សត្វល្អិតរស់នៅលើគោក និងក្នុងទឹក១១ប្រភេទដែលគេនិយមបរិភោគ

15/07/2021 4:00 pm ភ្នំពេញ


ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ចង្រិត កណ្ដូប កន្តេះឡង់ កន្ទាទូក អាពីង ហ៊‌ីង គីង្គក់ ក្រឡនតន មេភ្លៀង អង្រ្កង ដុកឌឿ ជាសត្វល្អិតដែលរស់នៅតាមដើមឈើ នៅក្នុងដី និងតាមព្រៃ។ ពួកវាបានក្លាយជាចំណីពេញនិយមសម្រាប់ពលរដ្ឋទាំងជនបទ និងទីក្រុងនាពេលបច្ចុប្បន្ន។



សត្វល្អិតនៅប្រទេសកម្ពុជា មានរាប់រយប្រភេទ ពួកវារស់នៅតាមស្រុកភូមិ ឬតាមព្រៃ និងនៅលើភ្នំជាដើម។ សត្វប្រភេទខ្លះ ត្រូវបានគេយកមកបង្កាត់ពូជ និងចិញ្ចឹមដើម្បីបំពេញតម្រូវការទីផ្សារ និងបានច្នៃធ្វើជាអារហារបានច្រើនប្រភេទ។ 

ចង្រិត៖ សត្វចង្រិតមានពីរប្រភេទ គឺចង្រិតដូងមានពណ៌ត្នោត  ចង្រិតដែកពណ៌ខ្មៅ។  ចង្រិតភាគច្រើនរស់នៅក្នុងដីសម្ការ ឬតាមព្រៃដែលមានស្មៅនិងព្រៃដែលមានរុក្ខជាតិតូចៗ។ វាស៊ីស្លឹកស្មៅ និងរុក្ខជាតិពណ៌បែតងជាអាហារ ភាគច្រើនចង្រិតធម្មជាតិសម្បូរនៅខែគេប្រមូលផលចម្ការ គឺអំឡុងខែសីហា រហូតដល់ពាក់កណ្ដាលខែកញ្ញា។ គេនិយាម យកចង្រិតធ្វើអាហារដូចជាលីង និងបំពងជាដើម។



កណ្ដូប៖ កណ្ដូបមានច្រើនប្រភេទ ពួកវាស៊ីស្លឹកឈើជាចំណី និងច្រើនរស់នៅតាមព្រៃចេក ឬព្រៃស្វាយក្បែរភូមិ។ សត្វល្អិតប្រភេទនេះ ត្រូវបានគេយកមកបំពងធ្វើជាគ្រឿងក្លែម ឬអាហារសម្រាប់បរិភោគលេង ដូចជាចង្រិតដែរ បច្ចុប្បន្នសត្វកណ្ដូបត្រូវបានគេចិញ្ចឹមដើម្បីផ្គត់ផ្គងទីផ្សារ។

កន្តេះឡង់៖ ជាប្រភេទសត្វល្អិតរស់នៅក្នុងទឹក  និងច្រើនរស់នៅក្នុងស្មៅលិចទឹក តាមត្រឹប ឬតាមផ្ទាំង កំប្លោក និងតាមត្រកួនធំដែលដុះនៅក្នុងទឹកបឹង។ សត្វប្រភេទនេះ ភាគច្រើនសម្បូរនៅពេលខែទឹកឡើងក្នុងរដូវស្សា។ កន្តេះឡង់មានពណ៌ខ្មៅ មានស្លាបរឹង គេច្រើនយកវាទៅលីង ចំពោះរសជាតិឆ្ងាញ់មួយបែប។ សត្វល្អិតប្រភេទនេះ បច្ចុប្បន្នក៏មានគេចិញ្ចឹមដូចជា ចង្កិតនិងកណ្ដូបដែរ។ 

កន្ទាទូក៖ សត្វមានស្លាប ពណ៌ប្រផេះរស់នៅក្នុងទឹក តាមស្រែឬក្នុងបឹង។ សត្វប្រភេទនេះមិនសូវសម្បូរទេ យូរៗគេប្រទះឃើញវាម្ដងនៅតាមស្រែ ឬតាមបឹងធម្មជាតិ។ មានមនុស្សមួយចំនួនធំមិនសូវស្គាល់និងបានឃើញសត្វប្រភេទនេះផ្ទាល់ភ្នែកនោះទេ។  គេអាចយកវាទៅបំពង ឬស្ងោរជ្រក់ក៏បាន។ 

