គ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៥ អ្នកស្រី ហ៊ាង អូមួយ ជំរុញឱ្យស្រ្តីប្រឡូកក្នុងវិស័យបច្ចេកវិទ្យា

01/09/2021 10:00 am ភ្នំពេញ

ដោយ៖ អ៊ុត រស្មី 

ភ្នំពេញ៖ អ្នកស្រី ហ៊ាង អូមួយ ជាស្រ្តីដ៏លេចធ្លោមួយរូបក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ មានវ័យត្រឹម២៨ឆ្នាំ បច្ចុប្បន្ន អ្នកស្រី អូមួយ ស្ថាបនិក និងជាថ្នាក់ដឹកនាំនៃអាជីវកម្មបច្ចេកវិទ្យាជាច្រើន ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាខេមសូលូសិន សាលារៀនបច្ចេកវិទ្យា Tux Global ក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ក្មេង Tech for Kid Academy និងផ្សារអេឡិចត្រូនិក WeMall។ មានបទពិសោធនជិត១០ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យា អ្នកស្រី អូមួយ បានលើកឡើងថា ទោះបច្ចុប្បន្នធនធានមនុស្សផ្នែកបច្ចេកវិទ្យាមានការកើនឡើង ប៉ុន្តែស្រ្តីនៅមានចំនួនទាប បើធៀបនឹងចំនួនបុរស។ អ្នកជំនាញរូបនេះ ជំរុញឱ្យស្រ្តី ត្រូវបង្ហាញសក្ដានុពលរបស់ខ្លួនប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដើម្បីឱ្យវិស័យនេះកាន់តែរីកចម្រើន។

 


អ្នកស្រី ហ៊ាង អូមួយ ស្ថិតក្នុងចំណោមស្រ្តីដ៏តិចតួច ដែលជាសហគ្រិនផ្នែកបច្ចេកវិទ្យា។ កាលអំឡុងឆ្នាំ២០១១ អ្នកស្រី បានចាប់ផ្ដើមការងារជាអ្នកបច្ចេកវិទ្យានៅធនាគារមួយ និងនៅឆ្នាំ២០១៣ អ្នកស្រី ក៏បានផ្លាស់ប្ដូរទៅក្រុមហ៊ុនធានារ៉ាប់រង តែនៅផ្នែកបច្ចេកវិទ្យាដដែល។ ដោយមើលឃើញពីតម្រូវការទីផ្សារ និងដើម្បីជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា ក្នុងឆ្នាំ២០១៦ ស្រ្តីរូបនេះបានប្តូរពីជីវិតធ្វើការឱ្យគេ មកដំណើរការអាជីវកម្មបច្ចេកវិទ្យាខេមសូលូសិន ដោយខ្លួនឯង។ ក្នុងរយៈពេលដ៏ខ្លី អ្នកស្រី អូមួយ បានដឹកនាំអាជីវកម្មផ្នែកនេះ រីកចម្រើនយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន អ្នកស្រី បានគ្រប់គ្រងមុខជំនួញ លើផ្នែកបច្ចេកវិទ្យារហូតដល់៥អាជីវកម្ម។

អ្នកស្រី អូមួយ បានរៀបរាប់ដូច្នេះ៖ «មុននឹងមកដល់ថ្ងៃនេះ គឺឆ្លងកាត់ការលំបាកច្រើន។ អ៊ីចឹងការងារអ្វីក៏ដោយ គឺត្រូវការបទពិសោធ និងខំប្រឹង។ ជាក់ស្ដែង មុននឹងនាងខ្ញុំមកធ្វើអាជីវកម្មនេះ ខ្ញុំបានធ្វើការនៅក្រុមហ៊ុនបែបអន្តរជាតិ ហើយនាងខ្ញុំមានចំណេះដឹងល្មមដែលអាចធ្វើការងារនេះបាន។ ហើយក្រៅពីចំណេះដឹងដែលសន្សំមកហ្នឹង គឺបានមកពីការរៀនសូត្រពីរៀមច្បង និងថ្នាក់ដឹងនាំបន្ថែមទៀត ដើម្បីឱ្យប្រាកដថាអាជីវកម្មហ្នឹង យើងអាចគ្រប់គ្រង់បាននិងមានរន្តិភាព»។ 

