វ័យ៦៧ឆ្នាំ លោកយាយ សារី នៅធ្វើនំត្នោតលក់ ដើម្បីចិញ្ចឹមម្តាយជរា ប្តីឈឺ និងចៅកំព្រា៤នាក់

22/01/2022 3:00 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ
លោកយាយ អ៊ឹម សារី ដែលមានវ័យ ៦៧ឆ្នាំ ទៅហើយ បានក្លាយជាបង្អែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ដោយគាត់ត្រូវទទួលបន្ទុក​រកប្រាក់ចិញ្ចឹមម្តាយចាស់វ័យ៩០ឆ្នាំ, ស្វាមីឈឺមិនអាចរកចំណូលបាន និងចៅប្រុសស្រីកំព្រាដល់ទៅ៤នាក់។  ការធ្វើនំត្នោតលក់ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ដូនចាស់ដែលរស់នៅ​ភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែងរូបនេះ។ ក្នុងនាមមេគ្រួសារផង ​ជាកូនស្រីផង ជាភរិយា និងជាជីដូនផង ស្ត្រី​រូបនេះ ​បារម្ភថាខ្លួនអាចធ្លាក់ឈឺម្នាក់ទៀត ខណៈខ្លួនក៏មានវ័យកាន់តែច្រើននោះ។



លោកយាយ អ៊ឹម សារី  ជាអ្នកធ្វើនំត្នោតលក់ រយៈពេលជាង៣០ឆ្នាំមកហើយ នៅ​ភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស្ត្រីវ័យ៦៧ឆ្នាំរូបនេះ បានដើរតួជាមេគ្រួសារផង ជាជីដូនផង ជាភរិយា និងជាកូនស្ត្រីតែម្នាក់ ដែលត្រូវរ៉ាប់រងបន្ទុកចំណាយសព្វគ្រប់ក្នុងគ្រួសារ។   ផ្ទុយពីដូនចាស់ដែលមានវ័យស្របាលគ្នា លោកយាយ សារី ត្រូវបន្តធ្វើការតត្រុកឥតពេលសម្រាក តាមរយៈការធ្វើនំត្នោតលក់ ដើម្បីរកប្រាក់ចិញ្ចឹម​ម្តាយជរាវ័យ៩០ឆ្នាំ និងស្វាមីវ័យ៧២ឆ្នាំ ដែលឈឺមិនអាចរកចំណូលបាន​ និងចៅកំព្រា៤នាក។
 
លោកយាយ អ៊ឹម សារី បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា កន្លងមកលោកតាជាអាចារ្យវត្ត ដែលអាចរកចំណូលបាន ពីការសូត្រមន្ត តាមកម្មវិធីបុណ្យនានា​ តែក្រោយគាត់ធ្លាក់ខ្លួនឈឺដែរ បន្ទុកមួយផ្នែកទៀត ក៏ធ្លាក់មកលើលោកយាយ​។  ចំណែកឯ ចៅ៤នាក់ទៀត លោកយាយ សារី ក៏ត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ទៀត បន្ទាប់ពីឱពុកស្លាប់ដោយជំងឺទឹកនោមប្រៃ ជាង៣ឆ្នាំ ហើយម្ដាយក៏ទើបតែស្លាប់កាលពីប្រមាណ៣ខែមុន ​ដោយសារជំងឺខ្វះឈាមផងដែរ។ ចៅកំព្រារបស់លោកយាយ សារី មានស្រី២នាក់ និងប្រុស២នាក់។ ចៅច្បង២នាក់ បានបោះបង់ការសិក្សា បន្ទាប់ពីម្ដាយស្លាប់ ហើយបន្តរកការងារធ្វើ ដើម្បីជួយសម្រួលជីវភាពគ្រួសារ។ រីឯចៅ២នាក់ទៀត លោកយាយ សារី ឱ្យពួកគេបន្តការសិក្សា ប៉ុន្តែដោយសារកូវីដ-១៩ សាលាផ្អាក ដូច្នេះពួកគេក៏ឆ្លៀតជួយធ្វើនំត្នោត និងជួយលក់ផងដែរ។


