កូវីដ-១៩ បានជំរុញអ្នកស្រី សុខនាង ឱ្យប្រឡូកក្នុងវិស័យជំនួញកសិកម្ម បែបឌីជីថល

25/07/2021 2:00 pm ភ្នំពេញ

មុនឆ្នាំ២០២០ អ្នកស្រី ណេង សុខនាង បានបង្កើតវេបសាយមួយឈ្មោះ Kokopon ដើម្បីដាក់លក់ទំនិញបញ្ចុះតម្លៃរបស់ហាងទំនើបៗនៅក្នុងរាជធានី។ នៅពេលមានការផ្ទុះជំងឺកូវីដ នៅដើមឆ្នាំ២០២០ ហាងទាំងទំនើបទាំងនោះបានបិទទ្វារ។ សុខនាង ប្រើប្រាស់វេបសាយដដែលដាក់លក់ផលិតផលកសិកម្មវិញ។ សុខនាងកំពុងទទួលបានជោគជ័យ ហើយបានជួយកសិករប្រមាណ១០០គ្រួសារទៀតផង។



ភាពសម្របខ្លួន និងភាពបត់បែន បានធ្វើឱ្យអ្នកស្រី ណេង សុខនាង បន្តទទួលបានជោគជ័យនៅក្នុងអាជីព។ វេបសាយលក់សម្លៀកបំពាក់, ស្បែកជើង និងសម្ភាសប្រើប្រាស់ប្រចាំថ្ងៃ ដែលអ្នកស្រីបានបង្កើតនៅចុងខែធ្នូ ឆ្នាំ២០១៨ ត្រូវបានផ្លាស់ប្ដូរមកជាវេបសាយផ្សព្វផ្សាយលក់ផលិតផលកសិកម្មប្រមាណ៥០០មុខវិញនៅក្នុងបរិបទកូវីដ-១៩ ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ។ អតិថិជនជិតឆ្ងាយ បានបញ្ជាទិញចំណីអាហារ បន្លែ ផ្លែឈើ ទឹកឃ្មុំ ម្រេច និងផលិតផលកសិកម្មកែច្នៃដោយដៃកសិករខ្មែរជាច្រើនមុខទៀត ពីវេបសាយ Kokopon របស់អ្នកស្រី សុខនាង។

តើការផ្លាស់ប្តូរអាជីវកម្មពីការលក់ទំនិញទាន់សម័យ? សម្រាប់យុវជន មកជាការដាក់តាំងលក់ផលិតផលកសិកម្ម និងចំណីអាហារ បានកើតឡើងយ៉ាងដូចម្តេចចំពោះលោកស្រី សុខនាង។ លោកស្រីបានរំឭកថា ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩ នៅដើមឆ្នាំ ២០២០មក ហាងទំនើបៗដែលលក់ផលិតផលបញ្ចុះតម្លៃឱ្យលោកស្រីបានលក់បន្តនោះ ស្រាប់តែបិទទ្វារទាំងអស់។ Kokopon ក៏ប្រែជាស្ងាត់ គ្មានទំនិញតាំងលក់ទៀតដែរ។ ចៃដន្យ មានកសិករ និងដៃគូអាជីវកម្មបានត្អូញត្អែរប្រាប់សុខនាង អំពីការខ្វះទីផ្សារលក់ផលិតផលរបស់ពួកគេ។ ការណ៍នេះបានធ្វើឱ្យសុខនាង នឹកគិតអំពីការកែប្រែគោលដៅអាជីវកម្មរបស់ kokopon តែម្ដង។ លោកស្រី សុខនាង បានពន្យល់បន្ថែមយ៉ាងដូច្នេះថា៖« ឮដូច្នេះហើយ! យើងក៏ចាប់ផ្តើមមានគំនិតថា តាមពិតយើង មានបច្ចេកវិទ្យាហើយ! យើងអត់ចាំបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែប្តូរទីផ្សារហើយប្រើនូវបច្ចេកវិទ្យាដែលយើងមានស្រាប់ហ្នឹង គឺអាចជួយពួកគាត់បានហើយ។»។

