ផ្សារក្រមួនក្នុងស្រុកបន្ទាយស្រី នឹងជួយសម្រួលដល់ពលរដ្ឋ និងអាជីវករផ្សារព្រះដាក់ ក្រោយផ្អាកដំណើរការ

20/07/2021 6:00 pm សៀមរាប

ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបង្កើតផ្សារក្រមួនបណ្តោះអាសន្ន សម្រាប់អាជីវករផ្សារព្រះដាក់ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩។ ផ្សារក្រមួននេះ នឹងជួយសម្រួលដល់អាជីវករក្នុងការបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួន ទោះផ្សារព្រះដាក់បានផ្អាកដំណើរការក្តី។ ផ្សារនេះ នឹងដំណើរការបណ្តោះអាសន្នរយៈពេល១ខែ លើផ្លូវបេតុងក្នុងភូមិព្រះដាក់។



ផ្លូវបេតុងមួយខ្សែ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី បានក្លាយជាទីតាំងផ្សារក្រមួនបណ្តោះអាសន្នសម្រាប់អាជីវករផ្សារព្រះដាក់ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវី-១៩ ចំនួន៣នាក់ នៅក្នុងផ្សារ។ ក្រោយមានផ្ទុះករណីនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យទីតាំងផ្សារ និងបានមើលឃើញថា ផ្សារព្រះដាក់មានលក្ខណៈតូចចង្អៀត និងមិនមានខ្យល់ចេញចូលល្អ ដែលមានហានិភ័យខ្ពស់នៃការរីករាលដាលមេរោគកូវីដ-១៩។

ផ្សារក្រមួនលើផ្លូវបេតុងនេះ នឹងជួយសម្រួលដល់ពលរដ្ឋក្នុងភូមិព្រះដាក់ក្នុងការទិញអីវ៉ាន់ ជាពិសេសអាជីវករ
ដែលជាអ្នកលក់ដូរនៅក្នុងផ្សារ អាចបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាជីវភាពផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey25ថា
៖«វាមិនអាចបានល្អដូចផ្សារដើម១០០ភាគរយទេ តែវាបានជួយផ្តល់ឱកាសឱ្យបងប្អូនអាជីវករអាចបន្តមុខរបរប្រចាំថ្ងៃរបស់គាត់បាន បើមិនដូច្នេះទេ ពួកគាត់ប្រាកដជាដាច់បាយហើយ។ ម្យ៉ាងទៀត អ្នកព្រះដាក់មិនចាំបាច់ទៅផ្សារនៅក្រៅឃុំសម្រាប់តម្រូវការប្រចាំថ្ងៃក្នុងពេលដែលផ្សារចាស់ត្រូវបានផ្អាក»។

ដ្បិតថា ផ្លូវបេតុដែលមានចម្ងាយ១៥០ម៉ែត្រនេះ ត្រូវបានប្រើជាទីតាំងលក់ដូរថ្មីសម្រាប់អាជីវករផ្សារព្រះដាក់
ប៉ុន្តែលោកអភិបាលស្រុកបានលើកឡើងថា វាមិនមានការរំខានដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋទេ ព្រោះផ្លូវនេះមិនសូវមានចរាចរណ៍ឡើយ។ ផ្លូវបេតុងនេះ បានគូសគំនូសជាតូបសម្រាប់អាជីវករ ដោយមានទទឹង១.២ម៉ែត្រ និងបណ្តោយ ១.៥ម៉ែត្រ ហើយទីតាំងនីមួយៗមានគម្លាតពីគ្នា ៣ម៉ែត្រកន្លះ។ តូប ដែលរដ្ឋបាលស្រុកគូសលើផ្លូវបេតុងនេះ មានសរុបចំនួន៦០ ដោយបច្ចុប្បន្នមានអាជីរករលក់ដូរប្រមាណ៥០តូបហើយ។

យ៉ាងណាមិញ រដ្ឋបាលស្រុកបន្ទាយស្រី ក៏កំពុងកែសម្រួលផ្សារចាស់ឲ្យមានភាពល្អប្រសើរជាងមុន
ដើម្បីឲ្យមានខ្យល់ដកដង្ហើមចេញចូលបានល្អ។ ជាមួយគ្នានេះ អាជីវករ នឹងអាចត្រឡប់ទៅលក់ដូរនៅផ្សារវិញធម្មតា ក្រោយស្ថានភាពធូរស្រាល។

សូមជម្រាបថា ពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងអស់មានសរុប ១៨០១០នាក់ ហើយបច្ចុប្បន្នពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ ចាប់ពីថ្ងៃទី១៥ ខែកក្កដា មានចំនួន១ម៉ឺននាក់ហើយ។ ការចាក់វ៉ាក់សាំងលើកទី១ នឹងបញ្ចប់នៅថ្ងៃទី៣០ កក្កដាខាងមុននេះ ហើយពលរដ្ឋនឹងត្រូវទទួលការចាក់វ៉ាក់សាំងលើទី១ ចាប់ពីទី៥ ខែសីហា ឆ្នាំ២០២១៕
 
 

 

ព័ត៌មានទាក់ទង