៦​ចំណុច ដើម្បី​ដាំ​គូលែន​បាន​ទិន្នផល​ល្អ​!

22/09/2021 2:00 pm ភ្នំពេញ

​ដោយ​៖ ញឹក ស្រី​ល័​ក្ខ​

​ភ្នំពេញ​៖ គូលែន ជា​ដំណាំ​ម្យ៉ាង ផ្លែ​មាន​សណ្ឋាន​ស្រដៀង​គ្នា​នឹង​ផ្លែ​សិរមាន់​, ស្លឹក​វែងៗ​ស្រួច​ចុង​។ នៅ​កម្ពុជា ដើម​គូលែន​សម្បូរ​នៅ​ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប​។ ប៉ុន្តែ​បច្ចុប្បន្ន ប្រជាកសិករ​ខ្មែរ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ក៏បាន​ដាំ​ដុះ​គូលែន​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ផងដែរ​។ ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ Thmey Thmey 25 នឹង​ជម្រាបជូន​ពី​របៀប​ដាំ​គូលែន ដែល​ដកស្រង់​ឯកសារ​ពី​បណ្ដា​ល័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជូន​ប្រិយមិត្ត​អ្នកអាន​។



១. ការរៀបចំ​រណ្ដៅ​៖ ត្រូវ​ជីករណ្ដៅ​៦​តឹក​បួន​ជ្រុង និង​ជម្រៅ​៦​តឹក​។ បន្ទាប់មក រោយ​កំបោរ​ស​ប្រមាណ ២​ស្លាបព្រា​បាយ​ក្នុង​រណ្ដៅ​។ លោក​-​អ្នក ត្រូវដាក់​ផេះ​, អង្កាម​, កំប្លោក​, ចំបើង​ពុក​, លាមក​មាន់ ឬ​លាមក​ជ្រូក ឬ​លាមក​គោមួយ​ស្រទាប់​កម្រាស់ ១​តឹក រួច​ដាក់​ដី​ពីលើ ១​តឹក ធ្វើ​យ៉ាងនេះ​រហូត​ទាល់តែ​ពេញ​រណ្ដៅ​។ ក្រោយមក ត្រូវ​ទុក​រណ្ដៅ​រៀបចំ​ហើយ​ក្នុង​រយៈពេល​២​ទៅ ៣​អាទិត្យ​។ លើសពីនេះ ចម្ងាយ​ពីរ​ណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ ត្រូវមាន​ប្រវែង ៨​ម៉ែត្រ​។ 



២. ការដាំ​៖ កូន​គូលែន​ត្រូវ​រក្សា​ផ្សាំ​ទុក ១​អាទិត្យ មុន​ដាំ និង​ផ្អាក​ស្រោច​ទឹក ២​ថ្ងៃមុន​ដាំ ដើម្បី​កុំឱ្យ​បែក​ដី និង​ឫស​។ មុន​ដាំ ត្រូវ​ជញ្ជូន​កូន​គូលែន​ដាក់​ក្បែរ​រណ្ដៅ​ទាំងអស់ និង​មក​ថង់​ចេញ ធ្វើយ៉ាងណា​កុំឱ្យ​បែក​ដី​។ បន្ទាប់មក កប់​កូន​គូលែន​ក្នុង​រណ្ដៅ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ដី​កន្ទោង​កូន​គូលែន​ស្មើ​មាត់​រណ្ដៅ​រួច​យក​មែកឈើ​ដោត​ក្បែរ​រណ្ដៅ​ចង​ទប់​ជាមួយ​កូន​គូលែន​។ ចុងក្រោយ លុប​ដី​បន្តិច​ម្ដងៗ ដោយ​សង្កត់​ថ្នមៗ​ហាម សង្កត់​លើដី​កន្ទោង​កូន​គូលែន​ដែល​បណ្ដាល​ឱ្យដាច់​ឫស​។ 



៣. ការថែទាំ និង​ដាក់​ជី​៖ ក្នុង​ខែវស្សា​ត្រូវ​ពូន​គល់​ការពារ​ទឹក​ជាំ​នៅ​គល់ ដែល​បណ្ដាលឱ្យ​រលួយ​ឫស និង​នៅ​ដើមរដូវ​ប្រាំង​គួរ​ដាក់​ជី​បំប៉ន ដោយ​ប្រើ​ជា​លាមក​មាន់ ឬ​លាមក​ជ្រូក ឬ​លាមក​គោ លាយ​ជាមួយ​អង្កាម​ពុក​, ចំបើង​, កំប្លោក​រលួយ​កាយកប់​ក្នុង​ដី ធ្វើជា​កំពែង​។ ប្រសិនបើ​កូន​គូលែន​មាន​សត្វល្អិត​ស៊ី​ត្រួយ​ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត (​ណា​តូ​)​។ 

៤. ការ​ស្រោច​ទឹក​៖ កូន​គូលែន​អាយុ​តិចជាង ២​ឆ្នាំ ត្រូវ​ស្រោច​ទឹក ១​ដង ក្នុង​១​អាទិត្យ​នៅ​រដូវប្រាំង និង​ត្រូវ​ស្រោច​ទឹកតែ​ម្ដងគត់​នៅពេល​វា​កំពុង​ផ្កា​។​

៥. ការ​កាត់​តែង​មែក​៖ ត្រូវ​កាត់​ត្រួយ​ចុង​ចេញ​នៅ​ឆ្នាំ​ទីមួយ និង​កាត់​មែក​មិនសូវ​ល្អ​ចេញ​រៀងរាល់ឆ្នាំ ដោយ​ទុក​តាម​ប្រព័ន្ធ​១-៣-៦-១៨ (​ដើម​១-​មែក​ធំ​៣-​ខ្នែង​ធំ​៦ និង​ខ្នែង​ត្រួយ​១៨)​។ នៅពេល​ផ្លែ​គូលែន មាន​ទំហំ​ប៉ុន​មេដៃ​យើង​ត្រូវ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត (​ណា​តូ​) ទៅលើ​ផ្លែ ដើម្បី​ការពារ​ដង្កូវ​ស៊ី​ផ្លែ​នៅពេល​ទុំ​។ 



៦. ការប្រមូល​ផល​៖ មិនត្រូវ​បេះ​ផ្លែ​គូលែន​ទម្លាក់​លើដី ដោយ​ត្រូវ​បេះ​ផ្លែ​គូលែន​ឱ្យមាន​ជាប់​ទង​ជាការ​ប្រសើរ​៕ 

ព័ត៌មានទាក់ទង