មានសម្ដីច្បាស់ៗ សហគ្រិនវ័យ២៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ថា ការបើកអាជីវកម្មបច្ចេកវិទ្យានេះ គឺមិនមែនដើម្បីរកតែប្រាក់ចំណេញមួយមុខទេ តែអ្នកស្រីមានបេសកម្មចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យបច្ចេកនៅកម្ពុជាដើម្បីឱ្យកាន់តែរីកចម្រើន។ ក្នុងដំណើរបេសកម្មដ៏ក្លៀក្លានេះ អ្នកស្រី អូមួយ ដែលបានបញ្ចប់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ និងវិស្វកម្ម តែងតែស្វះស្វែងអភិវឌ្ឍន៍ចំណេះដឹងខ្លូន ដើម្បីកសាងភាពលេចធ្លោសម្រាប់ខ្លួនឯង និងសង្គមជាតិ។ ពិសេសជាគំរូភាពដល់មនុស្សជំនាន់ក្រោយ តាមរយៈការបង្ហាញសក្ដានុពលខ្លូនក្នុងការបញ្ចេញសមត្ថភាព និងសកម្មភាពលើការងារអភិវឌ្ឍន៍បច្ចេកវិទ្យា រួមទាំងបានពានរង្វាន់សហគ្រិនបច្ចេកវិទ្យាជាច្រើន ទាំងជាតិនិងអន្តរជាតិផងដែរ។

«ខ្ញុំមានមោទកភាពដែលបង្កើតគុណតម្លៃសម្រាប់ប្រទេសកម្ពុជា ដែលបានចូលរួមធ្វើយ៉ាងណាឱ្យប្រទេសយើង រីកចម្រើនលើវិស័យបច្ចេកវិទ្យា។ ជាក់ស្ដែងដូចជាកម្មវិធី Technovation  ខ្ញុំបានបង្រៀន យុវតីជាង២ពាន់នាក់ បានរៀនបច្ចេកវិទ្យាសហគ្រិនភាព ដែលគាត់អាចក្លាយជាអ្នកដឹកនាំដ៏មានសក្ដានុពលទៅថ្ងៃមុខ។ មួយទៀតយើងបានធ្វើឱ្យកម្ពុជាឈ្នះពានរង្វាន់ ពិភពលោក ដែលជាមុខមាត់ធំ នៃប្រទេសយើងផងដែរ»។ នេះជាការអះអាងរបស់អ្នកស្រី អូមួយ។ 

អ្នកស្រី ហ៊ាង អូមួយ ចង់ឃើញស្រ្តីកាន់តែច្រើនបង្ហាញសក្តានុពលខ្លួនក្នុងវិស័យបច្ចេកវិទ្យា
 
ជាអ្នកដឹកនាំក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា ព្រមទាំងជាតួអង្គសំខាន់ ក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យា អ្នកស្រី អួមួយ មើលឃើញថាធនធានមនុស្សក្នុងវិស័យនេះ កំពុងតែកើនឡើងជាលំដាប់ ប៉ុន្តែយ៉ាងណាស្រ្តីនៅតែមានចំនួនទាប បើធៀបនឹងបុរស។ មូលហេតុ គឺដោយសារស្ត្រីនៅការខ្វះគំរូភាព និងការគាំទ្រជំរុញទឹកចិត្តពីមនុស្សជុំវិញខ្លួននៅឡើយ។ អ្នកស្រី អូមួយ បញ្ជាក់ថា ដើម្បីឱ្យស្រ្តីចាប់អារម្មណ៍ត្រូវផ្សព្វផ្សាយឱ្យគាត់យល់ពីគុណតម្លៃវិស័យនេះ និងបង្កើតជាសហគមន៍គាំទ្រ និងផ្តល់ជាវេទិកាឱ្យស្រ្តីមានឱកាសសិក្សាស្វែងយល់នៅក្នុងវិស័យនេះបន្ថែមទៀត។ 

អ្នកស្រី ហ៊ាង អូមួយ ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការជំរុញផ្នែកបច្ចេកវិទ្យា ចង់ឃើញស្រ្តីហ៊ានដើរតាមក្ដីស្រមៃខ្លួន និងបង្ហាញសក្ដានុពលក្នុងការប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដូចបុរសដែរ។  អ្នកស្រី អូមួយ បានផ្ដាំដូច្នេះ៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា អ្នកទាំងអស់គ្នាមិនមែនត្រឹម តែជាស្រ្តីនៅកម្ពុជា តែជាស្រ្តីនៅលើពិភពលោក។  អ៊ីចឹងអ្នកទាំងអស់គ្នាត្រូវតែមានចំណេះដឹងទូលំទូលាយ ត្រូវតែផ្ដោតលើការអនុវត្តន៍។ អ្នកទាំងអស់គ្នា មានសក្ដានុពលច្រើនណាស់ ត្រូវចាំអ្នកទាំងអស់គ្នាមានការគាំទ្រ មានការជំរុញលើកទឹកចិត្ត ពីខាងក្រុមការងារផ្នែកបច្ចេកវិទ្យា»៕




 

ព័ត៌មានទាក់ទង