
ដោយ៖ ស៊ុលរ៉វី
អាជ្ញាធរឃាត់រថយន្តមួយគ្រឿង ដឹកគ្រឿងក្នុងជ្រូកចំនួន ២តោន ដែលគ្មានច្បាប់នាំចូលត្រឹមត្រូវ ក្នុងខេត្តកំពង់ធំ។ ទំនិញទាំងនោះ ត្រូវបានរឹបអូសបញ្ជូនសំណាកធ្វើតេស្តរកជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈអ្នកបើកបររត់គេចខ្លួន ។
មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ស្ពឺ បានឃាត់រថយន្តមួយគ្រឿង ផ្ទុកគ្រឿងក្នុងជ្រូក២តោន ស្មើនឹង ៤០កញ្ចប់ ដែលជាទំនិញល្មើសច្បាប់នាំចូល នៅថ្ងៃទី០១សីហា។ បើតាមលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ទំនិញទាំងនោះ ត្រូវបានឈ្មួញនាំចូលពីប្រទេសថៃ ដោយឆ្លងកាត់តាមច្រកព្រំដែនប៉ោយប៉ែត ដោយគ្មានច្បាប់អនុញ្ញាតឡើយ។
ក្រោយការឃាត់ទំនិញទាំងនោះ អាជ្ញាធរក៏បានបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យរកជំងឺប៉េស្តជ្រូកអាហ្វ្រិក និងសារធាតុគីមី ដោយត្រូវការពេល ២ទៅ៣ ថ្ងៃ ទើបដឹងលទ្ធផល។ លោក តាន់ ម៉េងឆាង បញ្ជាក់ដូច្នេះថា៖«លទ្ធផលនឹងចេញក្នុងសប្ដាហ៍នេះ។ ប្រសិនជាក្នុងករណីគ្រឿងក្នុងជ្រូកនោះ រកឃើញមានជំងឺឆ្លងមេរោគ យើងនឹងស្នើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងព្រះរាជអាជ្ញា ដើម្បីចាត់វិធានការដុតកម្ទេចចោល។ តែបើមិនមានទេនោះ យើងនៅតែបន្តស្រាវជ្រាវរកម្ចាស់ទំនិញ»។
តែយ៉ាងណា លោក តាន់ ម៉េងឆាង អះអាងថា មន្ត្រីរបស់ខ្លួនកំពុងបន្តការស្រាវជ្រាវរកអ្នកបញ្ជាទិញគ្រឿងក្នុងជ្រូកទាំងនោះ ។ ក្នុងករណីស្វែងរកឃើញ នឹងត្រូវដោះស្រាយតាមនីតិវិធីច្បាប់បន្ត។ បច្ចុប្បន្នទំនិញ និងរថយន្ត ត្រូវបានរក្សាទុកនៅការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

