងចំណោមអាទិទេពសំខាន់ៗនៃហិណ្ឌូសាសនា។ 

ក្នុងប្រវត្តិសាស្ត្រកម្ពុជានាសម័យកណ្ដាល ក៏បានបង្ហាញថា ដ្បិតរាជអំណាចលែងប្រមូលផ្ដុំនៅតំបន់ យសោធរបុរៈ ទៀតក្ដី តែរវាងសតវត្សរ៍ទី១៦ និង១៧ ជាពិសេសក្នុងរាជព្រះបាទអង្គចន្ទ (ព្រះចន្ទរាជា ពីគ្រិស្តសករាជ ១៥១៦ ដល់ ១៥៦៦) ព្រះពុទ្ធសាសនាថេរវាទ មានការលូតលាស់យ៉ាងខ្លាំង។ ទោះជាពុំមានសំណង់អារាមអំពីថ្ម ដូចកាលពីសម័យអង្គរ តែការប្រើប្រាស់ថ្មជាខឿននៃសំណង់វិហារថ្មី ដែលសង់អំពីឈើ និងការយកទីតាំងអារាមហិណ្ឌូជាមូលដ្ឋាន ក៏ឃើញប្រព្រឹត្តទៅ មិនមែនតែក្នុងតំបន់យសោធរបុរៈ (អង្គរ)ឡើយ។

ដោយមាននិន្នាការបែបនេះ ប្រាសាទនៅក្នុងតំបន់អង្គរមួយចំនួនធំ ត្រូវបានផ្លាស់ប្ដូរ កែប្រែទៅជាបូជនីយដ្ឋានពុទ្ធសាសនា។ ហេតុដូចបានលើកឡើងមកនេះ ប្រាសាទភ្នំបាខែង ក៏មានការតម្កល់ និងសង់បន្ថែម នូវពុទ្ធបដិមា ដូចប្រាសាទមួយចំនួនផ្សេងទៀតដែរ។ នៅខឿនខាងលើបង្អស់ មានព្រះពុទ្ធរូបទ្រង់ភ្នែនយ៉ាងធំ ដែលសង់គ្របពីលើតួប៉មកណ្ដាល និងផ្នែកខ្លះ នៃតួប៉មដែលនៅតាមអនុទិសទាំងបួន។ ដោយសារព្រះពុទ្ធរូបនោះ បាក់បែកស្ទើរទាំងស្រុង (នៅសល់ត្រឹមចង្កេះ) នៅឆ្នាំ១៩២២ អ្នកស្រាវជ្រាវជំនាន់នោះ ក៏បានសម្រេចរើគំនរថ្មបាក់បែកនោះចេញ ដើម្បីបានឃើញទម្រង់ដើមនៃប្រាសាទនេះឡើងវិញ។ សព្វថ្ងៃនេះ ក៏ឃើញមានពុទ្ធបដិមាមួយចំនួនខ្លះទៀត ដែលតម្កល់នៅក្នុងប្រាង្គមួយ ប៉ែកអាគ្នេយ៍ និងចម្លាក់ព្រះបាទ ដែលស្ថិតនៅតាមបណ្ដោយផ្លូវចូលពីខាងកើត។

ចាប់តាំងពីឆ្នាំ២០០៤ អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) និងអាជ្ញាធរជាតិអប្សរា បានដោះស្រាយស្ថានភាពចាំបាច់ និងអនុវត្តគម្រោងជួសជុលបន្ទាន់ ព្រមទាំងលើកផែនការមេដើម្បីអភិរក្សរយៈពេលវែង ដែលក្នុងនោះមានការពង្រឹងរចនាសម្ព័ន្ធប្រាសាទ និងការគ្រប់គ្រងទេសចរសុទ្ធតែជារឿងចាំបាច់។ រីឯការងារផ្សេងៗទៀត ក៏បានផ្ដោតលើការសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា  និងទីតាំងបូជនីយដ្ឋាន ដែលនៅជុំវិញប្រាសាទទាំងមូលផងដែរ៕ 

 

ព័ត៌មានទាក់ទង