តើទឹកស្ទឹងសៀមរាប មានប្រភពមកពីណា និងធ្លាប់មានជំនឿដូចម្ដេច?

22/08/2021 1:00 pm សៀមរាប

ដោយ៖ ឡុង តូន

សៀមរាប៖ តាមទីតាំងភូមិសាស្ត្រ ជួរភ្នំគូលែនជាប្រភពទឹកដែលហូរចុះមកតាមស្ទឹងសៀមរាបឆ្ពោះទៅបឹងទន្លេសាប។ ទឹកដែលហូរឆ្លងកាត់រមណីយដ្ឋាន ទឹកធ្លាក់ព្រះអង្គធំ និង ទឹកធ្លាក់ក្បាលស្ពាន ជាទីតាំងប្រវត្តិសាស្ត្រ និងសាសនាដែលប្រតិដ្ឋឡើងនៅដើមសតវត្សរ៍ទី៩និងទី១១នៃគ្រិស្តសករាជ។

 


បើតាមប្រវត្តិសាស្ត្រកម្ពុជា សម័យអង្គរ  មានរយៈពេលប្រមាណជាងប្រាំមួយសតវត្សរ៍ ចន្លោះគ្រិស្តសករាជ ៨០២ដល់១៤៣១ ព្រះរាជាខ្មែរភាគច្រើនជាព្រហ្មញ្ញសាសនិក។ ហេតុដូចនេះ ការសាងសង់ប្រាសាទបុរាណ និងប្រព័ន្ធធារាសាស្ត្រជាច្រើនសុទ្ធសឹងតែមានទំនាក់ទំនងជាមួយអទិទេពនៃព្រហ្មញ្ញសាសនា។ ក្នុងនោះ និម្មិតរូបផ្សេងៗរវាងភាពសុខដុមរុងរឿងរបស់មនុស្ស និងព្រះអទិទេពតែងមានទំនាក់ទំនងគ្នាមិនដាច់។ 

ជាក់ស្ដែង សំណង់ប្រាសាទជាលំនៅរបស់អទិទេពដែលតំណាងឲ្យភ្នំកៃលាស។  រីឯ ប្រភពទឹក និងប្រព័ន្ធទឹក ទាំងធម្មជាតិនិងសិប្បនិម្មិត ដូចជា គូទឹកដែលព័ទ្ធជុំវិញប្រាសាទ រួមទាំងបារាយណ៍ជាច្រើន និងស្ទឹងសៀមរាបក្ដី ក៏ត្រូវបានចាត់ទុកជានិម្មិតរូប ទឹកពិសិដ្ឋ ដែលតំណាងឲ្យមហាសមុទ្រ ឬទន្លេគង្គាជាដើម។



ចម្លាក់ ដែលជាទេពនៅក្នុងព្រហ្មញ្ញសាសនា មានដូចជាព្រះព្រហ្ម ព្រះវិស្ណុ និងសិវលិង្គដែលតំណាងព្រះសិវៈជាដើម ឆ្លាក់នៅបាតស្ទឹងនៃប្រភពទឹកនៅជួរភ្នំគូលែន។ ជំនឿរបស់ខ្មែរសម័យនោះ គិតថា កាលណាទឹកហូរកាត់ចម្លាក់ទាំងនេះ ទឹកនឹងក្លាយទៅជាទឹកពិសិដ្ឋ រួចបន្តធ្លាក់ចុះតាមស្ទឹងសៀមរាប ដោយនាំមកនូវមង្គលដើម្បីស្រោចស្រព ក្រុងអង្គរ ទាំងមូលមុនចុះដល់ទន្លេសាប។

បើតាមការបញ្ជាក់នៅក្នុងឯកសារ «អង្គរ ៖ អតីត បច្ចុប្បន្ន អនាគត» ស្ទឹងសៀមរាបបច្ចុប្បន្នជាលទ្ធផលនៃការជីកបង្វែផ្លូវទឹកពីស្ទឹងធម្មជាតិ របស់មនុស្សបុរាណនាសម័យអង្គរ។ ចំណែកតាមរយៈការធ្វើកំណាយស្រាវជ្រាវនៅម្ដុំខ្លោងទ្វារខាងជើងនៃក្រុងអង្គរធំរវាងឆ្នាំ២០០៣ ក៏បានឲ្យដឹងថា ស្ទឹងធម្មជាតិ ដើមឡើយ ប្រហែលហូរកាត់ត្រង់ម្ដុំខាងមុខប្រាសាទភ្នំដី(ភ្នំបី) និងឆ្លងកាត់ក្បែរប្រាសាទទន្លេស្ងួត រួចបន្តមកម្ដុំខ្លោងទ្វារនេះ។ 

តាមការប៉ាន់ស្មានផ្សេងៗ ដោយសារទឹកភ្លៀងក្នុងមួយឆ្នាំៗ ស្ទឹងសៀមរាបក៏បានទទួលទឹកប្រមាណជា ២០០ លានម៉ែត្រត្រីគុណ។ តែនៅរដូវប្រាំង ទឹកមិនអានបំពេញសេចក្ដីត្រូវការគ្រប់គ្រាន់។ ហេតុការណ៍នេះ ប្រហែលជាកើតមានតាំងតែពីសម័យអង្គរ ព្រោះតាមការរៀបចំប្រព័ន្ធធារាសាស្ត្រផ្សេងៗ ជាពិសេសបារាយណ៍ គឺអាចត្រៀមទឹកទុកសម្រាប់ប្រើនៅពេលខ្វះខាត។ 

បច្ចុប្បន្ន បើយោងតាមព្រះរាជក្រឹត្យលេខ ០០១នស ស្ដីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ស្ទឹងសៀមរាបក៏ជាស្ទឹងមួយដែលស្ថិតនៅក្នុង តំបន់៣ (ទេសភាពវប្បធម៌ត្រូវការពារ)។ ហេតុដូចនេះ ប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចផ្សេងៗ ដើម្បីថែរក្សានិងកែលម្អស្ទឹងនេះ ក៏បានប្ដូរទីតាំងលំនៅដ្ឋានរបស់ប្រជាជនមួយចំនួនដែលបានសាងសង់ប្របមាត់ស្ទឹងទៅកន្លែងផ្សេង។ 
ទេសចរក្នុងស្រុក មួយចំនួនធំគិតថា អនាគត ទន្ទឹមគ្នាជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មីដែលលម្អក្រុងសៀមរាប ពួកគេក៏មានបំណងនឹងគយគន់សម្រស់ស្ទឹងសៀមរាបដែលជាអតីតស្ទឹងពិសិដ្ឋឲ្យស័ក្ដិសមដូចឈ្មោះផងដែរ៕
 

ព័ត៌មានទាក់ទង