លោក សុង សារ៉ន៖«សហគ្រិន ត្រូវគិតពីគុណតម្លៃផលិតផល ធំជាងផលចំណេញ ទើបអាជីវកម្មរស់បានយូរ

16/08/2021 3:00 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ សហគ្រិនក្នុងវិស័យកសិកម្ម ត្រូវគិតពីគុណតម្លៃនៃផលិតផលជាធំ ជាងផលចំណេញ ទើបអាជីវកម្មអាចដំណើរការបានរយៈពេលវែង។ នេះបើតាមការលើកឡើងរបស់លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។



នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CSPA) បានសម្ពោធកម្មវិធីបណ្ដុះធុរកិច្ចថ្មី ដោយមានអ្នកចូលរួមជិត១០០នាក់ ដូចជា និស្សិតកសិកម្ម និងម្ចាស់អាជីវកម្ម ជាដើម។ អង្គការ CSPA បង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង បង្កើតឧស្សាហកម្មកសិកម្មប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តភាព។ 

ក្នុងកម្មវិធីបណ្ដុះធុរកិច្ចថ្មី របស់អង្គការ CPSA លោក សុង សារ៉ន ដែលចូលរួមធ្វើជាវាគ្មិន បានលើកឡើងថា ដើម្បីឱ្យអាជីវកម្មមួយអាចដំណើរការបានល្អ និងមាននិរន្តរភាព បណ្ដាកសិករ និងសហគ្រិនទាំងអស់ ត្រូវគិតគូរពីគុណតម្លៃនៃអាជីវកម្មខ្លួន ជាជាងសម្លឹងឃើញតែប្រាក់ចំណេញតែមួយមុខ។ លោក បន្តថា គុណតម្លៃនៃអាជីវកម្ម ដែលសហគ្រិនត្រូវតែមានគឺ សម្លឹងឃើញបញ្ហាជាឱកាស និងចូលរួមដោះស្រាយ បង្កើតអ្វីដែលថ្មីឱ្យស្របនឹងតម្រូវការបច្ចុប្បន្ន ហើយពង្រឹងផលិតភាពផលិតផលខ្លួនផងដែរ។

លោក សុង សារ៉ន ពន្យល់ថា កសិករគឺជាអ្នកផលិត និងបង្កើតអាជីវកម្មដោយខ្លួនឯងដូច្នេះត្រូវពង្រឹងផលិតភាព និងបង្កើនស្តង់ដារផលិតផល។ ចំណែកទីផ្សារ ត្រូវចំណាយពេលសិក្សាបន្ថែមនូវអ្វីដែលជាតម្រូវការបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ កសិករក៏ត្រូវដាំដំណាំឱ្យស្របតាមគោលនយោបាយរដ្ឋាភិបាល ព្រោះវាមានតម្រូវការទីផ្សារខ្ពស់ ដែលអាចឱ្យកសិករអាចពង្រីកអាជីវកម្មផងដែរ។ 

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ មានប្រសាសន៍ថា៖«យើងជាកសិករ គឺយើងជាសហគ្រិន។ អ៊ីចឹងយើងត្រូវដាំដំណាំតាមគោលនយោបាយរដ្ឋាភិបាល កុំឆាប់ជឿគេ កុំសម្រេចចិត្តដោយគ្មានមូលដ្ឋានច្បាស់លាស់។ យើងត្រូវមើលគោលនយោបាយគេដើរទៅណា ត្រូវមើលទិសដៅ។ ក្រៅពីនេះ កសិករ ក៏ត្រូវរួមគ្នាជាបណ្ដុំ ឬសហគមន៍ ដើម្បីជជែកគ្នា ចែករំលែកព័ត៌មាន និងស្វែងរកឱកាស ព្រោះវាក៏ជាផ្នែកមួយជំរុញអាជីវកម្មរបស់ពួកគេផងដែរ»។ 

ទន្ទឹមនឹងនេះ កញ្ញា ម៉េង ស្រីលីន សហស្ថាបនិកក្រុមហ៊ុន Smart Farm Assistance ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីខាងលើ ក៏បានលើកឡើងដែរថា ការបង្កើតមុខរបរ ឬអាជីវកម្ម គឺពិតជាងាយស្រួល ប៉ុន្តែដើម្បីឱ្យអាជីវកម្មនោះមាននិរន្តភាព អាជីវកម្មត្រូវមានគំនិតបង្កើតអ្វីដែលថ្មី ហើយស្វែងរកមូលហេតុនៃការបង្កើត។ 

កញ្ញា ពន្យល់ថា មុនពេល Smart Farm Assistance ចាប់ផ្ដើម កញ្ញា បានចំណាយពេលសិក្សាពីតម្រូវការទីផ្សារកសិកម្ម និងស្វែងរកបញ្ហារបស់កសិករដែលកំពុងជួបប្រទះ។ បន្ទាប់ពីរកឃើញបញ្ហា កញ្ញា ចាប់ផ្ដើមគិតទៀតថា តើអ្វីដែលកញ្ញា អាចបង្កើតបាន ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។ 

កញ្ញា ម៉េង ស្រីលីន បានរៀបរាប់ដូច្នេះថា៖«អ្វីដែលខ្ញុំមើលឃើញ គឺពេលខ្ញុំចាប់ផ្ដើមដំបូងខ្ញុំមានក្រុមដែលឪពុកម្ដាយរបស់ពួកគាត់ធ្វើកសិកម្ម ហើយកសិករភាគច្រើនបុរាណ។  អ៊ីចឹងហេតុអ្វីបានជាយើងបង្កើតអ្វីមួយដើម្បីជួយសម្រួលដល់ពួកគាត់។ អ៊ីចឹងពួកខ្ញុំក៏នឹកឃើញចង់បង្កើតឧបករណ៍នេះឡើង»។ 

កញ្ញា បន្ថែមថា ចំពោះបទពិសោធបង្កើតគម្រោងអាជីវកម្ម និងក្លាយជាសហគ្រិន ពិសេសក្នុងវិស័យកសិកម្ម ទាំងអាជីវករ និងកសិករ ត្រូវរកឱ្យឃើញបញ្ហា ហើយកែច្នៃបញ្ហាឱ្យទៅជាឱកាស៕

ព័ត៌មានទាក់ទង