យុវតីម៉េត ម៉ាឡែន ជាប្រធានសហគមន៍ស្ត្រីដំបូងគេ នៅតំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត

29/07/2021 4:00 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

ភ្នំពេញ៖ យុវតី ម៉េត ម៉ាឡែន ក្លាយជាស្ត្រីវ័យក្មេងទីមួយ ហើយក៏ជាប្រធានសហគមន៍ដំបូងគេផងដែរ នៅតំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត នៃដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ ថ្វីដ្បិតថាខ្លួននៅក្មេងខ្ចី រៀនសូត្របានតិច ប៉ុន្តែយុវតីវ័យ២១ឆ្នាំរូបនេះ ប្តេជ្ញាខិតខំការពារនិងអភិរក្សព្រៃឈើ រួមទាំងជីវចម្រុះធម្មជាតិនានា សម្រាប់ជាប្រយោជន៍ដល់ប្រជាសហគមន៍របស់ខ្លួនប្រកបដោយនិរន្តរភាព។



ម៉េត ម៉ាឡែន កើតនិងធំធាត់ឡើងនៅក្នុងភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ នាពាក់កណ្តាលឆ្នាំ២០១៨ ម៉ាឡែន ត្រូវបានប្រជាសហគមន៍របស់នាង បោះឆ្នោតឱ្យធ្វើជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត នៅក្នុងវ័យទើបតែមានអាយុត្រឹម១៨ឆ្នាំប៉ុណ្ណោះ ក្រោយនាងសម្រេចបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៨។ ទោះវ័យនៅក្មេងមែនពិត ប៉ុន្តែ ម៉ាឡែន ជាមនុស្សមានភាពវៃឆ្លាត និងខិតខំរៀនសូត្រ ពីអ្នកនៅជុំវិញខ្លួន ដោយនាងបានសហការជាមួយអ្នកភូមិ អាជ្ញាធរភូមិ-ឃុំ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីពង្រឹងការងារល្បាតព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន ទាំងថ្ងៃទាំងយប់។ 
 

កញ្ញា ម៉េត ម៉ាឡែន កំពុងថតរូបជាមួយប្រជាសហគមន៍របស់ខ្លួន នាអំឡុងពេលចុះល្បាតព្រៃ នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១



«ក្នុងមួយខែ ខ្ញុំចុះល្បាត៣ទៅ៥ដង។ ក្នុង១ដង ខ្ញុំចុះដើរល្បាតព្រៃរាប់សិបគីឡូ ជាមួយប្រជាសហគមន៍ តាំងពីព្រលឹមរហូតទល់ព្រលប់ ដោយមានថ្ងៃខ្លះក៏ដេកនៅក្នុងព្រៃក៏មានដែរ»។ សកម្មភាពនេះ ម៉ាឡែន បានអនុវត្តជាប្រចាំអស់រយៈពេលជាង២ឆ្នាំមកហើយ ជាមួយនឹងមហិច្ឆតា ចង់ឱ្យសហគមន៍ភ្នំជ្រាប់ត្រីក្សាន្ត នៃដែនជម្រកសត្វព្រៃនេះ ក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចឱ្យប្រជាសហគមន៍ខ្លួនទទួលប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ។ 

តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត  លាតសន្ធឹងលើផ្ទៃដីជាង១,៣០០ហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ ។ តំបន់នេះ មាន​ទេសភាពជួរភ្នំខ្ពស់ៗជាច្រើន, ​ទឹកជ្រោះ និងទឹកធ្លាក់ចំនួន៩កន្លែង​ ដែលមានទេសភាពដ៏ស្រស់ត្រកាល នៅក្នុងមជ្ឈដ្ឋាននៃព្រៃឈើធម្មជាតិជាមួយនឹងសំឡេងសត្វព្រៃ និងបក្សាបក្សីស្រែកច្រៀងឆ្លងឆ្លើយគ្នាទៅវិញទៅមក។ ការមើលឃើញនូវសក្តានុពលរបស់ធម្មជាតិទាំងនេះហើយ បានជំរុញ ដល់ម៉ាឡែន កាន់តែតស៊ូ និងព្យាយាមពន្យល់ណែនាំ ដល់ប្រជាសហគមន៍ ឱ្យយល់ពីតម្លៃនៃការអភិរក្សធនធានធម្មជាតិ ដើម្បីសហគមន៍របស់ខ្លួន ក្លាយជាតំបន់អេកូទេសចរណ៍នាពេលអនាគត។