អាពីង៖ ជាសត្វដែលមានរូបរាងប្រហាក់ក្រហែលសត្វពីងពាង  តែមានមាឌធំជាង ពណ៌ខ្មៅនិងមានរោមតូចៗពេញខ្លូន វាជាសត្វល្អិតរស់នៅក្នុងដី នៅតាមតំបន់មួយចំនួនដែលមានដីស្ងួត ។ អាពីងជាសត្វល្អិតមួយប្រភេទ មានតម្លែថ្លៃគួរសម្យនៅលើទីផ្សារ ហើយគេច្រើនយកវាទៅបំពង និងផ្សំជាមួយគ្រឿងទេសផ្សេងៗបង្កើតបានជារសជាតិប្លែក។ 

មេភ្លៀង៖ សុខុមសត្វមួយប្រភេទ សាច់ទន់ ស្លាបសម្បុរក្រហមក្រមៅ កើតអំពីកណ្ដៀរធំៗ ឬអំពីកណ្ដាច់ ហើរចេញតែក្នុងពេលមានភ្លៀងធំៗ។ សត្វនេះចូលចិត្តពន្លឺភ្លើង មានច្រើនតែក្នុងដើមឆ្នាំ ។ នេះបើតាម វចនានុក្រមសម្ដេច ជួន ណាត។ សត្វប្រភេទនេះ មានរូបរាងប្រហាក់ប្រហែលស្រាំង គេអាចយកវាទៅជ្រក់ និងស្លម្ជូរ ឬញាំជាដើម។ 



អង្រ្កង៖ សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិ ឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក។ អង្ក្រងមាន៣ប្រភេទគឺ អង្រ្កងទឹក ឬអង្រ្កងផេះ, អង្ក្រងភ្លើង ។ ពលរដ្ឋរស់នៅក្នុងខេត្តមួយចំនួន ចាប់សត្វប្រភេទនេះ មកស្លរម្ជូរ និងជ្រកជាដើម។
ហ៊‌ីង៖ ជាសត្វដែលរស់នៅក្នុងទឹកក៏បាន ក្នុងដីក៏បាននិងស៊ីសត្វល្អិតជាអាហារ។ ពលរដ្ឋនៅតាមខេត្តមួយចំនួនចាប់សត្វប្រភេទនេះ យកទៅធ្វើជាម្ហូបដូចជា ប្រឡាក់ទុកអាំង  ខរ និងស្លម្ជូរជាដើម។ 



គីង្គក់៖ ជាសត្វរស់នៅលើកគោក វានៅក្នុងក្រុមជាមួយសត្វកង្កែប និងហ៊‌ីង បើនិយាយពីសត្វប្រភេទនេះ មានអ្នកបរិភោគច្រើនជាង សត្វហ៊‌ីង និងអាចយកទៅច្នែបានជាម្ហូបច្រើនប្រភេទ។ គេអាចរកវាបាន នៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅពេលព្រលប់ ឬយប់។ 

ក្រឡនតន៖ ជាសត្វមួយប្រភេទ មានសណ្ឋានប្រហែលកង្កែប តែវាមានខ្លួនតូចៗមិនធំទេ។  ក្រឡនតនត្រូវបានគេយកទៅប្រហាលឱ្យក្រៀម ដើម្បីអាំង និងយកទៅបំពងលក់តាមផ្លូវសាធារណៈ។ 



ដុកឌឿ៖ ក៏ជាអាហារដែលពេញនិយមដាក់លក់នៅតាមទីសាធារណៈមួយចំនួន នៅពេលល្ងាចៗនៅក្នុងទីក្រុងភ្នំពេញ។ ដុកឌឿជាខ្លួនដង្កូវនាង ដែលបញ្ចេញសូត្រអស់ពីខ្លួនហើយក្លាយទៅជាបែបនេះ។ ពលរដ្ឋនិយម យកវាលីងដើម្បីបរិភោគ៕


 

ព័ត៌មានទាក់ទង