លោក អុន សីហា អាចផ្គត់ផ្គង់បន្លែ «ប្រភេទបណ្តុះ» ជិត១០មុខ ឱ្យផ្សារទំនើប រាល់ថ្ងៃ

30/07/2021 11:00 am ភ្នំពេញ

ភ្នំពេញ៖ ជាង៧ឆ្នាំមកហើយ ដែលលោក អុន សីហា បានផ្គត់ផ្គង់បន្លែប្រភេទបណ្តុះ ពីចំនួន ៧ទៅ៨មុខ ឱ្យទីផ្សារទំនើបនានា នៅរាជធានីភ្នំពេញ។ ជាមធ្យមក្នុងមួយថ្ងៃៗ លោក  សីហា អាចផ្គត់ផ្គង់បន្លែប្រភេទបណ្តុះ ឱ្យទីផ្សារទំនើបបានពី៣០០ទៅ៣៥០ប្រអប់ ជាមួយនឹងតម្លៃ ចាប់ពី៥,៨០០រៀលឡើង។



ប្រភេទបន្លែបណ្តុះ ដែលលោក អុន សីហា កំពុងផ្គត់ផ្គង់ឱ្យគ្រប់ទីផ្សារទំនើបនៅភ្នំពេញសព្វថ្ងៃនេះ មានពពួកត្រកួនបណ្តុះ, ពពួកស្ពៃបណ្តុះ, ល្ងខ្មៅបណ្តុះ, ពពួកឆៃថាវបណ្តុះ, គ្រាប់ផ្កាឈូករ័ត្នបណ្តុះ, ពពួកសាសាដបណ្តុះ និងមានពពួកគ្រាប់សណ្តែកបណ្តុះ...ជាដើម។

ក្តីស្រលាញ់ និងការមើលឃើញពីឱកាសនៃតម្រូវការទីផ្សារ រួមទាំងការយល់ដឹងពីអត្ថប្រយោជន៍នៃប្រភេទបន្លែបណ្តុះចំពោះសុខភាពមនុស្ស ក៏បានជំរុញឱ្យលោក  សីហា សម្រេចបង្កើតអាជីវកម្មលក់ប្រភេទបន្លែបណ្តុះនេះ ដែលមានឈ្មោះថា«ទីក្រុងបណ្តុះ»តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey លោក អុន សីហា បាននិយាយដូច្នេះ៖« ប្រភេទបន្លែបណ្តុះនេះ គឺមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព បើប្រៀបធៀបជាមួយផ្លែឈើនិងបន្លែទូទៅ»។ 

ម្ចាស់អាជីវកម្មទីក្រុងបណ្តុះដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្រ្តកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្មរូបនេះ បានបន្តបញ្ជាក់ថា ៖«បន្លែប្រភេទបណ្តុះនេះ មានវីតាមីន ឬសារធាតុចិញ្ចឹមរាងកាយរបស់មនុស្សយើងហ្នឹងច្រើនជាង ប្រភេទបន្លែទូទៅ ពី៧ ទៅ៨ដង ឯណ្ណោះ»។ 

បច្ចុប្បន្ន អាជីវកម្មទីក្រុងបន្លែរបស់លោក អុន សីហា អាចផ្គត់ផ្គង់ប្រភេទបណ្តុះឱ្យអតិថិជន បានពី៣០០ទៅ៣៥០ប្រអប់ ជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែបណ្តុះរបស់លោក សីហា មានតម្លៃ៥,៨០០រៀល ដល់១០,០០០រៀល ក្នុងមួយប្រអប់ ដោយអាស្រ័យទៅលើទម្ងន់ និងប្រភេទបន្លែបណ្តុះនីមួយ។ នេះបើតាមលោក អុន សីហា៕ 










 

ព័ត៌មានទាក់ទង