ប្រាសាទជ័យក្សេត្រ ឬបាសែត ជាទីតាំងទេសចរណ៍បែបសាសនា និងវប្បធម៌ដ៏ចំណាស់នៅបាត់ដំបង

22/12/2021 5:00 pm ភ្នំពេញ


ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ ប្រាសាទបាសែត មានទីតាំងស្ថិតនៅប៉ែកខាងកើតនៃក្រុងបាត់ដំបង មានចម្ងាយ ជាង១៤គីឡូម៉ែត្របើគិតចាប់ពីសាលាខេត្ត។ប្រាសាទនេះជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងជាកន្លែងបន់ស្រន់ តាមជំនឿរបស់ពលរដ្ឋ  ដែល ស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។



បើយើងទៅដល់ បរិវេណប្រាសាទបាសែត នឹងឃើញតួប្រាសាទចំនួនពីរ  អមដោយក្បាច់ចម្លាក់មួយចំនួននៅតាមផ្តែរទ្វារ និងសសរពេជ្រ ជាដើម ។ បើក្រឡែកមើល ជុំវិញបរិវេណប្រាសាទវិញ គឺមានថ្មប្រាសាទ នៅរាយប៉ាយ  អមដោយ ដើមឈើ ធំៗ មានម្លប់ត្រឈឹងត្រឈៃ ជាទីគយគន់ និងផ្តិតយករូបភាព ពីភ្ញៀវទេសចរ។



លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឱ្យដឹងថា ប្រាសាទបាសែត ឬឈ្មោះដើម ជ័យក្សេត្រ បានសាងសង់ឡើង ក្នុងសតវត្សទី១១ គ.ស ក្នុងរាជព្រះបាទសូរ្យវ័រ្មទី១ (១០០២ - ១០៥០ គ.ស ) ដើម្បីឧទ្ទិស ដល់ព្រហ្មញ្ញសាសានា បែបនិកាយព្រះសិវៈ ឬព្រះឥសូរ  ហើយជាប្រាសាទមួយ ដូចប្រាសាទដទៃទៀត ដែលជាកន្លែងទុកសម្រាប់ជាទីសក្ការបូជា។ 



បើតាមលោក គឹម សោភ័ណ ប្រាសាទនេះ ត្រូវបានរងការខូចខាតដោយសារ ធម្មជាតិ សង្គ្រាម និងមនុស្សស្វែងរកវត្ថុមានតម្លៃ យកថ្មប្រាសាទទៅប្រើប្រាស់ ឬវាយបំបែកក្នុងបំណងផ្សេងៗ  ពិសេសក្នុងសម័យខ្មែរក្រហម។ 

ក្នុងឆ្នាំ ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទួលបានថវិកាពីរាជរដ្ឋាភិបាល បាន ជួសជុល និងទល់ទ្រប្រាសាទនេះ  ដោយរក្សាការប្រើប្រាស់រាល់ថ្មប្រាសាទ  និងរក្សាទម្រង់ដើមទៅតាមបែបបទបុរាណ៕ 

ព័ត៌មានទាក់ទង