ឧបករណ៍នេសាទខ្មែរ ៩ប្រភេទ ដែលមិនសូវមានអ្នកប្រើនិងស្គាល់

15/03/2023 10:00 am ភ្នំពេញ

 
ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖ ឧបករណ៍នេសាទ ភាគច្រើនត្រូវបានប្រជាពលរដ្ឋដែលរស់នៅតាមស្រុកស្រែ និងស្រុកចម្ការប្រើ ដើម្បីនេសាទ ត្រី ក្ដាម ខ្យងនិងអន្ទង់យកបរិភោគ ឬលក់យកប្រាក់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។ ឧបករណ៍នេសាទខ្មែរ ភាគច្រើនធ្វើពីឫស្សី និងអាចរក្សាទុកបានចន្លោះពីពីរទៅបីឆ្នាំ។ បច្ចុប្បន្នឧបករណ៍នេសាទបែបបុរាណមិនសូវមានអ្នកចាប់អារម្មណ៌ប្រើទេ។ មូលហេតុចម្បង អាចដោយសារការវិវដ្ដរបស់សង្គមដែលសម្បូរឧបករណ៍បែបថ្មីៗ ដែលអាចបង្កភាពងាយស្រួលដល់ការនេសាទជាងឧបករណ៍បែបបុរាណ និង មូលហេតុមួយទៀតទំនងបណ្ដាលមកពីត្រីមិនសម្បូរ ដូចមុន។



ទ្រូ៖ ជាប្រដាប់នេសាទធ្វើដោយបន្ទោះឫស្សីក្រងរាងប៉ោងកណ្ដាលមានប្រឹសនៅខាងចំហៀង។ ឧបករណ៍ប្រភេទនេះគេច្រើនដាក់តាម បឹងឬត្រពាំង ដែលមានជម្រៅទឹកប្រហែលកន្លះម៉ែត្រ។ ទ្រូត្រូវបានគេយកទៅដាក់ក្នុងទឹកដែលមានស្មៅ ឬក្រោមកំប្លោក ដើម្បីឱ្យត្រី ឬក្ដាមខ្យងចូលសំងំនៅក្នុងនោះ។ ជាទូទៅ អ្នកនេសាទ អាចទុករយៈពេលមួយឬពីរយប់ទើបទៅលើកម្ដង។ 


 ទ្រូ រូបភាពដោយ លោកអ៊ាង សុផល្លែត។


លប៖  ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្តេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស។ ជាទូទៅលបជាឧបករណ៍មួយប្រភេទដែលអ្នកនេសាទ និងកសិករនិយមប្រើ ដោយយកទៅដាក់នៅតាមប្រឡាយឬស្រែដែលមានទឹកហូររឹមៗ មានទប់របាំងសងខាងធ្វើផ្លូវទឹក ដាក់លបត្រងយកត្រី។ 

ឧបករណ៍លបមានច្រើនទំហំនិងមានឈ្មោះតាមតំបន់នីមួយៗ ជាក់ស្ដែងដូចជាលបត្រីព្រួល ត្រីឆ្ពិន ត្រីឆ្ដោជាដើម។ លបត្រីប្រភេទទាំងនេះគេកម្រឃើញមានទំហំតូចណាស់ ភាគច្រើនមានទំហំចាប់ពីមួយអោប ទៅបីអោបមនុស្សនិងអាចមានប្រវែងចន្លោះពី១ម៉ែត្រ ទៅបីម៉ែត្រឯណោះ។ ឧបករណ៍ប្រភេទនេះគេយកឫស្សីធ្វើជាគ្រោងឆ្អឹង បន្ទាប់មករុំសំណាញ់ពីខាងក្រៅ។ បច្ចុប្បន្នប្រជានេសាទរស់នៅតាមស្រុកបឹង

នៅក្នុងខេត្តកណ្ដាលនៅបន្តប្រើភាគច្រើន។ ជាពិសេស គេច្រើនឃើញប្រើនៅរដូវទឹកស្រក ក្នុងជម្រៅទឹកចន្លោះពី៣ទៅ៧ម៉ែត្រហើយនៅពេលផុតរដូវនេសាទគេច្រើនយកឧបរណ៍ទាំងនេះ ទៅគរពីលើគ្នាក្នុងរោងនៅជិតៗផ្ទះដើម្បីរក្សាទុកប្រើឆ្នាំក្រោយៗទៀត។
 

លប រូបភាពដោយ លោកអ៊ាង សុផល្លែត

លាន់៖ ជាឧបករណ៍នេសាទមួយប្រភេទ សម្រាប់ដាក់អន្ទង់។ គេយកដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល។ ឫស្សីទាំងនោះត្រូវបានគេយកទៅខ្នែងចេញ ហើយឱ្យរលោងនិងស្រាល់ជាងមុនវាមានប្រវែងមិនក្រោម មួយម៉ែត្រកន្លះទេក្នុងមួយដើមៗ។

លាន់ត្រូវបានគេយកទៅស៊កតាមត្រឹបកំប្លោក ឬត្រកួនដែលមានទឹករាក់ ឬជ្រៅតាមស្ថានភាពដែលអាចនឹងមានសត្វអន្ទង់រស់នៅ។ ឧបរកណ៍ប្រភេទនេះ កម្រឃើញមានអ្នកប្រើណាស់នាពេលបច្ចុប្បន្នព្រោះសត្វអន្ទង់ក៏មិនសូវមាន ហើយមួយវិញទៀតវិធីសាស្រ្តនេសាទបែបបុរាណប្រភេទនេះក៏គេមិនសូវចាប់អារម្មណ៍ប្រើដែរ។
 

