អ្នកជំនាញ៖ ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត ចំណេញពេលវេលា បានទិន្នផលខ្ពស់ តែអត្រាបង្កកំណើតទាប

28/07/2021 2:00 pm ភ្នំពេញ

ដោយ៖ ខន ណារី

ភ្នំពេញ៖ បច្ចុប្បន្នវិស័យចិញ្ចឹមសត្វនៅកម្ពុជា កាន់តែជឿនលឿន ដែលបច្ចេកទេសចិញ្ចឹមកាន់តែរីកចម្រើន និងធ្វើឱ្យវិធីសាស្រ្តបង្កាត់ពូជបែបសិប្បនិម្មិត កំពុងពេញនិយមក្នុងផលិតកម្មសត្វ។ អ្នកជំនាញ អះអាងថា ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត អាចឱ្យអ្នកចិញ្ចឹមចំណេញពេល និងទទួលបានទិន្នផលខ្ពស់ ប៉ុន្តែអត្រាបង្កកំណើតធ្លាក់ចុះ។   

ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត គឺជាការយកស្ពែម របស់មាន់ឈ្មោល ចាក់បញ្ជូលក្នុងមេមាន់ ធ្វើឱ្យមេមាន់ពងជារៀងរាល់ថ្ងៃ ដើម្បីយកទៅភ្ញាស់។ ការបង្កាត់ពូជសិប្បនិម្មិត ជាបច្ចេកទេសថ្មីមួយ ក្នុងដំណើរការចិញ្ចឹមមាន់។ កសិករ ដែលប្ដូរការចិញ្ចឹមមាន់តាមបែបធម្មជាតិ មកប្រើវិធីសាស្រ្តបង្កាត់ពូជមាន់បែបសិប្បនិម្មិត ងាយស្រួលក្នុងការគ្រប់គ្រងការបង្កកំណើតរបស់សត្វមាន់។

លោក រស់ ឆាំងគី អ្នកជំនាញផ្នែកចិញ្ចឹមសត្វ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត មានគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ គុណសម្បត្តិនៃការបង្កាត់ពូជមាន់បែបសិប្បនិម្មិត គឺកសិករអាចកាត់បន្ថយពេលវេលា ក្នុងផលិតកម្មចិញ្ចឹមមាន់ ទទួលបានទិន្នផលខ្ពស់ ស្រួលគ្រប់គ្រងអត្រាបង្កកំណើត និងងាយតាមដានសុខភាពមាន់ពូជ។

ការតាមដានសុខភាពមាន់មេពូជ ជាការចាំបាច់ ក្នុងដំណើរការបង្កាត់ពូជបែបសិប្បនិម្មិត ព្រោះបាមាន់មួយក្បាល អាចបង្កាត់ពូជបានយ៉ាងច្រើន ៣ដង ក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងទទួលបានអត្ថប្រយោជន៍ ការបង្កាត់ពូជមាន់សិប្បនិម្មិត ក៏អាចបង្កហានិភ័យខ្លះដែរ។ អ្នកជំនាញរូបនេះ លើកឡើងបែបនេះ៖«ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត ធ្វើឱ្យអត្រាបង្កកំណើតទាប ធ្វើឱ្យមានពងមាន់មិនញាស់ច្រើន។ មាន់មានអត្រាឈឺ កម្រិតខ្ពស់ ជាងមាន់ដែលញាស់តាមបែបធម្មជាតិ»។

ដ្បិតវិធីសាស្រ្តបង្កាត់ពូជមាន់បែបសិប្បនិម្មិតមានហានិភ័យ ប៉ុន្តែអ្នកចិញ្ចឹមមាន់បច្ចុប្បន្ន ភាគច្រើនបានជ្រើសរើសវិធីសាស្រ្តនេះ ព្រោះចំណេញច្រើនជាងការចិញ្ចឹមបែបធម្មជាតិ។ ដើម្បីបង្កាត់ពូជមាន់បែបសិប្បនិម្មិតទទួលបានជោគជ័យ ត្រូវកំណត់អាយុមាន់ដែលយកមកបង្កាត់ពូជឱ្យបានត្រឹមត្រូវ។ លោក រស់ ឆាំងគី បន្តថា មេមាន់ដែលអាចយកមកបង្កាត់ពូជបែបសិប្បនិម្មិតបាន ត្រូវមានអាយុចាប់ពី ៦ខែ ឡើងទៅ។ ចំណែក មាន់ឈ្មោល ត្រូវមានអាយុចាប់ពី ៨ខែ និងមានទម្ងន់ប្រមាណ ២.៥គីឡូក្រាម៕
 
 

 

ព័ត៌មានទាក់ទង