អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កាយ​ទំនប់​អាង​អូរ​ខៃ​ដន ដើម្បី​ជម្លៀស​ទឹក​ជន់​លិច​

14/09/2021 3:18 pm ភ្នំពេញ

​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ ភ្លៀង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា បានធ្វើឱ្យ​ភូមិ​សុខ​សាន និង​ផ្សារកណ្ដាល ក្នុង​ក្រុង​ប៉ោយប៉ែត លិច​កម្រិត​ស្រាល​។ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ដោះស្រាយ ដោយ​សហការ​ជាមួយ​អាជ្ញាធរខេត្ត កាយ​ទំនប់​អាង​អូរ​ខៃ​ដន ដើម្បី​សម្រួល និង​រំដោះ​ទឹក​ចេញ ជៀសវាង​ជន់​លិច​ពេល​ក្រោយ​។​



​នៅ​ថ្ងៃទី​១៤ ខែកញ្ញា មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត បាន​សហការគ្នា​យក​គ្រឿងចក្រ​មួយគ្រឿង ទៅ​កាយ​ទំនប់​អាង​អូរ​ខៃ​ដន ប្រវែង​ប្រាំ​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ជួយ​ពលរដ្ឋ​នៅ​ប៉ែក​ខាង​ភូមិ​សុខ​សាន សង្កាត់​និមិត្ត និង​ផ្សារកណ្ដាល ដែលមាន​ភ្លៀង​ខ្លាំង​យប់​ថ្ងៃទី​១៣​។ ការកាយ​ទំនប់​នេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​ជួយ​រំដោះ​ទឹក​ទៅ​ផ្នែក​ខាងក្រោម​។ នេះ​បើតាម​លោក យឹម ប៊ុន​រុម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​។ 

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ លើកឡើងថា​៖ «​ទឹកភ្លៀង​នៅ​ល្ងាច​ថ្ងៃទី​១៣​មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​ទេ គ្រាន់តែ​អាច​លិច​កាំជណ្ដើរ បន្តិចបន្តួច មិនមាន​ការជម្លៀស​ព​ល​រដ្ឋ​ចេញពី​គេហដ្ឋាន​ទេ​»​។ លោក បន្ថែមថា បច្ចុប្បន្ន​ស្ថានភាព​ទឹក​លិច​តាម​ភូមិ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ គឺ​រងគ្រោះ​ដោយសារ​ទឹកភ្លៀង​។ ចំណែកឯ ទឹក​មកពី​ប្រទេស​ថែ មិនទាន់មាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ទេ​។​

​បើតាម​លោក យឹម ប៊ុន​រុម ទឹក​លិច​នាទី​តាំង​ខាងលើ សុទ្ធសឹង​ជា​ទឹកភ្លៀង​ទាំងស្រុង​។ ចំពោះ​ស្ថានភាព​ទឹក​នៅ​ស្រុក​ម៉ាឡៃ​វិញ ទឹកបាន​ស្រក​វិញ ក្រោយ​ក្រុមការងារ និង​អាជ្ញាធរ បានដាក់​ម៉ាស៊ីន​ចំនួន​បី ដើម្បី​បូមទឹក​បង្ហូរ​ចេញ​។ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខាងលើ បាន​បញ្ជាក់ថា ប្រសិនបើ​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង ឬ​មានទឹក​ចេញពី​ប្រទេស​ថៃ ស្រុក​ដែលជា​ភូមិសាស្ត្រ ព្រួយបារម្ភ​ពី​ការ​ជន់​លិច​ខ្លាំង​ជាង​ស្រុក​ផ្សេងៗ​ទៀត គឺ​ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក  និង​ក្រុង​ប៉ោយប៉ែត​ជាទី​តាំង​ងាយ​រងគ្រោះ និង​ប្រឈម​បំផុត​៕ 

ព័ត៌មានទាក់ទង