ប្រធានមន្ទីរកសិកម្មត្បូងឃ្មុំ ឱ្យកសិកររូសរាន់ប្រមូលផលពោត ខណៈកម្ពស់ទឹកទន្លេហក់ឡើងខ្ពស់

29/07/2021 5:00 pm ត្បូងឃ្មុំ


ដោយ៖ ខន ណារី

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែកក្កដា កម្ពស់ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ បានហក់ឡើងខ្ពស់ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ស្ថានភាពបែបនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានអំពាវនាវ ដល់កសិករ ដែលដាំពោត នៅតាមដងទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ រូសរាន់ប្រមូលផល ចៀសវាងខូចខាត ដោយសារការកើនឡើង នៃកម្ពស់ទឹកទន្លេមេគង្គនេះ។



បើតាមលោក ហេង ពិសិដ្ឋ រយៈពេល ប៉ុន្មានថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គ បានកើនឡើង ជាបន្តបន្ទាប់ ស្របពេលនឹងរដូវប្រមូលផលពោតក្រហម របស់កសិករ ក្នុងខេត្តត្បូងឃ្មុំ ផងដែរ។ ប្រធានមន្ទីរកសិកម្មរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី២៩ ខែកក្កដា ថា បើសិនកសិករ ប្រមូលផលមិនទាន់ពេល អាចនឹងប៉ះពាល់ ដល់ដំណាំពោតក្រហម ប្រមាណ ៤ពាន់ហិកតា។

«ស្ថានភាពបែបនេះ ខ្ញុំសូមរម្លឹក ដល់បងប្អូនប្រជាកសិករ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលមានដាំដំណាំ តាមបណ្តោយដងទន្លេមេគង្គ ពិសេសដំណាំពោតក្រហម ត្រូវ រូសរាន់ប្រមូលផលឲ្យបានទាន់ពេលវេលា។ ចៀសវាងទឹកជំនន់ឡើងខ្ពស់ ជន់លិច ខូចខាត ជាយថាហេតុណាមួយ»។ នេះជាការក្រើនរម្លឹករបស់ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

ដំណាំពោតក្រហមរបស់កសិករខេត្តត្បូងឃ្មុំ ។ រូបភាព៖មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ

ដ្បិតថា ស្ថានភាព បច្ចុប្បន្ន មិនទាន់មានផលប៉ះពាល់ យ៉ាងណាក្ដី តែលោក ហេង ពិសិដ្ឋ បន្តអំពាវនាវដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ភ្លៀង ផ្គរ រន្ទះ និងត្រៀមទីទួលសុវត្ថិភាព ក៏ដូចជាចំណីសម្រាប់សត្វពាហនៈ ផងដែរ។

ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដំណាំពោតក្រហមសរុបជាង ៦.៥ហិកតា មានស្រុកចំនួនពីរ ដែលអំណោយផលលើការដាំដុះដំណាំពោតក្រហមគឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។ បច្ចុប្បន្ន ការប្រមូលផលពោតក្រហម របស់កសិករ ក្នុងខេត្តត្បូងឃ្មុំ ទើបសម្រេចបាន ប្រមាណ ១០ភាគរយប៉ុណ្ណោះ។ ក្រៅពី ពោតក្រហម ខេត្តត្បូងឃ្មុំ មិនមានកសិផលអ្វី គួរឱ្យព្រួយបារម្ភនោះទេ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្ម។

រូបភាពពីមន្ទីរកសិកម្មត្បូងឃ្មុំ

បើតាមក្រសួងធនធានទឹក  និងឧតុនិយម បានព្យាករនៅថ្ងៃទី២៧ កក្កដា ឱ្យដឹងថា  កម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ITCZ  ដែលធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានភ្លៀង ក្នុងកម្រិតតិចទៅបង្គួរ លាយឡំដោយផ្ករ រន្ទះ ខ្យល់ ខ្យល់កន្ទ្រាក់ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ៕

 

ព័ត៌មានទាក់ទង