ចាប់ពីពេលនោះមក លោកស្រី សុខនាង ក៏ក្លាយជាអ្នកអាជីវករលក់ផលិតផលកសិកម្មតាមអនឡាញ។ ប៉ុន្តែអ្វីៗក៏មិនចាប់ផ្តើមដោយរលូនស្រួលសម្រាប់ សុខនាង ដែលមានជំនាញសរសេរកូដវេបសាយពីមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រនោះឡើយ។ អាជីវកម្មអនឡាញ តម្រូវឱ្យសុខនាង យល់ពីប្រព័ន្ធការងារជាច្រើនទៀត។ លោកស្រី សុខនាង រៀបរាប់ប្រាប់យ៉ាងដូច្នេះ៖«បើនិយាយពីរឿងបច្ចេកវិទ្យា គឺខ្ញុំដឹងថាត្រូវធ្វើអ្វី ឬត្រូវធ្វើដូចម៉េ្តច។  តែបើនិយាយអំពីខាងទីផ្សារ ខាងលក់ ខាងបង់ពន្ធ ការចុះកុងត្រាជាដៃគូ ជាដើមនោះ សម្រាប់គឺខ្ញុំសូន្យសុទ្ធតែម្តង»។

ព្រោះ តែមានឆន្ទៈក្នុងការចូលរួមលើកតម្កើងផលិតផលខ្មែរ និងជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករ  អ្នកស្រី សុខនាង ក៏បានសម្រេចចូលរៀនជំនាញវគ្គខ្លីៗណា ដែលពាក់ព័ន្ធនឹងវិស័យជំនួញខ្លួន។ ពេញមួយឆ្នាំដំបូង នៃដំណើរការអាជីវកម្មនេះ អ្នកស្រី សុខនាង បានចំណាយពេលរៀនសូត្របណ្តើរនិងគ្រប់គ្រងក្រុមហ៊ុនបណ្តើរ។

ម្ចាស់ជីវកម្មសម័យទំនើបរូបនេះ បានប្តេជ្ញាប្រើប្រាស់ជំនាញដែលខ្លួនមានលើផ្នែកបច្ចេកវិទ្យា ឱ្យអស់ពីលទ្ធភាពដើម្បីពង្រីកនូវសក្កានុពលនៃផលិតផលខ្មែរ ឱ្យចូលទីផ្សារអនឡាញបានកាន់តែច្រើន ថែមទៀត។ «ដើម្បីធ្វើឱ្យផលិតផលខ្មែរមានកេរិ៍្តឈ្មោះ និងទទួលបានការគាំទ្រទាំងក្នុង-ក្រៅប្រទេស បច្ចេកវិទ្យាគឺជាវិធីសាស្ត្រដែលលឿនបំផុតនិងចំណាយតិចបំផុត ហើយទទួលបានជោគជ័យខ្លាំងបំផុត។ ហេតុនេះហើយ បានជាខ្ញុំជ្រើសរើសយក E-Commerce មកផ្សព្វផ្សាយផលិតខ្មែរ ទៅកាន់ពលរដ្ឋដែលជឿជាក់លើអ្នកផលិតផលឬកសិករនៅក្នុងប្រទេសកម្ពុជារបស់យើងតែម្តង»។ នេះជាការតាំងចិត្តរបស់លោកស្រី សុខនាង។

អ្នកស្រី សុខនាង បានកត់សម្គាល់ឃើញថា ទំនោរនៃការប្រើប្រាស់អ៊ីនធឺណែតឬក៏ការប្រើប្រាស់ប្រព័ន្ធឌីជីថល ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមមានសន្ទុះខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ អាជីវកររូបនេះ មានសុទិដ្ឋនិយម ថា ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បញ្ជាទិញទំនិញតាមអនឡាញនៅក្នុងស្រុក នឹងកើនឡើងជាលំដាប់នាពេលអនាគត ហើយលោកស្រី ក៏សង្ឃឹមថា ផលិតផលកសិកម្មដែលដាក់លើ Kokopon ក៏នឹងទទួលប្រុោជន៍ពី ប្រព័ន្ធឌីជីថលនេះដែរ៕

ព័ត៌មានទាក់ទង