 
​បើតាមលោកយាយ អ៊ឹម សារី របរធ្វើនំត្នោតនេះ គឺជាប្រភពចំណូលតែមួយគត់ សម្រាប់លោកយាយ។ លោកយាយ អ៊ឹម សារី ត្រូវចាប់ផ្តើមវេចនំ និងរៀបចំដាក់ចំហុយ ចាប់ពីម៉ោង១២យប់ ​ហើយបន្តរង់ចាំរហូតដល់នំឆ្អិនអស់ ដើម្បីរៀបចំឱ្យចៅ​ស្រី យកទៅលក់នៅផ្សារអ្នកលឿង នៅម៉ោង៦ព្រឹក។ នេះជាការរៀបរាប់របស់ដូនចាស់រូបនេះ ដោយគាត់បានបន្តប្រាប់សារព័ត៌មានThmeythmey25 ទៀតថា ក្រោយរៀបចំនំឱ្យចៅរួច ទើបខ្លួនបានសម្រាកប្រមាណ២ ទៅ៣ម៉ោង មុននឹងរៀបចំអាហារពេលថ្ងៃត្រង់សម្រាប់គ្រួសារ។ ​
សម្រាកបន្ទាប់ពី​ហារថ្ងៃត្រង់បន្តិច លោកយាយ អ៊ឹម សារី ត្រូវបន្តការងារខ្លួនទៀត ដោយត្រូវទៅផ្សារទិញគ្រឿងផ្សំធ្វើនំ និងដើររើសត្នោតទុំជ្រុះក្នុងភូមិ និងបន្លែបង្ការ ត្រីសាច់ ទុកធ្វើម្ហូបល្ងាច​ដែរ។ នៅម៉ោង៦ល្ងាច ដូនចាស់ និងចៅៗ ក៏ចាប់រូតរះលាយផ្សំម្សៅធ្វើនំ កោសដូង និងត្នោតទុំ កាត់ស្លឹកចេក ស្លឹកត្នោត បត់ចាក់ជាកន្ទោងឱ្យស្អាត ទុកសម្រាប់ដាក់នំនៅថ្ងៃ​បន្ទាប់​។
 
​កូវីដ-១៩ ធ្វើឱ្យលោកយាយ អ៊ឹម សារី ធ្លាក់ចុះចំណូលខ្លះ
 
ក្នុងមួយថ្ងៃៗ លោកយាយ សារី ធ្វើនំត្នោត ចន្លោះពី៣០០-៤០០នំប៉ុណ្ណោះ ហើយនំ​១ តម្លៃ៣០០រៀល។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​ដូនចាស់រូបនេះ ក៏ទទួលបានការបញ្ជាបន្ថែមសម្រាប់កម្មវិធីមង្គលការ និងបុណ្យទាននានាដែរ ហើយវាក៏ផ្តល់ចំណូលបន្ថែមមួយចំណែកទៀតដល់លោកយាយ។
«គេផ្អាកធ្វើបុណ្យទានក្នុងភូមិ អ៊ីចឹងនំយើងក៏លែងមានអ្នកកម្មង់។ ឱ្យចៅយកទៅលក់នៅផ្សារអ្នកលឿងរាល់ថ្ងៃហ្នឹង បានជាង១០ម៉ឺន។ យកមកទិញម្ហូបព្រឹក-ល្ងាច ហើយទិញគ្រឿងធ្វើនំលក់វិញហ្នឹង។ សល់បានតិចតួច ទុកគ្រាន់ឈឺស្កាត់ ហើយចាយរាល់ថ្ងៃហ្នឹង»។ នេះបើតាមការលើកឡើងរបស់លោកយាយ អ៊ឹម សារី។
 
