និស្សិតកសិកម្មហាត់ការនៅអ៊ីស្រាអែលចំនួន ៣៨នាក់ នឹងមកដល់កម្ពុជានៅ​ល្ងាចថ្ងៃទី​២៧ សីហានេះ​

27/08/2021 3:00 pm ភ្នំពេញ

ដោយ៖ ញឹក ស្រីល័ក្ខ

ភ្នំពេញ៖ និស្សិត​ចំនួន ៣៨នាក់ ​បាន​បញ្ចប់​ការ​ហាត់ការ​លើ​វិស័យ​កសិកម្ម​ នៅ​ប្រទេស​អ៊ីស្រាអែល រយៈពេល​២ឆ្នាំ នឹង​វិលត្រឡប់​មកកម្ពុជា​នៅ​ល្ងាចថ្ងៃទី​២៧ សីហានេះ។ ជាមួយគ្នានេះ កម្ពុជា គ្រោង​បញ្ជូន​និស្សិត​កសិកម្មចំនួន ២០០នាក់​បន្ថែម​ទៀត ទៅ​ហាត់ការ​នៅប្រទេសអ៊ីស្រាអែលនាពេលខាងមុខ។ នេះបើតាម​លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ។



ក្រុម​និស្សិតនៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្មចំនួន ៣៨នាក់​​ ដែល​បាន​ហាត់ការរយៈពេល​២ឆ្នាំ នៅប្រទេស​អ៊ីស្រាអែល នឹង​ធ្វើដំណើរ​មក​ដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅល្ងាច​ថ្ងៃទី​២៧ សីហានេះ។ វត្តមាន​នៃ​ការ​វិលត្រឡប់​មក​កាន់​មាតុភូមិរបស់ក្រុម​និស្សិត​កសិកម្មនេះ បាន​ធ្វើឱ្យ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សាទរ និង​អបអប​ចំពោះ​ការ​ខិតខំ​របស់​ក្រុម​និស្សិត​ ដែល​បាន​ទៅ​ហាត់ការ​ជំនាញ​កសិកម្មនៅ​អ៊ីស្រាអែល នាពេលកន្លងមក​​។ 

បើតាម​ទំព័រហ្វេសប៊ុក​រដ្ឋ​មន្រ្តីកសិកម្ម​ នៅ​ព្រឹក​ថ្ងៃទី​២៧ សីហានេះ ក្រុម​និស្សិតចំនួន ១៣នាក់ផ្សេងទៀត ដែល​ហាត់ការរយៈពេល​២ឆ្នាំ នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមគោយក​ទឹកដោះ និងនិស្សិតហាត់ការរយៈពេល១១ខែ ចំនួន ១៩៧នាក់ ​នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃទី​១០ កញ្ញាខាងមុខ។ 

ជាមួយគ្នានេះ កម្ពុជា គ្រោង​បញ្ជូន​ក្រុមនិស្សិតកសិកម្មចំនួន២០០នាក់បន្ថែម​ទៀត ដើម្បី​ទៅហាត់ការនៅ​ប្រទេសអ៊ីស្រាអែលនាពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុម​និស្សិតទាំងនោះ​​កំពុង​បំពេញបែបបទ។ គួរ​បញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨  សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ រយៈពេល១១ខែ បានចំនួន១៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់៕ 

ព័ត៌មានទាក់ទង