កម្ពុជាទទួលចំណូលជិត៣ពាន់លានដុល្លារ ពីការនាំចេញកសិផល​​ជាង៥លានតោន ក្នុងពេល៧ខែ

31/07/2021 11:00 am ភ្នំពេញ

ដោយ៖ ខន ណារី

ភ្នំពេញ៖ ​ កម្ពុជា បាននាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ទិសដៅអន្តរជាតិចំនួន ៦៤ប្រទេស នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ។ ធៀបនឹង​ឆ្នាំ២០២០បរិមាណ​នេះ ​កើនឡើងជាង​៨៧​ភាគរយ។ សរុបទឹកប្រាក់ដែលកម្ពុជា ទទួលបាន​ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗនេះ មានចំនួនជាង៣ពាន់លានដុល្លារអាមេរិក។



ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗសរុប ៥.០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស។ បរិមាណនាំចេញនេះ ​កើនឡើងជាង២លានតោន ឬស្មើនឹង៨៧.១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
 
បើតាមរបាយការណ៍ដដែល ​ក្នុងកសិផលសំខាន់ៗ ដែលនាំចេញមានដូចជា ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ពោត សណ្តែក ក្រូចថ្លុង ម្រេច ថ្នាំជក់ ម្ទេស និងដូងប្រេងជាដើម។ 

​កម្ពុជា បាននាំចេញអង្ករ ជិត៣១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិជាង៤០ប្រទេស ​និងបាននាំចេញស្រូវខ្ទង់ ២លានតោន ទៅកាន់ប្រទេសវៀតណាម។ ក្រៅពីស្រូវ អង្ករ កម្ពុជាបាននាំចេញចំណិតដំឡូងមីក្រៀមជាង១លានតោន ,  គ្រាប់ស្វាយចន្ទី ជាង៨៦ម៉ឺនតោន ,  គ្រាប់ពោត ជាង១៤ម៉ឺនតោន, ផ្លែចេកស្រស់ ចំនួន ២៧ម៉ឺនតោន, ផ្លែស្វាយស្រស់ ១៦ម៉ឺនតោន , ម្រេច ជាង ២ម៉ឺនតោន ​និងកសិផលដទៃមួយចំនួនទៀត​។ ​ 

ក្នុងចំណោមកសិកផលនីមួយៗដែលកម្ពុជា បាននាំចេញ គឺសុទ្ធតែកើនឡើងបរិមាណទាំងអស់ លើកលែងតែអង្ករមួយមុខគត់ ដែលការនាំចេញធ្លាក់ចុះប្រមាណ២៧ភាគរយ ដោយ​សារ​ខ្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនឡើងថ្លៃ។​​
 
ចំពោះតម្លៃនាំចេញសរុបវិញ គឺមានជាំង ២.៩៦៤លានដុល្លារអាមេរិក ដែលក្នុងនោះចំ​ណូលពីការនាំចេញអង្ករមានជាង ២៦១លានដុល្លារ , ចំណូលពីការនាំចូលចេញស្រូវមានជាង៣២៩លាន និងពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ជាង​ ២.៣៧៣លានដុល្លារ​៕

ព័ត៌មានទាក់ទង