ការបារម្ភ និងក្ដីសង្ឃឹម​របស់លោកយាយ អ៊ឹម សារី

ជាង៣០ឆ្នាំហើយ ដែលលោកយាយ អ៊ឹម សារី ប្រកបរបរលក់នំត្នោត។ ប៉ុន្តែការធ្វើនំ មិនបានជាប់ពេញមួយឆ្នាំនោះទេ ព្រោះ ត្នោតទុំមានតែចន្លោះ​ខែឧសភា ដល់ខែតុលាប៉ុណ្ណោះ។ ដូច្នេះ ប្រាក់ដាក់អាចរកបានអំឡុងពេល៥ខែនេះ ក៏ត្រូវចាយវាយយ៉ាងក្បិតក្បៀត សម្រាប់​ចាយពេលរកលែងបានដែរ។ ទោះយ៉ាងនេះក្តី លោកយាយ ក៏មានកូន៣នាក់ទៀត ដែលមានគ្រួសាររស់នៅខេត្តផ្សេងៗ ផ្ញើប្រាក់បន្តិចបន្តួច សម្រាប់លោកយាយ ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារដែរ។ «កូនខ្ញុំរៀបការចេញទៅនៅឆ្ងាយអស់ហើយ។ គេផ្ញើលុយមកខ្លះដែរមែនអត់សោះទេ អ៊ីចឹងគ្រាន់បើដែរ​។ ណាមួយពួកគេដឹងថា ខ្ញុំលក់នំត្នោតហ្នឹងបានតែរដូវត្នោតទុំទេ ក្រៅពីហ្នឹងរកអីមិនបានដែរហ្នឹង»។ នេះបើតាមការលើកឡើងរបស់លោកយាយ សារី។


ដោយសារការងារធ្វើនំលក់នេះហត់នឿយ មិនបានសម្រាកសម្រាន្តគ្រប់គ្រាន់ គួបផ្សំវ័យកាន់តែចាស់របស់ខ្លួន លោកយាយ អ៊ឹម សារី បារម្ភថាខ្លួនអាចធ្លាក់ខ្លួនឈឺម្នាក់ទៀត ​ហើយគ្មានមនុស្សជាចំហរគ្រួសារនោះ។ ម្យ៉ាងប្រាក់ចំណូលក៏មានមិនច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ​ដែរ។​ ដូនចាស់វ័យ ៦៧ឆ្នាំរូបនេះ រៀបរាប់ដោយសម្តីមួយៗដូច្នេះថា៖«របរហ្នឹងហត់ណាស់។ ហើយខ្ញុំចាស់ហើយ​ កម្លាំងក៏ខ្សោយ ប្រហែលឆ្នាំក្រោយ ខ្ញុំឈប់ធ្វើហើយ»។
ដ្បិតដឹងច្បាស់ថា ខ្លួននឹងមិនមានកម្លាំងកំហែងធ្វើនំលក់ រកប្រាក់ចិញ្ចឹម បានយូរទៀត ប៉ុន្តែលោកយាយ រំពឹងថាចៅច្បងរបស់ខ្លួន អាចរកការងារធ្វើបានឆាប់ៗ ហើយក្លាយជាបង្អែក​គ្រួសារបន្ទាប់ពីលោកយាយ។ ​ក្ដីសង្ឃឹមមួយទៀតនោះ របស់លោកយាយ អ៊ឹម សារី គឺប្រាក់បញ្ញើម្តងម្កាល ពីកូនៗទាំង៣នាក់របស់ខ្លួន​៕
លោកអ្នកអាចបញ្ជាទិញនំពីលោកយាយផ្ទាល់តាមរយៈលេខទូរសព្ទ ០៩៦ ៧២៧​ ៧៩៥០។ 

(រូបភាពពីទំព័រហ្វេសប៊ុក_ K&K Unique Collection) 

 

 

ព័ត៌មានទាក់ទង