សត្វស្លាបកម្រ ៤ប្រភេទ បានបង្ហាញខ្លួនក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

19/09/2021 3:00 pm ភ្នំពេញ


ដោយ៖ ប៉ូ សុភា
សត្វក្រៀល សត្វត្រយងយក្ស សត្វត្រដក់តូច និងសត្វកុកពាក់អំបោះ ជាសត្វប្រភេទកម្រ ដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាកន្លងមក។ នេះបើតាមក្រសួងបរិស្ថាន។



សត្វស្លាបកម្រ ៤ប្រភេទ មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលថតបានដោយក្រុមអ្នកអភិរក្សសត្វស្លាប និងម៉ាស៊ីនថតស្វ័យប្រវត្តិរបស់អង្គការWCS។ សត្វកម្រទាំង ៤​ប្រភេទ រួមមាន​ សត្វកុកពាក់អំបោះ ថតបាននៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១, សត្វត្រយងយក្ស ដែលកំពុងបញ្ចុកចំណីកូនក្នុងសម្បុក ថតបានក្នុងអំឡុងខែឧសភា ឆ្នាំ២០២១, សត្វត្រដក់តូច ត្រូវថតបានដោយ ម៉ាស៊ីនថតស្វាយប្រវត្តិនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ និងសត្វក្រៀលថតបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។


រូបភាពដោយ WCS 

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា វត្តមានរបស់សត្វព្រៃ និងសត្វកម្រនៅក្នុងព្រៃធម្មជាតិពិតជាធនធានធម្មជាតិដ៏សំខាន់ ដែលមនុស្សគ្រប់គា្នគួរថែរក្សាការពារ​ និងអភិរក្ស។ ជាមួយគ្នានេះ ត្រូវ​ធ្វើយ៉ាងណាឱ្យសត្វទាំងនោះ នៅមានក្នុងព្រៃធម្មជា​តិបន្ត ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជាសញ្ញាបញ្ជាក់ថាកម្ពុជា អាចរក្សាវត្តមានប្រភេទសត្វកម្រមិនឱ្យដាច់ពូជ។

លោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃអង្គការ WCS បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្រុមការងាររបស់លោក និងសហគមន៍ តែងតែធ្វើការនៅក្នុងព្រៃ និងទីវាល ដើម្បីស្វែងរកសម្បុកសត្វ និងជម្រករបស់សត្វកម្រប្រភេទទាំងនេះ ដើម្បីថែរក្សា និងអភរិក្សពីការបរបាញ់ ឬរំខានពីជនខិលខូចមួយចំនួន។ តាមរយៈ​ការថែរក្សា និង​អភិរក្ស ក្រុមការងារទទួលបានជោគជ័យលើការងារមួយចំនួន ដូចជាសកម្មភាពយាម និងរក្សាសម្បុកពងកូនរបស់សត្វត្រយងយក្ស។ ក្រៅពីភាពជោគ​ជ័យថ្មីនេះ ​ក្រុមការងារនារបស់លោក វ៉ាន់ឌឿន ក៏បរាជ័យលើសកម្មភាពការអភិរក្សពងរបស់សត្វក្រៀលមួយសម្បុកមានពងពីរនៅក្នុងដែនជម្រកសត្វស្រែពកផងដែរ។


រូបភាពដោយ WCS 

អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃអង្គការ WCSរូបនេះ បញ្ជាក់ថា ការចូលរួមសិក្សា និងស្វែងយល់ពីអត្ថប្រយោជន៍របស់ប្រភេទសត្វកម្រពីពលរដ្ឋមូលដ្ឋាន និងសាធារណជនទូទៅ ពិតជាមានសារសំខាន់សម្រាប់ការអភិរក្សប្រភេទសត្វទាំងនោះ នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។

សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្តែង សត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះ ដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្ស និងក្រុមស្រាវជ្រាវកំពុងខិតខំការពារសម្បុកពងកូនរបស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន៕
 
រូបភាពដោយ WCS 

 

ព័ត៌មានទាក់ទង