ឈ្នាង៖ឧបករណ៍នេសាទនេះ ៣ ប្រភេទគឺ ឈ្នាងដង ធ្វើដោយបន្ទោះឫស្សីមានដង ១ និងកាំសម្រាប់ដួសដងកោយត្រីនៅទីទឹកជ្រៅ ឬទឹកហូរ។ ឈ្នាងដៃ ឬ ឈ្នាងជញ្ជាត់ ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ ជញ្ជាត់ យកមច្ឆជាតិតូចៗ និងឈ្នាងត្រាំ ធ្វើដោយរនាបឫស្សី មានដង ២ មានកាំផងសម្រាប់អូសទាញលើកបាន ប្រើការដាក់ត្រាំក្នុងទឹក។ នៅតាមស្រុកស្រែ គេនិយមប្រើឈ្នាងដៃ ដើម្បីជញ្ជាត់ត្រីតូចៗ ក្ដាម កន្តេះឡង់ដែលរស់នៅតាមទឹករាក់ៗប្របតាមមាត់ទឹក ឬក្នុងទឹកត្រពាំងជាដើម។ 


ឈ្នាងដៃ  រូបភាព ដោយ យសោធរ

អង្រុត៖ ជាឧបករណ៍មួយប្រភេទធ្វើឡើង ដើម្បីសម្រួលដល់ការចាប់ត្រីតាមបឹង ឬត្រពាំង។ អង្រុតធ្វើដោយបន្លោះឫស្សីមូលៗ  មានរាងក្រឡូម តូចខាងមាត់លើធំគាយខាងក្រោម សម្រាប់រុតឬក្រុងមច្ឆជាតិ ។ ឧបករណ៍ប្រភេទនេះ អាចនៅតែមានអ្នកប្រើគួរសមនៅតាមស្រុកស្រែនិងចម្ការ ដែលសម្បូរត្រពាំង បឹងឬព្រែកធម្មជាតិដែលសម្បូរត្រី។ 

ទ្រុង៖ ជាឧបករណ៍សម្រាប់ដាក់តី្រ ក្ដាម ខ្យង រកបានពីបឹង និងស្រែ។ វាត្រូវបានធ្វើពីឫស្សីដែលមានរាងមូល ឬសំប៉ែត មានគម្រប់បើកបិទ សម្រាប់ដាក់ត្រីចូលពីខាងលើ។ទ្រុងត្រូវបានគេធ្វើជាខ្សែដាក់ស្ពាយពីចំហៀង នៅនឹងខ្លួនដើម្បីដាក់ត្រី នៅពេលចាប់ឬលើកបានពីក្នុងទឹក។ បច្ចុប្បន្នឧបរកណ៍មួយប្រភេទនេះ ក៏មិនសូវមានអ្នកប្រើដោយសារមានឧបករណ៍បែបសម័យថ្មីច្រើនប្រភេទចូលមកជំនួន មុខងាររបស់វា។ 


ទ្រុង រូបភាពដោយ លោកអ៊ាង សុផល្លែត

ឈ្នក់៖ ប្រដាប់នេសាទមច្ឆជាតិមួយប្រភេទ មានសណ្ឋានដូចថ្នង មានចំពាស់ ៤ មានដង ១។ឧបករណ៍ប្រភេទនេះ ត្រូវបានគេប្រើនៅតាមទីបឹងមានទឹកជ្រៅ ដើម្បីលើកយកត្រីនៅរដូវត្រីត្រូវក្នុងរដូវនេសាទមួយឆ្នាំប្រើបានគេប្រើវាបាន ៤ទៅ៥ដងតែប៉ុណ្ណោះ។ ឈ្នក់មិនសូវមានអ្នកប្រើទេហើយបច្ចុប្បន្នគេកម្រប្រទះឃើញឧបរណ៍នេសាទប្រភេទនេះមានវត្តមាននៅតាមស្រុកភូមិណាស់។


ឈ្នក រូបភាព_ដោយ ឈុត ឈា_ណា

លបណ៖ ជាឧបករណ៍នេសាទសម្រាប់នេសាទត្រីក្នុងបឹងដែលមានជម្រៅទឹកមួយម៉ែត្រចុះក្រោម។លកប្រភេទនេះ តែងប្រើរបាំងឫស្សីសងខាងដើម្បីកៀងត្រី ឬសត្វផ្សេងឱ្យចូលមកក្នុងលបដែលនៅចុងបំផុតនៃរបាំងឫស្សីទាំងនោះ។ ភាគច្រើលបណ គេមិនដាក់នៅក្នុងរដូវទឹកឡើងទេភាគច្រើនគេដាក់នៅរដូវទឹករាប់ស្រក។

ជុច៖  ប្រដាប់នេសាទត្រីមួយប្រភេទ ត្បាញប្រទាក់ជាក្រឡាដោយបន្ទោះផ្ដៅជាដើម មានសណ្ឋានទ្រវែង ត្បាញភ្ជិតបាត ទុកមាត់ឲ្យនៅច្រហ សម្រាប់ដាក់ត្រីធំឲ្យស្ទុះចូលជាប់ថយក្រោយពុំរួច, ដាក់ជុច,ត្រីរ៉ស់ជាប់ជុច។ ត្រីដែលជាប់ក្នុងឧបករណ៍ប្រភេទនេះកម្រមានជីវិត និងរួចចេញក្រៅណាស់ ប្រសិនបើពួកវាកាន់តែរើបម្រាស់នោះហានិភ័យសម្រាប់ជីវីតពួកវាកាន់តែខ្ពស់៕   
 
 

 

ព័ត៌មានទាក់ទង