កសិករស្រុកត្រពាំងប្រាសាទ នាំគ្នាពង្រីកដី «ដាំដំឡូងមី» ក្រោយមានតម្លៃទីផ្សារល្អ

06/08/2021 1:00 pm ភ្នំពេញ

ដោយ៖ អ៊ុន វឌ្ឍនា

ឧត្តរមានជ័យ៖ បន្ទាប់ពីមានទីផ្សារល្អ ប្រជាកសិករក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននាំគ្នាពង្រីកផ្ទៃដីដាំដុះដំឡូងមី ទៅតាមលទ្ធភាពរៀងៗខ្លួន ដោយមានកសិករខ្លះបានជួលដីគេបន្ថែម ដើម្បីដាំដំណាំនេះ ផងដែរ។ បើតាមប្រជាកសិករនៅក្នុងត្រពាំងប្រាសាទ  ចាប់ពីឆ្នាំ២០១៩មក ដំឡូងមីប្រភេទសើមមានតម្លៃនៅលើទីផ្សារពី៣០០រៀលទៅ៣៥០រៀលក្នុង១គីឡូក្រាម និងប្រភេទស្ងួត មានតម្លៃរហូតដល់៨០០រៀល ក្នុង១គីឡូក្រាម។


ប្រជាពលរដ្ឋដែលរស់នៅតំបន់ដីវាលទំនាប ក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងមមាញឹកដាំនិងថែទាំដំឡូងមីនៅលើផ្ទៃដីរៀងៗខ្លួន ដែលនៅក្នុងនោះ ក៏មានវត្តមានលោក ងួន ម៉ុន ផងដែរ។ សព្វថ្ងៃ បុរសជាកសិកររូបនេះ កំពុងពង្រីកការដាំដំឡូងមី ពីផ្ទៃដីប្រមាណ១៥ហិកតារហូតទៅដល់ជិត៥០ហិកតា។ ក្នុងចំណោមផ្ទៃដីដែលលោក ងួន ម៉ុន  កំពុងដាំដំឡូងមីនេះ គឺមានដីមួយចំនួន លោកបានជួលពីគេក្នុងតម្លៃ២៥០ដុល្លារ ទៅ៣០០ដុល្លារ សម្រាប់រយៈពេល១ឆ្នាំ។
 
លោក ងួន ម៉ុន បានរៀបរាប់ប្រាប់ថា៖«ជារៀងរាល់ឆ្នាំ ខ្ញុំដាំដំឡូងមីលើផ្ទៃដី១០-១៥ហិកតាប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ [២០២១] នេះ ខ្ញុំបានពង្រីកផ្ទៃដីនៃការដាំដុះរហូតទៅដល់ប្រមាណ៥០ហិកតា»។ ការពង្រីកដីដាំដុះដំឡូងមីរបស់លោក ងួន ម៉ុន  គឺដោយសារលោកមើលឃើញថា មើមដំឡូងមី នារយៈពេល២ឆ្នាំចុងក្រោយ គឺមានតម្លៃល្អប្រសើរ ហើយទាំងមានទីផ្សារទូលាយទៀត។ 
 
កាលពីឆ្នាំ២០២០ លោក ងួន ម៉ុន លក់ដំឡូងមីស្រស់បានតម្លៃ៣០០រៀលទៅ៣៥០រៀលក្នុង១គីឡូក្រាម និងដំឡូងស្ងួត លក់តម្លៃ៨០០រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ បើធៀបទៅកាលមុនឆ្នាំ២០១៩ គឺមានតម្លៃខ្ពស់ជិតពាក់កណ្តាល។  កសិករវ័យ៥២ឆ្នាំរូបនេះ បានរម្លឹកថា កាលឆ្នាំ២០១៨ ដំឡូងមី គឺមិនសូវមានតម្លៃនៅទីផ្សារប៉ុន្មានទេ ដោយដំឡូងមីប្រភេទស្រស់បានលក់តម្លៃត្រឹម១៨០រៀលទៅ២០០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងប្រភេទស្ងួត លោកលក់បានតម្លៃពី៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម។ លោក និយាយថា៖«តម្លៃដំឡូងមីកាលហ្នឹង ខ្ញុំលក់បានរកតែប្រាក់បង់ឱ្យថ្លៃកម្មករ និងថ្លៃជីមិនគ្រប់ផង»។


កសិករ ងួន ម៉ុន

អស់រយៈពេល១៦ឆ្នាំហើយ ដែលលោក ងួន ម៉ុន ប្រកបមុខរបរធ្វើចម្ការ។ ក្រៅពីដំឡូងមី លោកក៏មានដាំស្វាយកែវរមៀត ស្វាយចន្ទី និងដំណាំផ្សេងៗទៀត។ មុននឹងសម្រេចចិត្តពង្រីកដីដាំដំឡូងមីនៅលើផ្ទៃដីរហូតជិត៥០ហិកតា លោក ក៏បានសិក្សាស្វែងយល់ពីតម្លៃ និងតម្រូវការទីផ្សាររួចហើយ។  កសិកររូបនេះ  ប្រាប់ដូច្នេះថា៖«សម្រាប់ខ្ញុំជាកសិករម្នាក់ តែងតែតាមដាន និងសម្របខ្លួនតាមទីផ្សារ មិនមែនដាំអ្វីទៅតាមតែការចង់ឬនឹកឃើញនោះទេ។ ប្រសិនបើ ទីផ្សារដំណាំណាល្អ គឺខ្ញុំពង្រីកការដាំដំណាំនោះ មិនមែនចេះតែផ្អើលតាមគ្នាទេ»។
 
