ពលរដ្ឋសហគមន៍ភ្នំឱរ៉ាល់ ប្រមូលលុយបានជាង១លានរៀល ធ្វើស្ពានឈើសម្រួលការធ្វើដំណើររបស់ទេសចរក្នុងរដូវវស្សា

21/07/2021 5:00 pm កំពង់ស្ពឺ


ដោយ៖ ជឿន ស្រីណយ

ពលរដ្ឋសហគមន៍ភ្នំឱរ៉ាល់បានប្រមូលលុយគ្នាជាង១លានរៀល ដើម្បីសាងសងស្ពានឈើប្រវែង១៥ម៉ែត្រ ត្រង់ចំណុចស្ទឹងសច្ចា៥ធាតុ ដែលមានទឹកហូរខ្លាំងក្នុងរដូវវស្សា។ ស្ពានឈើនេះនឹងជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ឡើងភ្នំឱរ៉ាល់ និងងាយស្រួលឱ្យពលរដ្ឋធ្វើដំណើរទៅធ្វើស្រែចម្ការ។



ពលរដ្ឋសហគមន៍នៅភ្នំឱរ៉ាល់ បានរួមកម្លាំង និងប្រមូលថវិកាផ្ទាល់ខ្លួន ធ្វើស្ពានឈើឆ្លងកាត់ស្ទឹងសច្ចា៥ធាតុ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងភ្នំឱរ៉ាល់។ បច្ចុប្បន្នស្ពានឈើនេះ សម្រេចបានប្រហែល៧០ភាគរយ ហើយនឹងអាចចញ្ចប់ការសាងសង់ទាំងស្រុងក្នុងរយៈពេល៥ថ្ងៃទៀត។


 ស្ពានឆ្លងកាត់ស្ទឹងសច្ចា៥ធាតុ នៅភ្នំឱរ៉ាល់ធ្វើបាន៥០ភាគរយ ដែលធ្វើដោយពលរដ្ឋក្នុងសហគមន៍ភ្នំឱរ៉ាល់។ រូបភាពពីហ្វេសប៊ុក លោក ឈឺន ឈីម មគ្គុទេសក៍ទេសចរនៅភ្នំឱរ៉ាល់។

លោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា ទេសចរដែលឡើងភ្នំឱរ៉ាល់ក្នុងរដូវវស្សាត្រូវចំណាយពេលប្រហែលកន្លះថ្ងៃ ឆ្លងកាត់ទឹកហូរនៅស្ទឹងសច្ចា៥ធាតុ។ លោកបន្ថែមថា ស្ពាននេះនឹងអាចសម្រួលឱ្យទេសចរធ្វើដំណើរឡើងភ្នំឱរ៉ាល់លឿនជាងមុន។

 លោក ឈឺន ឈីម បញ្ជាក់យ៉ាងដូច្នេះថា៖ « ការធ្វើស្ពាននេះមានប្រយោជន៍ដល់ភ្ញៀវទេសចរ និងសហគមន៍ ដោយមិនមានបញ្ហារាំងស្ទះការធ្វើដំណើរដោយសារដាច់ផ្លូវ។ ប្រជាជនភាគច្រើនមានស្រែនៅត្រើយម្ខាងទៀត ហើយទេសចរគាត់ពិបាកធ្វើដំណើរព្រោះទឹកលិច »។ 
សូមជម្រាបដែរថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២១ ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ មានចំនួន ២,៧៥៣នាក់ ក្នុងនោះមានភ្ញៀវអន្តជាតិផ្ទៃក្នុង១១៥នាក់។ តួលេខនេះ ថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានទេសចររហូតដល់ ៥,៥០០នាក់៕
 
 រូបភាពពីហ្វេសប៊ុក លោក ឈឺន ឈីម មគ្គុទេសក៍ទេសចរនៅភ្នំឱរ៉ាល់។
 

ព័ត៌មានទាក់ទង