តំបន់ទេសចរណ៍ទូទាំងប្រទេសត្រូវផ្អាករយៈពេល១៤ថ្ងៃ

29/07/2021 5:30 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ

ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៩កក្កដា ពីការផ្អាកតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១២សីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា(Delta)។


 
បើតាមសេចក្ដីជូនដំណឹងដដែល ក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា មន្ទីរទេសចរណ៍ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានហាមឃាត់ដាច់ខាតរាល់សកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងអំឡុងពេលផ្អាកបណ្ដោះអាសន្ននេះ ។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ថា ក្រៅពីរមណីយដ្ឋាន តំបន់ទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាំងអស់ក៏មិនត្រូវបានអនុញ្ញាតឱ្យទទួលភ្ញៀវទេសចរផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ « រមណីយដ្ឋានទេសចរណ៍ កន្លែងកម្សាន្ត និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ គឺយើងផ្អាក១៤ថ្ងៃដូចគ្នា »។ 

ក្រៅពីតំបន់ទេសចរណ៍ អាជីវកម្មកម្សាន្តដូចជា ខារ៉ាអូខេ រង្គសាល បៀហ្គាឌិន រោងភាពយន្ត ការសម្ដែងសិល្បះ ក្លឹបហាត់ប្រាណ និងអាជីវកម្មបែបប្រមូលផ្ដុំ ត្រូវបន្តបិទដដែល។

គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្ដីសម្រេចឱ្យបិទខ្ទប់ខេត្តចំនួន៨ នៅជាប់ព្រំប្រទល់ប្រទេសថៃ ដែលមានដូចជា សៀមរាប ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី១២សីហា។ 

គិតមកទល់ពេលនេះកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៧៥,៩១៧នាក់ ក្នុងនោះ ១០,០៤៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៨,៣៨៦នាក់ និងស្លាប់សរុប ១,៣៥០នាក់៕ 

 

ព័ត៌មានទាក់ទង