 
«ខ្ញុំចង់ឃើញប្រជាពលរដ្ឋ នៅតំបន់ការពារធនធានធម្មជាតិហ្នឹង អាចអាស្រ័យផល និងយល់ច្បាស់កាន់តែច្រើន អំពីការងារអភិរក្សធនធានធម្មជាតិ»។ នេះជាសម្តីរបស់ ម៉ាឡែន ដែលនិយាយប្រាប់សារព័ត៌មាន ThemyThmey ខណៈខ្លួនបានសម្រេចនូវជោគជ័យមួយចំនួន ក្នុងការទប់ស្កាត់បទល្មើសព្រៃ និងការកាប់ព្រៃទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើស្រែចម្ការ ជាដើម។ លើសពីនេះ ម៉ាឡែន ក៏បានពន្យល់ណែនាំប្រជាសហគមន៍ខ្លួន ឱ្យយល់កាន់តែច្បាស់ អំពីសារសំខាន់នៃការអភិរក្សធនធានធម្មជាតិ ក៏ដូចជាច្បាប់ធនធានធម្មជាតិ ផងដែរ។  

យុវតីដែលជាប្រធានសហគមន៍ តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្តរូបនេះ បានអះអាងបន្ថែមដូច្នេះថា៖«មូលហេតុដែលខ្ញុំពេញចិត្តធ្វើកិច្ចការងារទាំងនេះ គឺដោយសារខ្ញុំចង់ឈើញព្រៃឈើធម្មជាតិ នៅសល់សម្រាប់ក្មេងជំនាន់ក្រោយៗ ឱ្យបានស្គាល់ដូចជាខ្ញុំដែរ។ ជាពិសេស គឺខ្ញុំចង់កសាងសហគមន៍ ឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត»។


យុវតី​ ម៉េត ម៉ាឡែន ដឹកនាំប្រជាសហគមន៍ចុះល្បាតព្រៃ។ រូបថត៖ usaidgreeningpreylang
 
សកម្មភាពដឹកនាំរបស់យុវតីវ័យក្មេងរូបនេះ ទទួលបានការសាទរ និងគាំទ្រច្រើនពីសំណាក់ប្រជាសហគមន៍។ អ្នកស្រី កា ឡែន ដែលប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្តមួយរូប តែងតែកោតសរសើរពីការដឹកនាំ និងភាពបត់បែនរបស់ម៉ាឡែន។ ប្រជាសហគមន៍វ័យ៣២ឆ្នាំ អ្នកស្រី កា ឡែន ​បាននិយាយប្រាប់សារព័ត៌មានThmeyThmey ទៀតថា៖«ម៉ាឡែន មានវ័យក្មេងជាងគេនៅក្នុងសហគមន៍ក៏ពិតមែន ប៉ុន្តែគាត់បានបំពេញតួនាទីការងារបានល្អ ទាំងការសម្របសម្រួលប្រជាសហគមន៍ ការចុះល្បាតព្រៃជាប្រចាំ រួមទាំងការព្យាយាម ពន្យល់ប្រជាសហគមន៍ ឱ្យយល់ពីតម្លៃនៃការអភិរក្សធនធានធម្មជាតិជាដើម»។ 
 
ដ្បិតថា ម៉ាឡែន ជាប្រធានសហគមន៍មែនពិត ប៉ុន្តែនាងតែងតែទទួលយកនូវដំបូន្មាន និងកែលម្អពីប្រជាសហគមន៍ ដើម្បីអភិវឌ្ឍន៍​ចំណេះរបស់ខ្លួន ក្នុងការកសាងសហគន៍ ឱ្យមានភាពរីកចម្រើន។ នេះបើតាមការលើកឡើងរបស់អ្នកស្រី កា ឡែន។ 
 
តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត នៃដែនជម្រកសត្វព្រៃព្រៃឡង់នេះ ត្រូវបានក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី៥មីនា ឆ្នាំ២០១៩។ ការទទួលស្គាល់ពីក្រសួងបរិស្ថាននេះ  គឺក្រោយរយៈពេល១ឆ្នាំ ដែលយុវតី ម៉េត ម៉ាឡែន ត្រូវបានពលរដ្ឋបោះឆ្នោត ឱ្យកា្លយជាប្រធានសហគមន៍នៅក្នុងអំឡុងឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕  


 

ព័ត៌មានទាក់ទង