ទឹកចិត្តគ្រូតា! ទោះជាប់ព្យាបាលកូវីដ-១៩កម្រិតស្រាល ប៉ុន្តែបន្តបង្រៀនសិស្សតាម Zoom

06/08/2021 5:00 pm ភ្នំពេញ

ដោយ: ជឿន ស្រីណយ

លោក ហៀក វណ្ណៈ ជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី៨ និងទី៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលកូវីដ-១៩ កម្រិតស្រាល។ ក្រៅពីការលេបថ្នាំ និងធ្វើតាមការណែនាំផ្សេងៗ របស់គ្រូពេទ្យ លោកបានឆ្លៀតបន្តបង្រៀនសិស្សតាម Zoom ដោយលោកចាត់ទុកដូចជាការហាត់ប្រាណនិងលើកទឹកចិត្តសិស្សឲ្យបន្តរៀនសូត្រដើម្បីត្រៀមប្រឡង។



អាយុ៦៦ឆ្នាំ លោក ហៀក វណ្ណៈ ត្រូវបានចាត់ទុកជា «គ្រូតា» ម្នាក់នៅក្នុងតំបន់ប៉ោយប៉ែត។ លោក បានចាប់ផ្តើមអាជីពជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨២ ហើយក្រោយចូលនិវត្តន៍លោកនៅតែបន្តផ្ទេរ ចំណេះដឹងរបស់ខ្លួននៅតាមសាលាឯកជនក្នុងក្រុងប៉ោយប៉ែត។
 
កាលពីពេលថ្មីៗកន្លងមកនេះ លោកមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនឲ្យទៅ សម្រាក ព្យាបាលនៅមណ្ឌលកម្រិតស្រាលក្នុងសាលាសម្តេចតេជោព្រហ្មនិមិត្ត។ ទោះបីជាស្ថានភាព សុខភាព មិនអំណោយផល ប៉ុន្តែគ្រូតាម្នាក់នេះ នៅតែគិតគូដល់សិស្សដោយបន្តសកម្មភាពបង្រៀនអនឡាញ។
 
«ខ្លាចសិស្សប្រឡងឆមាស និងឌីប្លូមធ្លាក់»។ នេះជាមូលហេតុចម្បងដែលលោកគ្រូ ហៀក វណ្ណៈ បន្តបង្រៀនសិស្សពី២០នាក់ទៅ៣០នាក់ តាម Zoom ពីមណ្ឌលសម្រាកព្យាបាលកូវីដ-១៩កម្រិតស្រាល។ សកម្មភាពរបស់គ្រូតារូប ផ្តល់ក្តីរំភើប និងការកោតសរសេរជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម។

លោកគ្រូ ហៀក វណ្ណៈ ។ រូបភាពពីហ្វេសប៊ុក Chhoeun Charly Hailin

តាមពិតទៅមិនមែនជាគម្រោងដែលបានព្រៀងទុកនោះឡើយ គំនិតរបស់គ្រូតា លេចចេញភ្លាមៗនៅ ពេលគាត់ ត្រូវបានដាក់សម្រាកឲ្យព្យាបាលនៅថ្នាក់រៀន ដែលក្តារខៀនដ៏ថ្មីសន្លាងមួយ។ «ឃើញក្តារខៀន ខ្ញុំនឹកដល់សិស្ស ភ្លាម។ ហើយពេលនឹកដល់សិស្ស ខ្ញុំភ្លេចអស់ហើយការឈឺក្បាល និងផ្តាសាយ»។ លោកបានរៀបរាប់យ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ ហើយកម្មវិធីបង្រៀនបានចាប់ផ្តើមនៅពេលដែលសិស្សៗ អះអាងពួកគេអាច មើលឃើញច្បាស់ល្អនូវភាពវីដេអូពីកាមេរ៉ាទូរសព្ទរបស់លោក។
 
លោកបាននិយាយទាំងសំឡេងស្អកថា ការបង្រៀនសិស្សទាំងកំពុងសម្រាកព្យាបាល មិនមែនជាសម្ពាធទេ សម្រាប់លោក ប៉ុន្តែជាការរីករាយ ព្រោះលោកនៅតែអាចបន្តផ្តល់ចំណេះ ដឹងដល់សិស្ស ដែលជិតប្រឡងឆមាស និងឌីប្លូម។ 
 
« ទឹកចិត្តគ្រូប្រៀបដូចជាទឹកចិត្តឱពុក ម្ដាយ ចង់ឱ្យសិស្សចេះ ខ្លាចសិស្សប្រឡងធ្លាក់ព្រោះជិតដល់ថ្ងៃប្រឡងឆមាស និងឌីប្លូមផង ដូច្នេះបើនៅបង្រៀនបានខ្ញុំក៏ឆ្លៀតបង្រៀនទៅ ណាមួយបើមិនបង្រៀនក៏អផ្សុក »។ នេះជាការរៀបរាប់របស់លោកគ្រូតា ហៀក វណ្ណៈ៕

ព័ត៌មានទាក់ទង