ការប្រមូលផលស្រូវស្រាលដើមរដូវវស្សា កើនជាង​ឆ្នាំមុន ខណៈទិន្នផលបានជាង ១.២លានតោន

20/08/2021 3:30 pm ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ការងារប្រមូលផលស្រូវស្រាលដើមខែវស្សា គិតត្រឹមថ្ងៃទី១៩សីហា ឆ្នាំ២០២១ សម្រេចបានចំនួន ៣០២,៣៣៧ ហិកតា លើផ្ទៃដីអនុវត្តសរុប ៨៩០,៦៤៥ហិកតា។ បើតាមរបាយការណ៍ បង្ហាញដោយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម បរិមាណស្រូវស្រាលដែលប្រមូលផលបាន មាន​ចំនួន ១,២៦៧,៧៩១តោន ដោយទិន្នផលជាមធ្យមបាន ៤.១៩៣តោន ក្នុងមួយហិកតា។ បរិមាណខាងលើនេះ កើនឡើងជាងឆ្នាំមុនប្រមាណ ៧៨៩,១៥១តោន។



ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា មានភាពលឿនជាងឆ្នាំមុន ទោះស្ថិតក្នុងបរិបទកូវីដ-១៩។ របាយការណ៍​ដែលបង្ហាញដោយលោក វេង សាខុន បង្ហាញថា លទ្ធផលស្ទូង និងព្រោះ សម្រេចបានចំនួន ២,៦៥៨,៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយនៃផែនការ ២,៦០៩,០៦៥ហិកតា។

ដោយឡែកលទ្ធផលស្ទូង និងព្រោះស្រូវកណ្ដាលសម្រេចបានចំនួន ១,២៨៩,៧៦២ហិកតា លើសឆ្នាំមុន ២៧,០៧៦ហិកតា។ ឯស្រូវធ្ងន់ចំនួន ៤៣៦,០៩១ហិកតា លើសឆ្នាំមុន ៩,៨៦៥ហិកតា។ ចំពោះស្រូវចម្ការ ចំនួន ១៩,៦១២ហិកតា លើសឆ្នាំមុន ១,១១៦ហិកតា ខណៈស្រូវឡើងទឹកចំនួន ២២,៦៤៦ហិកតា តិចជាងឆ្នាំមុន ១០,៧៨៧ហិកតា។

យ៉ាងណាមិញ ដំណាំស្រូវនៅខេត្តចំនួន៤ រួមមានខេត្តបន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ និងខេត្តសៀមរាប រងការខូចខាតដោយគ្រោះរាំងស្ងួត។ «ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧,៨៤២ហិកតា ស្មើនឹង ២.៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្ដាល ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០,៥៥៣ហិកតា និងស្ដារបានចំនួន ២,៣៧៦ហិកតា»។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រៅពីការងារបង្កបង្កើតផល និងប្រមូលផលស្រូវស្រាលដើមវស្សា លោក វេង សាខុន ក៏បានបង្ហាញតួលេខដំណាំផ្សេងៗ ដែលកម្ពុជាទទួលបានដូចជា ដំណាំសាកវប្បកម្ម រួមមានពោតស ដំឡូងជ្វា ឪឡឹក ម្ទេស បន្លែគ្រប់មុខ អនុវត្តបានចំនួន ៥១,៥៣៧ហិកតា ស្មើនឹង ៩៥.៦៦ភាគរយ នៃផែនការ ៥៣,៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា។

ចំណែកដំណាំឧស្សាហកម្មវិញ រួមមានពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី សណ្ដែកសៀង ល្ង អំពៅ ក្រចៅ ឈូក អនុវត្តបានចំនួន ៧៦៦,៣៧៥ហិកតា ស្មើនឹង ៩៣,៤៦ភាគរយ នៃផែនការ ៨១៩,៩ហិកតា លើសឆ្នាំមុន ៧,៩៤៤ហិកតា៕





 

ព័ត៌មានទាក់ទង