បឹងទន្លេសាប ជារតនសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានរបស់កម្ពុជា

17/01/2022 2:00 pm ភ្នំពេញ

ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ បឹងទន្លេសាប ជាបឹងដ៏មានសារៈសំខាន់នៅកម្ពុជា។ វាមានផ្ទៃទឹកធំល្វឹងល្វើយ និងជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។ បឹងនេះ បានផ្ដល់ជាជម្រកដល់ជីវៈចម្រុះយ៉ាងសម្បូរបែប និងបានផ្តល់ជាប្រយោជន៍ដល់ការនេសាទ និងដំណាំរបស់ពលរដ្ឋដែលរស់នៅតាមបណ្តោយបឹងទន្លេសាប។ នៅកម្ពុជា បឹងនេះត្រូវបានគេបែងចែកជាបឹងធំ បឹងតូច និងវាលភក់។



បឹងទន្លេសាប មានបណ្ដោយប្រមាណ ១១៦ គីឡូម៉ែត្រ និងមានទទឹងប្រមាណពី ៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រ និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំង ។ បឹងទន្លេសាប ជាបេះដូង នៃប្រទេសកម្ពុជា។ វាបានជួយដល់វិស័យជលផល វិស័យកសិកម្ម វិស័យសេដ្ឋកិច្ច និងផ្នែកបរិស្ថាន ។ លើសពីនេះ តំបន់ដីសើម និង ព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ក៏បានផ្ដល់ជាជម្រកដល់ជីវៈចម្រុះយ៉ាងសម្បូរបែបផងដែរ។ នេះបើតាមឯកសាររបស់ អាជ្ញាធរទន្លេសាប។

សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថា នៅពេលទឹកស្រក បឹងទន្លេសាប មានផ្ទៃទឹកសរុបប្រហែល ៣ពាន់ គីឡូម៉ែត្រការ៉េ និងមានជម្រៅ ១ទៅ២ម៉ែត្រ។ នៅរដូវវស្សា ផ្ទៃទឹកអាចឡើងប្រហែល ១ម៉ឺន គីឡូម៉ែត្រការ៉េ និងមានជម្រៅប្រហែល ៩ម៉ែត្រ ដែលនាវា មានចំណុះច្រើនអាចបើកចេញចូលបាន។ 

ពេញមួយឆ្នាំ បឹងនេះទទួលទឹកពីស្ទឹង ដែលហូរចូលគ្រប់ទិសទី។ ស្ទឹងវែងជាងគេ គឺស្ទឹងសែន ដែលមានប្រភពពីជួរភ្នំដងរែក ហើយហូរកាត់ក្រុងស្ទឹងសែន ទីរួមខេត្តកំពង់ធំ។ បឹងទន្លេសាបនេះ អាចចែកជាបឹងធំ បឹងតូច និងវាលភក់។

បឹងធំ ស្ថិតនៅប៉ែកខាងជើងនៃប្រទេសកម្ពុជា។ វាមានបណ្តោយពី ៧៥ទៅ៨០ គីឡូម៉េត្រ និងមានទទឹងពី ៣២ទៅ៣៥គីឡូម៉ែត្រ។ នៅគ្រប់រដូវ ផ្ទៃទឹកលាតសន្ធឹងល្វឹងល្វើយដាច់កន្ទុយភ្នែក។ បឹងនេះ ជាអាងស្តុកទឹកដ៏ធំនៅរដូវប្រាំង។ 

ចំណែក បឹងតូច ជាបឹងដែលស្ថិតនៅប៉ែកកណ្តាល មានបណ្តោយពី ៣៥ទៅ៤០គីឡូម៉ែត្រ និងមានទទឹងធំបំផុត២៨គីឡូម៉ែត្រ។ នៅចុងខាងត្បូងនៃបឹង ហៅថាឆ្នុកទ្រូ ដែលវាមានរាងរៀវតូចស្តួច ព្រមទាំងមានទួលខ័ណ្ឌនៅបាត ព្រោះតែចំណុះល្បាប់ពីស្ទឹងសែន។ 

រីឯ វាលភក់ គឺជាតំបន់នៅចន្លោះឆ្នុកទ្រូ និងក្រុងកំពង់ឆ្នាំង។ តំបន់នេះមានបណ្តោយប្រហែល ៤០គីឡូម៉ែត្រ និងទទឹង ១២គីឡូម៉ែត្រ រួមទាំងមានកូនកោះទាបៗជាច្រើនហ៊ុមព័ទ្ធដោយដៃទន្លេតូចៗ។ នៅត្រង់ឆ្នុកទ្រូ ទួលខ័ណ្ឌខាងលើទប់ទឹកមិនឲ្យហូរចេញអស់ពីបឹងទន្លេសាបនៅរដូវប្រាំង ប៉ុន្តែវាបង្កការលំបាកដល់ចរាចរណ៍ទូក កាណូត និងកប៉ាល់ នោពេលទឹករីង៕

 

ព័ត៌មានទាក់ទង