តម្លៃដំឡូងមីស្រស់នៅលើទីផ្សារពី៣០០រៀល ទៅ៣៧០រៀល ក្នុង១គីឡូក្រាម  ក៏បានជំរុញកសិករម្នាក់ទៀត គឺលោក ញ៉ន ញ៉ក់ ឱ្យពង្រីកដីដាំដំណាំប្រភេទនេះផងដែរ។ កសិករដែលមានវ័យ៦១រូបនេះ  បានពង្រីកដីដាំដំឡូងមី ពី១២ហិកតា ទៅដល់២៤ហិកតានាពេលបច្ចុប្បន្ន  ដោយក្នុងនោះ មានដីចំនួន១៩ហិកតា លោកបានជួលគេ។ 
 
លោក ញ៉ន ញ៉ក់ បាននិយាយបែបនេះថា៖«ខ្ញុំពេញចិត្តក្នុងការពង្រីកដីដំឡូងមីនេះ ដោយសារសក្ដានុពលនៃទីផ្សារខ្ពស់ និងតម្លៃកើនថេរ។  ហើយណាមួយការបង្កើនការដាំដុះច្រើននេះ ក៏ជាការចូលរួមចំណែកមួយក្នុងការផ្តល់ការងារឱ្យពលករឬអ្នកស៊ីឈ្មួលបានមួយចំនួនផងដែរ ដើម្បីដោះស្រាយជីវភាពក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ»។ 

ទន្ទឹមនឹងការពង្រីកផ្ទៃដីដាំដំឡូងមីរបស់ប្រជាកសិករនេះ ក៏មានការគាំទ្រផ្នែកបច្ចេកទេស និងទីផ្សារពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងការគាំទ្រពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) ផងដែរ។ កញ្ញា ហេង ចន្ទ្រា ដែលជាបុគ្គលិកគម្រោងផ្នែកកសិកម្មដំឡូងមីរបស់អង្គការ GIZ លើកឡើងថា បច្ចុប្បន្ន អ្នកជំនាញរបស់អង្គការ GIZ បានចុះបង្រៀននៅតាមសហគមន៍អំពីបច្ចេកទេសក្នុងការដាំដំឡូង ដោយក្នុងនោះ មានការប្រើប្រាស់ជី ការមើលដី ការប្រើប្រាស់ថ្នាំ ការតាមដានជំងឺរបស់ដាណាំ និងសត្វល្អិត ជាដើម។ 

កសិករ ញ៉ន ញ៉ក់ 
 
ដំឡូងមី ជាដំណាំសក្កានុទី២របស់ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យដែលដាំដុះជាប្រចាំឆ្នាំ បន្ទាប់ពីដំណាំស្រូវ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ថ្លែងថា បច្ចុប្បន្ន ផ្ទៃដីដាំដំឡូងមី មានប្រមាណ៦ម៉ឺនហិកតា ខណៈផ្ទៃដីដាំស្រូវមានប្រមាណ១០ម៉ឺនហិកតា។  លោក អះអាងថា ចាប់ពីឆ្នាំ២០១៩មក តម្លៃដំឡូងមីនៅលើទីផ្សារមានការកើនឡើង ដែលជាហេតុធ្វើឱ្យប្រជាកសិករប្រឹងប្រែងដាំដុះនិងពង្រីកដីដាំបន្ថែម។ 
 
«កសិករមិនសូវព្រួយបារម្ភច្រើនពីទីផ្សារនៃការលក់ទេ។  និយាយជារួម បើផលដំឡូងរបស់កសិករមានគុណភាព គឺមិនខ្វះទេឈ្មួញរងចាំទទួលទិញនោះ»។ នេះជាប្រសាសន៍របស់ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ដោយបានបញ្ជាក់ថា ការកើនឡើងនៃតម្លៃដំឡូងមីនេះ  គឺដោយសារតម្រូវការទីផ្សារខ្ពស់នៃការនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។ 
 
របាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រយៈពេល៧ខែដើមឆ្នាំ២០២១ កម្ពុជានាំចេញទិន្នផលដំឡូងមីបានប្រមាណ១,៦លានតោនទៅក្រៅប្រទេស។ ប្រទេសជាទីផ្សារធំ ដែលទិញដំឡូងមីកម្ពុជា គឺថៃ និងវៀតណាម។ ក្នុងនោះ ចំណិតដំឡូងមីក្រៀម កម្ពុជានាំចេញទៅថៃបានជាង៨៤ម៉ឺនតោន និងទៅវៀតណាមជិត៤០ម៉ឺនតោន។ រីឯ ដំឡូងមីស្រស់ វិញកម្ពុជា នាំចេញទៅវៀតណាម បានជាង៣០ម៉ឺនតោន និងនាំចេញទៅប្រទេសថៃបានជិត៤០ម៉ឺនតោន៕ 

ព័ត៌មានទាក់ទង